ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​នយោបាយ​ផ្ទៃក្នុង​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក ឆៀ​រី ម៉ា​ធូ (Thierry MATHOU) ប្រធាន​នាយកដ្ឋាន​អាស៊ី​ និង​អូសេ​អា​នី​នៃ​ក្រសួង​អឺរ៉ុប​ និង​ការ​បរទេស​បារាំង បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថាន​ភាព​នយោបាយ​ផ្ទៃក្នុង​កម្ពុជា…

រាជធានី​ភ្នំពេញ​៖ លោក ឆៀ​រី ម៉ា​ធូ (Thierry MATHOU) ប្រធាន​នាយកដ្ឋាន​អាស៊ី​ និង​អូសេ​អា​នី​នៃ​ក្រសួង​អឺរ៉ុប​ និង​ការ​បរទេស​បារាំង បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថាន​ភាព​នយោបាយ​ផ្ទៃក្នុង​កម្ពុជា ជា​ពិសេស​នៅ​ពេល​ជិត​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​​នៅ​ខែកក្កដា ​ឆ្នាំ​២០១៨​ខាង​មុខ​។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​ការ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក ឆៀ​រី ម៉ា​ធូ ​នៅ​កម្ពុជា​ចុះ​ថ្ងៃ​​ទី​២៨ វិច្ឆិកា នេះ បាន​ឲ្យ​ដឹង​ថា ​លោក​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​​ពី​ថ្ងៃ ២៧-២៨ វិច្ឆិកា ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​បាន​ពិភាក្សា​ការងារ​ជា​មួយ​អាជ្ញាធរ​កម្ពុជា ព្រមទាំង​តំណាង​គណបក្សប្រឆាំង សង្គម​ស៊ី​វិល និង​សហគមន៍​អន្តរជាតិ​ផង​ដែរ​។

​ក្នុង​កិច្ច​ពិភាក្សា​នោះ​បាន​ផ្តោត​ជា​ពិសេស​ទៅ​លើ​ទំនាក់ទំនង​ទ្វេភាគី និង​ស្ថានភាព​នយោ​បាយ​នៅ​កម្ពុជា​បច្ចុប្បន្ន ភាព​យូរអង្វែង និង​គុណភាព​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា​-​បារាំង ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​នានា​។ សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា លោក ឆៀ​រី ម៉ា​ធូ បាន​រំលឹក​ពី​ប្រទេស​បារាំង មានការ​ព្រួយបារម្ភ​ស្ថានភាព​នយោ​បាយ​ផ្ទៃក្នុង​កម្ពុជា ខណៈ​ការ​បោះ​ឆ្នោត​កាន់តែ​ខិត​ជិត​មក​ដល់​។

​លោក​ឆៀ​រី ម៉ា​ធូ បញ្ជាក់​ថា​៖ «​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណ​បក្ស​ប្រឆាំង​​ដ៏​ធំ​ជាងគេ ការ​ចាប់ខ្លួន​ និង​ការ​ឃុំខ្លួន​មេដឹកនាំ​គណបក្ស​នេះ រួម​ទាំង​ការ​ហាម​ឃាត់​​សមាជិក​គណបក្ស​ចំនួន​១១៨​រូប ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ បាន​ចោទ​ជា​បញ្ហា​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​។

​លោក​ប្រធាន​នាយកដ្ឋាន​របស់​បារាំង​រូប​នេះ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចូលរួម​សារ​​ជា​ថ្មី ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ ហើយ​អនុញ្ញាត​ឲ្យ​តំណាង​គណបក្សប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ី​វិល ដំណើរការ​ដោយ​គ្មាន​ការ​រារាំង​។ ទាក់ទិន​នឹង​ការ​ឡើង​​ខាងលើ​នេះ​កោះសន្តិភាព​មិន​អាច​សុំ​ការ​ត្ថា​ធិ​ប្បាយ​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បាន​​ទេ​។

​ទោះ​យ៉ាង​ក្តី​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​មាន​ប្រសាសន៍​ថា «​អ្វី​ដែល​កម្ពុជា​ធ្វើ​ គឺ​ធ្វើ​តាម​ច្បាប់​»​។ មន្ត្រី​ដដែល​ថា ​កម្ពុជា​អធិបតេយ្យភាព​ពេញលេញ​មិន​អាច​​អោយ​បរទេស​មក​ត្រួ​តត្រា​បាន​នោះ​ទេ​។ សម្តេច​តេ​ជោ​ ហ៊ុន ​សែន ធ្លាប់​មាន​ប្រសាសន៍​​ថា ​កម្ពុជា​ធ្វើ​តាម​ច្បាប់​របស់​ប្រទេស ហើយ​ប្រទេស​ដទៃ​មិន​អាច​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​បាន​ទេ​។ សូម​បញ្ជាក់​ថា ប្រទេស​បារាំង​ក៏​ជា​ប្រទេស​ផ្តល់​ជំនួយ​មក​កម្ពុ​ជាមួយ​ដែរ ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ