ខេត្តកំពង់ស្ពឺ ៖ នៅលើផ្លូវជាតិលេខ៤៤ ខេត្តកំពង់ស្ពឺ ក្រុមការងារត្រួតពិនិត្យយានយន្តចល័តក្រសួង បានពិន័យយានយន្ត ដឹកលើសទម្ងន់ ចំនួន០៦គ្រឿង នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ នេះបើយោងតាមផេក ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួងដឹកនាំដោយឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តចល័ត សហការជាមួយស្ថានីយជញ្ជីងអចល័ត កណ្តោលដុំ ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅលើផ្លូវជាតិលេខ៤៤ គ.មលេខ៣+៥០០ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ជាក់ស្តែង ជាលទ្ធផល បានត្រួតពិនិត្យយានយន្តចំនួន០៦គ្រឿង មានបិទឡូហ្គោ TH,TS ផ្ទុកទម្ងន់សរុបចន្លោះពី៤៩តោន ដល់៧២តោន លើសទម្ងន់អនុញ្ញាតចន្លោះពី៩តោនដល់៣២តោន ។

ឆ្លៀតឱកាសនេះ ឯកឧត្តមប្រធាន បានអប់រំណែនាំ ដល់ម្ចាស់យានយន្តល្មើសខាងលើត្រូវចូលរួមគោរពច្បាប់ កុំដឹកលើសទម្ងន់កម្រិតកំណត់បែបនេះបន្តទៀត ព្រោះការដឹកលើសទម្ងន់របស់បងប្អូន គឺបានធ្វើឱ្យខូចខាតដល់ផ្លូវថ្នល់យ៉ាងខ្លាំង មិនតែប៉ុណ្ណោះ បងប្អូនក៏ត្រូវរងការពិន័យជាប្រាក់ផងដែរ ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមរម្លឹកថា ក្រុមការងារត្រួតពិនិត្យយានយន្តចល័តចម្រុះ នៅតែបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ ៕



ចែករំលែកព័តមាននេះ