ខេត្តកំពង់ស្ពឺ ៖ កាលពីវេលាម៉ោង០៨នឹង២៥នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០១-១០២ ត្រង់ចំណុចភូមិទី៦ ដោយមានរថយន្តមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣B-៦៣១៨ អ្នកបើកបរមិនស្គាល់ឈ្មោះបានចុះរត់គេចខ្លួនបាត់ ។

នៅមុនពេលកើតហេតុរថយន្តខាងលើបានបើកពីទិសខាងកើតទៅទិសខាងលិចមកដល់ចំណុចខាងលើបានបុកជាមួយរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ ២AE-៩០១៨ បើកបរដោយឈ្មោះ ស ងួន ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិសន្សំកុសល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបើកបរបញ្ច្រាសទិសគ្នា ហើយក៏បានជ្រុលចង្កូតទៅបុកតូបលក់ដូរដែលនៅខាងជើងផ្លូវបន្តទៀត បណ្តាលឱ្យអ្នកបើកបររថយន្តឡិចស៊ីសរងរបួសស្រាល និងឈ្មោះ បុទុម សូហ្វីយ៉ា អាយុ៤៦ឆ្នាំ ជាប្រពន្ធស្លាប់ និងឈ្មោះ ស នេសា ភេទស្រី អាយុ១២ឆ្នាំ ជាកូនរបួសធ្ងន់ និងម្ចាស់តូបឈ្មោះ ញ៉ឹក ចន្ធី ភេទស្រី អាយុ៣៤ឆ្នាំ និងឈ្មោះ ញ៉ឹក ចន្ធា ភេទស្រីអាយុ២៨ឆ្នាំ ជាបងប្អូនបង្កើត នៅភូមិទី៦ រងរបួសធ្ងន់ទាំង២នាក់ រថយន្តខូចខាតធ្ងន់ទាំង២គ្រឿង ៕


ចែករំលែកព័តមាននេះ