ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ជា​ច្រើន​វិនិយោគ​ការ​អប់រំ​របស់​កូន​ជាមួយ​សាលា​ឯកជន

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ថវិកាជាតិ​សម្រាប់​ចំណាយ​​លើ​វិស័យ​អប់រំ​ត្រូវ​រាជរដ្ឋាភិបាល​បង្កើន​ជា​បន្តបន្ទាប់​ដើម្បី​ពង្រឹង​វិស័យ​អប់រំ​សាធារណៈ ក៏​ដូច​ជា​ការ​ដំឡើង​បៀវត្ស​ជូន​គ្រូបង្រៀន​ផង​ដែរ ។ តួយ៉ាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៨ ដែល​រដ្ឋសភា​បោះ​ឆ្នោត​អនុម័ត​កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា​រាជរដ្ឋាភិបាល​បាន​រៀបចំ​ខ្ទង់ចំណាយ​ថវិកា​សម្រាប់​ក្រសួង​អប់រំ​ចំនួន​៣.៤៣៨.០០៧,៥ លាន​រៀល (​ប្រមាណ​ជាង​៨៤៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក​)…

រាជធានី​ភ្នំពេញ ៖ សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ថវិកាជាតិ​សម្រាប់​ចំណាយ​​លើ​វិស័យ​អប់រំ​ត្រូវ​រាជរដ្ឋាភិបាល​បង្កើន​ជា​បន្តបន្ទាប់​ដើម្បី​ពង្រឹង​វិស័យ​អប់រំ​សាធារណៈ ក៏​ដូច​ជា​ការ​ដំឡើង​បៀវត្ស​ជូន​គ្រូបង្រៀន​ផង​ដែរ ។

តួយ៉ាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៨ ដែល​រដ្ឋសភា​បោះ​ឆ្នោត​អនុម័ត​កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា​រាជរដ្ឋាភិបាល​បាន​រៀបចំ​ខ្ទង់ចំណាយ​ថវិកា​សម្រាប់​ក្រសួង​អប់រំ​ចំនួន​៣.៤៣៨.០០៧,៥ លាន​រៀល (​ប្រមាណ​ជាង​៨៤៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក​) ដែល​មាន​ចំនួន​ខ្ទង់​ចំណាយ​​ច្រើន​ជាងគេ នាំមុខ​លើ​វិស័យ ផ្សេង​ៗ​ទៀត ដែល​ឆ្លុះ​បញ្ចាំង​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​វិស័យ​អប់រំ​របស់​រដ្ឋ​យ៉ាង​ខ្លាំងក្លា​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​។

កាលពី​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​ក៏​បាន​សម្រេច​បង្កើន​ចំណាយ​ថវិកា​លើ​វិស័យ​អប់រំ​ចំនួន​​ប្រមាណ​ជាង​៦៨៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ចំណែក​ប្រាក់បៀវត្ស​គ្រូបង្រៀន​ក៏​ត្រូវ​បាន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ដំ​ឡើងជា​បន្តបន្ទាប់​ដូច​ជា​ឆ្នាំ​២០១៦ គ្រូបង្រៀន​មាន​ប្រាក់ខែ​ទាប​បំផុត​៨០០៥០០​រៀល ។ ដល់​ខែមករា ឆ្នាំ​២០១៧ ឡើង​ដល់​៨៥៣៥០០​រៀល​ទាប​បំផុត​។ រហូត​ដល់​ខែមេសា ឆ្នាំ​២០១៧ នេះ​ប្រាក់ខែ​គ្រូបង្រៀន​បាន​ឡើង​ដល់ ៩៥៣. ៥០០​រៀល ។ រាល់​ការ​ឡើង​ប្រាក់ខែ​គ្រូបង្រៀន​ជា​បន្តបន្ទាប់​នេះ គឺ​មិន​ទាន់​គិត​ប្រាក់​តំបន់​ដែល​មាន​៨​ម៉ឺន​រៀល ១០​ម៉ឺន និង​១២​ម៉ឺន​រៀល​។ ។ បើ​ធៀប ឆ្នាំ​២០១៣ បៀវត្ស​គ្រូបង្រៀន​មាន​ត្រឹមតែ ៤០០.០០០​រៀល​ប៉ុណ្ណោះ ។

ក្នុង​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន​ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ​«​គ្រូបង្រៀន​ជា​វិស្វករ​ព្រលឹង​នៃ​យុវជន​ជំនាន់​ក្រោយ​» កាលពី​ខែតុលា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា​ប្រាក់ខែ​គ្រូបង្រៀន​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​នឹង​កើនឡើង​ដល់​ជាង​១​លាន​រៀល​ទាប​បំផុត ។

សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​មានការ​ពន្យារពេល​ចូល​និវត្តន៍​របស់​គ្រូបង្រៀន​ដែល​ពី​មុន​អាយុ​ចូល​និវត្តន៍​គឺ​ត្រឹមតែ​អាយុ​៦០​ឆ្នាំ តែ​ពេល​នេះ​សម្តេច​តេ​ជោ បាន​សុំ​ឲ្យ​ពន្យារ​ដល់​អាយុ​៦៥​ឆ្នាំ​វិញ ពីព្រោះ​វ័យ​នេះ​គឺ​លោកគ្រូ​អ្នកគ្រូ​កំពុង​តែ​មាន​ថាមពល​ខ្លាំង​ក្លា ហើយ​ជាមួយ​គ្នា​នេះ​ដែរ សម្តេច​តេ​ជោ​ស្នើ​សុំ​ឱ្យ​ក្រសួង​ពាក់​ព​ន្ធ័​នានា ជា​ពិសេស​ក្រសួង​មុខងារសាធារណៈ​កែសម្រួល​ចំពោះ​បញ្ហា​នេះ ។

ងាក​មក​សេដ្ឋកិច្ច​កម្ពុជា​វិញ គឺ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រង្វង់​៧% ជា​រៀង​រាល់​ឆ្នាំ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​អប់រំ ។ យ៉ាងណាមិញ បើ​ទោះ​បី​រដ្ឋាភិបាល​បាន​បោះទុន​វិនិយោគ​លើ​វិស័យ​ដោយ​ការ​បង្កើន​ថវិកាជាតិ​ជា​បន្ត​បន្ទាប់​​ដើម្បី​ពង្រឹងគុណភាព​អប់រំ​នៅ​តាម​សាលា​រដ្ឋ ប៉ុន្តែ​អាណាព្យាបាល​មួយ​ចំនួន​ធំ ទោះបី​ស្ថិត​ក្នុង​កម្រិតជីវភាព​ធ​ម្យ​ម ខិតខំ​បេះ​ពី​មាត់​ពី​ក បញ្ជូន​កូន​ទៅ​រៀន​នៅ​សាលា​ឯកជន​ដែល​ចំណាយ​ច្រើន​ជាង​កា​រប​ញ្ជួ​ន​កូន​ទៅ​ទទួល​ការ​អប់រំ​នៅ​សាលា​រដ្ឋ​នោះ ។

មាតាបិតា​សិស្ស​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ថ្មី​ៗ​នេះ​លើក​ឡើង​ថា​ពួក​គាត់​ជឿ​ថា​នៅ​សាលា​ឯកជន​ការ​បង្រៀន​មានគុណ​ភាព​ជាង​សា​សា​រដ្ឋ ដូច្នេះ​ពួក​គាត់​សុខចិត្ត​ចំណាយ​​លុយ ធ្វើការ​វិនិយោគ​អនាគត កូន​ៗ​ជាមួយ​សាលា​ឯកជន ។

អ្នក​ស្រី​ពុធ ធានី អ្នកលក់​គ្រឿងទេស​ម្នាក់​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ដែល​បាន​បញ្ជូន​កូន​ឱ្យទៅ​រៀន​នៅ​សាលា​ឯកជន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា​ក្នុង មួយ​ឆ្នាំ​ៗ អ្នកស្រី​ចំណាយ​ទៅ​លើ​ការ​សិក្សា​របស់​កូន​ប្រមាណ​ជិត​មួយ​ពាន់​ដុល្លារ បូក​រួម​ទាំង​ការ​រៀន​ភាសា​អង់គ្លេស ។ ក្រុម​គ្រួសារ​អ្នកស្រី​បាន​បញ្ជូន​កូន​ឱ្យទៅ​រៀន​នៅ​សាលា​ឯក​ជន​មួយ​នៅ​ក្រុងភ្នំពេញ រយៈពេល​៤​ឆ្នាំ​មក​ហើយ ដែល​ពេល​នេះ​កូនស្រី​របស់​អ្នកស្រី​រៀន​ថ្នាក់​ទី​១០ នៅ​សាលា​សុវណ្ណ​ភូមិ ។

អ្នកស្រី​ពុធ ធានី បន្ត​ថា​៖ «​បន្ទុក​ធ្ងន់​វា​ធ្ងន់​ហើយ តែ​ធ្វើ​ម៉េច​ដើម្បី​ឱ្យ​កូន​ចេះ​» ។ ស្ត្រី​វ័យ​៤៦​ឆ្នាំ​រូប​នេះ បាន​ប្រាប់​បន្ត​ថា​ការ​បញ្ជូន​កូន​ទៅ​សាលា​ឯកជន​ដោយ​ការ​វិនិយោគ​ច្រើន មិនមែន​អ្នកស្រី​មិន​ទុកចិត្ត​គុណភាព​អប់រំ​នៅ​សាលា​រដ្ឋ​នោះ​ទេ ប៉ុន្តែ​អ្នកស្រី​មិន​ទុក​ចិត្តការ​បង្រៀន​របស់​គ្រូ និង​ការ​យកចិត្តទុកដាក់​ចំពោះ​សិស្ស ។

អ្នកស្រី​ពុធ ធានី បញ្ជាក់​ថា​៖ «​ពេល​ខ្លះ​យើង​អត់​មាន​ពេល​តាមដាន​កូន​ទេ បើ​នៅ​សាលា​ឯកជន​ឧទាហរណ៍​ថា​វា​បាត់ មួ​​យ​ម៉ោង ពីរ​ម៉ោង​អី គ្រូ​តេ​មក​សួរ​យើង ថា​កូន​យើង​អត់​ឃើញ​ទៅ​រៀន បើ​នៅ​សាលា​រដ្ឋ​ទោះ​បាត់​មួយ​អាទិត្យ​អី ក៏​គ្រូ​អត់​មាន​ទាក់ទង​មក​យើង​ទេ ។ នៅ​តាម​របង​សាលា​អី​មាន ក្មេង​ៗ​ជក់​ម៉ា (​គ្រឿងញៀន​) យើង​សុខចិត្ត​ចំណាយ​លុយ​ឱ្យ​កូន​ទៅ​រៀន​នៅ​សាលា​ឯកជន​វិញ ។ យក​ទៅ​ដាក់​នៅ​សាលា​ឯកជន​ទៅ គេ​មើល​បាន​ដិត​ដល់ ចេញពី​រៀន​មក​ផ្ទះ​គឺ​ធានា​សុវត្ថិភាព​» ។

បើ​និយាយ​ពី​គុណភាព​អប់រំ​វិញ អ្នកស្រី​ធានី យល់​ថា​គឺ​ប្រហាក់ប្រហែល​គ្នា តែ​នៅ​សាលា​រដ្ឋ​ទាមទារ​ឱ្យ​រៀន​គួរ​ក្រៅ​ម៉ោង​ច្រើន​ទើប​សិស្ស​ចាប់​បាន ។

ចំណែក​លោក​ប៊ី វី បាន​បញ្ជូន​កូន និង​ក្មួយ​បី​នាក់​ទៅ​រៀន​ទាំង​សាលា​ឯកជន និង​សាលា​រដ្ឋ​ព្រម​គ្នា ។ ក្នុង​មួយ​ឆ្នាំ​លោក ត្រូវ​ចំណាយ​លើ​ការ​សិក្សា​របស់​កូន តូច​ៗ​ទាំង​បី​ប្រមាណ​​ជាង​មួយ​ពាន់​ដុល្លារ ដោយ​មិន​គិត​ពី​ការ​ចំណាយ​នៅ​សាលា​រដ្ឋ​នោះ​ទេ ។ បើ​ទោះបីជា​លោក​ត្រូវ​ទទួល​បន្ទុក​រ៉ាប់រង​ការ​ចំណាយ​របស់​កូន និង​ក្មួយ​ក៏​ដោយ ប៉ុន្តែ​លោក​អាច​រ៉ាប់រង​បាន ។

យ៉ាងណាមិញ លោក​មាន​បំណង​ឈប់​បញ្ជូន​កូន​ទៅ​សាលា​រដ្ឋ​បន្ត​ទៀត ប្រសិនបើ​គ្រូ​មិន​យកចិត្តទុកដាក់ ហើយ​មួយវិញទៀត​គុណភាព​នៃ​ការ​អប់រំ​រវាង​សាលា​រដ្ឋ និង​ឯកជន​ក៏​ខុស​គ្នា​ផង​ដែរ ។

លោក​ប៊ី វី បន្ត​ថា​៖ «​គុណភាព​អប់រំ​នៅ​សាលា​រដ្ឋ និង​ឯកជន​ខុស​គ្នា គុណភាព​នៅ​សាលា​ឯកជន​គាត់​មានគុណ​ភាព​ខ្ពស់​ជាង​សាលា​រដ្ឋ​ដោយសារ​៖ ទី​១-​គាត់​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​បង្រៀន ទី​២-​ក្នុង​មួយ​ថ្នាក់​សិស្ស​អត់​ដល់​៤០​នាក់​ទេ បើ​នៅ​សាលា​រដ្ឋ​កូនប្រុស​កូនស្រី​ខ្ញុំ​ទាំង​បី​នាក់​រៀន​នៅ​ថ្នាក់​ទី​១​ទាំងអស់​គ្នា​រៀន​រហូត​៤៨​នាក់ អ៊ី​ចឹ​ង​ការ​យកចិត្តទុកដាក់​វា​ថយ​មែនទែន » ។

លោក​ប៊ី រី បាន​សំណូមពរ​ឱ្យ​រដ្ឋាភិបាល គិតគូរ​បន្ថែម​ទៀត​ទៅ​លើ​ការ​អប់រំ​សិស្ស​នៅ​សាលា​រដ្ឋ ចំពោះ​ការ​ប្រមូលប្រាក់​ប្រចាំ​ថ្ងៃ និង​ការ​លក់​ចំណី​នៅ​ក្នុង​ថ្នាក់ ព្រមទាំង​បន្ថែម​​ប្រាក់ខែ​ឱ្យ​គ្រូបង្រៀន​ឱ្យ​បាន​សមរម្យ ដើម្បី​ឱ្យ​គិតគូរ​ពង្រឹងគុណភាព​បង្រៀន ។
លោក​សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ឱ្យ​ដឹង​ថា និន្នាការ​នៃ​ការ​បញ្ជូន​កូន​ឱ្យទៅ​រៀន​នៅ​សាលា​ឯកជន​នេះ មិនមែន​តែ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ នៅ​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ ដូច​ជា​ឡាវ វៀតណាម​ជាដើម​ក៏​មាន​ទំនោរ​បែប​នេះ​ដែរ ។ តែ​យ៉ាងណាមិញ​ទំនោរ​នេះ​ភាគច្រើន​មាន​តែ​នៅ​ទីក្រុង ឬ​ទីប្រជុំជន​ប៉ុណ្ណោះ ដែល​​ពួក​គេ​មាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​រៀន ។ មូលហេតុ​ដែល​ពួក​គេ​បញ្ជូន​កូន​ឱ្យ​រៀន​នៅ​សាលា​ឯកជន ដោយសារ​ពួក​គេ​គិត​ពី​ប្រព័ន្ធ​សុវត្ថិភាព ការ​យកចិត្តទុកដាក់​ក្នុង​ការ​បង្រៀន ។ លើស​ពី​នេះ​គុណភាព​បង្រៀន​នៅ​តាម​សាលា​រដ្ឋ ក៏​ជា​ចំណុច​មួយ​ដែល​អាណាព្យាបាល​បារម្ភ​ផង​ដែរ ។

លោក​សន ជ័យ បន្ថែម​ថា​៖ «​អ៊ីចឹង​អាណាព្យាបាល​ចង់បាន​តែ​រឿង​បី​ទេ គឺ​ទី​១-​កូន​គេ​រៀន​ទៅ​ចេះ​, ទី​២-​សុវត្ថិភាព និង​ទី​៣-​បរិយាកាស និង​ស្ថាន​ភាន​នៃ​ការ​រៀនសូត្រ​ហ្នឹង ។ ពេល​នោះ​ហើយ​លុយកាក់​លែង​សូវ​ជា​ឧបសគ្គ​របស់​គ្រួសារ​មួយ​ចំនួន​»​។

ចាប់តាំងពី​ឆ្នាំ​២០១៤​មក រដ្ឋាភិបាល​បាន​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា តាម​រយៈ​ការ​រឹត​បន្តឹង​នៅ​ពេល​ប្រឡង ។ រីឯ​ថវិកា​លើ​វិស័យ​មួយ​នេះ​បាន​បង្កើន​ជា​រៀង​រាល់​ឆ្នាំ ។ ជាក់ស្តែង ថវិកា​សម្រាប់​វិស័យ​អប់រំ​ឆ្នាំ​២០១៧​នេះ​បង្កើន​ចំនួន​ជិត​៣​ដង ក្នុង​អា​ណិ​ត្តិ​ទី​៥​នេះ ។

បែប​នេះ​ក្តី​លោក​សន ជ័យ មាន​ប្រសាសន៍​ថា បើ​ទោះបីជា​ថវិកាជាតិ​លើ​វិស័យ​អប់រំ​ត្រូវ​បាន​បង្កើន​ក៏​ដោយ នៅ​តែ​មិន​អាច​ធ្វើ​ឱ្យ​វិស័យ​អប់រំ​ប្រសើរ​ជាង​មុន​នោះ​ទេ ដោយសារ​តែ​ការ​បែងចែក​ថវិកា​នៅ​តាម​សាលារៀន នីមួយ​ៗ​មិន​ទាន់​មាន​តម្លាភាព ។

ដើម្បី​ធ្វើ​ឱ្យ​វិស័យ​អប់រំ​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​ជាង​មុន ក្រសួង​អប់រំ​យុវជន និង​កីឡា គួរតែ​បែងចែក​ថវិកា​ឱ្យ​មាន​តម្លាភាព ពង្រឹង​ការ​អប់រំ​តាំងពី​ថ្នាក់បឋមសិក្សា គួរតែ​កុំ​បែងចែក​ថវិកា​តាម​ចំនួន​សិស្ស តែ​បែងចែក​តាម​ស្ថានភាព​សាលា ។ បញ្ហា​ប្រាក់ខែ​គ្រូបង្រៀន​ទាប​ក៏​ជា​កត្តា​មួយ​ធ្វើ​ឱ្យ​គុណភាព​អប់រំ​នៅ​មាន​កម្រិត ហេតុនេះ​រដ្ឋាភិបាល​គួរតែ​គិតគូរ​ដំឡើង​ប្រាក់បៀវត្ស​ឱ្យ​បាន​សមរម្យ ។

ក្នុង​គោលបំណង​ឲ្យ កូន​ៗ​ទទួល​បានការ​អប់រំ​ល្អ មាតាបិតា​ភាគច្រើន​នា​ពេល​បច្ចុប្បន្ន​បាន និង​បញ្ជូន​កូន​ទៅ​សិក្សា​នៅ​សាលា​ឯកជន ដែល​ធ្វើ​ឲ្យ​ចំនួន​សិស្ស​នៅ​តាម​សាលា​រដ្ឋ​មួយ​ភាគ​មានការ​ធ្លាក់​ចុះ ។ ជាមួយនឹង​ការ​បញ្ជូន​កូន​ទៅ​សាលា​ឯកជន​ភាសា​អង់គ្លេស ឬ​ភាសា​ចិន​នោះ មាតាបិតា​ត្រូវ​បង្ខំចិត្ត​សម្រិតសម្រាំង​លើ​ការ​ចំណាយ ផ្សេង​ៗ​ទៀត ដើ​ម្ប​ទុក​លុយ​បង់ថ្លៃ​សាលា​ឲ្យ កូន​ៗ ។

លោក​មាស សុខ​លី អាយុ​៣៩​ឆ្នាំ ជា​អាជីវករ​លក់ដូរ​ម្នាក់​បាន​ដឹក​ដៃ​កូនប្រុស​តូច​របស់​គាត់​រង់ចាំ​នៅ​ខាងក្រៅ​ទីចាត់ការ​សាលា​បឋម​សិក្សា​ជាយក្រុង​មួយ ក្នុង​ខណ្ឌមានជ័យ​ដើម្បី​ចុះ​ឈ្មោះ​កូន​ទី​៤ របស់​គាត់​បាន​ចូល​រៀន​ថ្នាក់​ម​ត្តេ​យ្យ​នា​ឆ្នាំ​សិក្សា​២០១៧-​២០១៨ ក៏​បាន​លើក​ឡើង​ពី​ការ​អប់រំ​នៅ​សាលា​រដ្ឋ និង​សាលា​ឯកជន​មាន​ភាព​ខុស​គ្នា​ខ្លាំង​ណាស់​បើ​ទោះបី​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ​តែ​មួយ​ក៏​ដោយ ។

ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវយឺត​ដៃខ្លី និង​ខោ​ជើង​ខ្លី លោក​មាស សុខ​លី បាន​រៀបរាប់​ថា លោក​មានកូន​៤​នាក់​ក្នុង​បន្ទុកគ្រួសារ ។ កូន​ចំនួន​បី​នាក់ លោក​បាន​បញ្ជូន​ទៅ​កាន់​សាលា​​ឯកជន​ភាសា​ចិន (​ទួន​ហ្វា​) ព្រោះ​លោក​យល់​ថា​សាលា​នោះ​មានការ​អប់រំ​ល្អ​ជាង​សាលា​រដ្ឋ បើ​ទោះបីជា​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ក្តី តែ​គុណភាព​គ្រាន់បើ​ជាង​សាលា​រដ្ឋ ។ ដោយសារ​តែ​កូន​នៅ​តូច​ពេក និង​មិន​ទាន់​ចេះអក្សរ​ផង​លោក​មាស សុខ​លី បាន​សម្រេចចិត្ត​យក​កូនប្រុស​មក​ចុះ​ឈ្មោះ​ចូល​រៀន​សាលា​រដ្ឋ​សិន ពេល​រៀន​ដល់​ថ្នាក់​ទី​៥ ឬ​ទី​៦ ទើប​ឲ្យ​ទៅ​រៀន​នៅ​សាលា​ឯកជន​វិញ ។

លោក មាស សុខ​លី បញ្ជាក់​ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​មានការ​ពង្រឹងគុណភាព​នៅ​សាលា​រដ្ឋ​ដូច​សាលា​ឯកជន​គេ​ធ្វើ​ដែរ​។

សិស្ស​ភាគច្រើន​ចេញពី​សាលារៀន​រដ្ឋ​ទៅ​រៀន​សាលា​ឯកជន ព្រោះ​អាណាព្យាបាល​យល់​ថា​សាលា​រដ្ឋ មិនសូវ​មានគុណ​ភាព និង​គ្រប់គ្រង​មិនសូវ​ល្អ គ្រូ​ៗ​មាន​ប្រាក់ខែ​តិច​ពេក រដ្ឋាភិបាល​គួរ​គិតគូរ​ពី​ប្រាក់​គ្រូ​ឡើង​វិញ ។ ទោះបី​មានចំណេះ​ដឹងក្តី កាលណា​ជីវភាព​ខ្វះខាត​ហើយ តម្រូវការ​ច្រើន ទំនិញ​ថ្លៃ​តើ គ្រូ​ៗ​ពួក​គាត់​បង្រៀន​បែប​ណា ។

លោកគ្រូ​អ្នកគ្រូ​ក៏​ត្រូវ​ឲ្យ​តម្លៃ​ខ្លួនឯង​ចំពោះ​ការ​អប់រំ​ដែរ ។ រាជរដ្ឋាភិបាល​ត្រូវ​តែ​ពង្រឹង​គុណភាព​សិក្សា​នៅ​សាលា​រដ្ឋ ជាង​ឯកជន​។ បើ​មិន​ដូច្នេះ​ទេ​សិស្ស និង​គ្រូ​ទៅ​កាន់​សាលា​ឯកជន​អស់ ។ កម្រិតជីវភាព​គ្រូបង្រៀន​គឺ​ប្រាក់ខែ និង​តម្លៃ​ទំនិញ​មិន​សមភាព​គ្នា។ ពី​មុនគេ​ថា​គ្រូ​ម្នាក់​ប្រាក់ខែ​អាច​ចិញ្ចឹម​មនុស្ស​មួយ​គ្រួ​សារបាន តែ​ពេល​នេះ​គ្រូ​ម្នាក់​ចិញ្ចឹម​ខ្លួនឯង​មិន​រស់​ផង​»​។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នកគ្រូ​ម្នាក់​បង្រៀន​នៅ​សាលា​បឋម​សិក្សា​រដ្ឋ​មួយ​ក្នុង​ខណ្ឌ​មាន​ជ័យ​បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា គ្រូបង្រៀន​ជា​មន្ត្រីរាជការ​ដែល​មាន​កាតព្វកិច្ច​ខ្ពស់​បំផុត​លើសគេ ទទួលខុសត្រូវ​ក្នុង​ការ​ផ្តល់​ចំណេះដឹង​ដល់​កូនចៅ​ប្រជា​ពលរដ្ឋ​មិន​ប្រកាន់វណ្ណៈ ឬ​និន្នាការ​ន​យោ​យ​ទេ ។ តែបើ​ទោះបីជា​ប្រាក់ខែ​នៅ​មាន​កម្រិត​នៅ​តែ​គោរព​វិជ្ជាជីវៈ​ខ្លួន ទទួលខុសត្រូវ​ចំពោះ​ជាតិ និង​ប្រជាជន​ខ្លួន​ជា​ខ្មែរ ។

អ្នកគ្រូ​ថ្លែង​ថា​៖ «​បើ​គ្មាន​គ្រូ​ទេ កូន​ៗ​ប្រជាពលរដ្ឋ​សូ​ម្បី​តែ​អក្សរ ឬ​លេខ​មួយ​តួ​ក៏​មិន​ចេះ​ផង​» ។ វា​មាន​កត្តា​៣​យ៉ាង ដែល​អាច​ជំរុញ​ឲ្យ​សិស្ស​ម្នាក់​ក្លាយជា​ពលរដ្ឋ​ល្អ កូន​ល្អ​និង​មិត្ត​ល្អ ក្នុង​សង្គម គឺ​«​គ្រួសារ សាលារៀន​និង​សង្គម​»​។ ទោះបី​ខ្ញុំ និង គ្រូ​ៗ​ខំ​បង្រៀន​សិស្ស​​យ៉ាងណា តែ​នៅ​ពេល​កូន​គេ​រៀន​ចេះ​គេ​ថា​ពូជ​គេ​ល្អ តែ​ពេល​កូន​គេ​មិន​ចេះ​គេ​ថា​គ្រូបង្រៀន​មិនកើត ។ សូម​ឲ្យ​តម្លៃ​គ្រូ​ផង​កុំ​មើលងាយ​លោកគ្រូ អ្នកគ្រូ​អី ប្រយ័ត្ន​ខ្លី​វិជ្ជា​»​។

ដោយឡែក​លោក​អ៊ុ​ក សម្បត្តិ អនុប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ក្នុង​ពិធី​តែងតាំង​នាយករង​វិទ្យាល័យ​ជា​ស៊ី​ម​បឹង​កេងកង​កាលពី​ថ្ងៃ​ទី​៦ ខែតុលា ២០១៧​ថា​៖ មូលហេតុ​ដែល​សាលា​ឯកជន​មាន​សិស្ស​រៀន​ច្រើន​ជាង​សាលា​រដ្ឋ គឺ​គេ​គ្រប់គ្រង​អវត្តមាន​សិស្ស​បាន​ល្អ​ជាង​សាលា​រដ្ឋ ។ លោក​បាន​សំណូមពរ​ដល់​បុគ្គលិក​សិក្សា ឬ​លោកគ្រូ​អ្នកគ្រូ​ខិតខំ​ពង្រឹង​ចំណេះដឹង ការងារ​រដ្ឋបាល កិច្ចសហការ​គ្នា​ដើម្បី​ឲ្យ​ស្ថាន​ប័ន​អប់រំ​របស់​រដ្ឋ​ទទួល​បានការ​គាំទ្រ​ពី​សាធារណជន និង​បញ្ហា​អវត្តមាន និង​វត្តមាន​សិស្ស​ដើម្បី​រក្សា​សិស្ស​នៅ​សាលា​រដ្ឋ​បាន ដូច​ឯកជន​គេ​បាន​កំពុង​ធ្វើ​ដែរ ។

លោក​អ៊ុ​ក សម្បត្តិ បាន​ថ្លែង​ថា​៖ «​កាលណា​យើង​អាច​គ្រប់គ្រង​សិស្ស​បាន​អាណា​ព្យា​បាល​គេ​ទុកចិត្ត​លើក​យើង​ចង់​ឲ្យ​កូន​គេ​មក​រៀន​នៅ​សាលា​រដ្ឋ ។ មិន​ត្រូវ​បែងចែក​បក្ស​ពួក​នៅ​ក្នុង​សាលា ខិតខំ​ពង្រឹង​ភាសា​អង់គ្លេស និង​កុំព្យូទ័រ ការ​ស្រា​ជ្រាវ ។ បើ​គ្រូ​គ្មាន​ការ​ស្រាវជ្រាវ​ទេ​ទៅ​បង្រៀន​សិស្ស​យ៉ាងម៉េច​ទៅ​កើត​» ។

សម្រាប់​កម្មវិធី​សិក្សា​សាលា​រដ្ឋ​នៅ​កម្រិត​បឋម​មាន​រយៈពេល​៦​ឆ្នាំ (​ពី​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី​៦) និង​មធ្យមសិក្សា​៦​ឆ្នាំ (​ថ្នាក់​ទី​៧​ដល់ទី​១២)​។ ដោយ​ផ្អែក​លើ​គោលការណ៍​«​សិស្ស​ជា​មជ្ឈមណ្ឌល​» គឺ​មាន​ន័យ​ថា​សិស្ស​ធ្វើ​សកម្មភាព​រៀន​ច្រើន​ជាង​គ្រូ​ក្នុង​ថ្នាក់ ។

សម្រាប់​លទ្ធផល​នៅ​ឆ្នាំ​២០១៧​នេះ មាន​សិស្ស​ថ្នាក់​ទី​១២ ចំនួន​៦៣៦៦៨​នាក់ ស្មើនឹង​៦៣,៨៤%​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប ។ និទ្ទេស​A ចំនួន​៤២៤​នាក់ B​ចំនួន​២៤៦៤​នាក់ C ចំនួន​៥០០០​នាក់ D​ចំនួន​៩១២៣​នាក់ និង E ចំនួន​៤៦៦៥៧៧​នាក់ ។ តួលេខ​មិន​ផ្លូវការ​ចំនួន​គ្រូបង្រៀន​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​រហូត​ដល់​ពេល​នេះ​មាន​ប្រមាណ​ជាង​១០​ម៉ឺន​នាក់​កំពុង​បម្រើ​ការ ។

បើ​ទោះ​ការ​លើក​ឡើង​របស់​មាតាបិតា​សិស្ស​ចង់​ឲ្យ​មានការ​ពង្រឹងគុណភាព​សម្រាប់ សិស្ស​ទូទៅ​នៅ​សាលា​រដ្ឋ​ក្តី រដ្ឋាភិបាល​បាន​កំពុង​យកចិត្តទុកដាក់​ខ្លាំង​បំផុត​លើក​វិស័យ​សិក្សាធិការ​ជាតិ​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ពេល​កម្ពុជា​បាន​ធ្វើ​សមាហ​រណកម្ម​ចូល​សហគមន៍​អាស៊ាន ។ ចំពោះ​សាលា​ឯកជន​ត្រូវ​បាន​បង្កើត​ឡើង​ដូច​ផ្សិត​សម្រាប់​កូន​អ្នកមាន​ធនធាន​ចាប់ពី​បឋម​រហូត​ដល់​មហាវិទ្យាល័យ ជា​ជម្រើស​សម្រាប់​អ្នក​សិក្សា​នានា ។

ក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក​ថ្ងៃ​ទី​៥​តុលា សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​ខិតខំ​ជំរុញ​វិស័យ​នេះ​ឱ្យ​កាន់តែ​រីក​ចម្រើន​ឡើង ។

រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​អប់រំ គឺ​រួម​ទាំង​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន​ដែល​បាន​បង្កើត​សាលារៀន​រាប់​ពាន់​ដែល​កំពុង​បម្រើ​លើ​វិស័យ​នេះ​នៅ​ទូ​ទាំង​ប្រទេស ហើយ​កំពុង​បណ្តុះបណ្តាល​បុត្រាបុត្រី​ខ្មែរ​ប្រមាណ​ជាង​៣​លាន​នាក់។

វិស័យ​អប់​រំជា​វិស័យ​អាទិភាព​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល មាន​«​មនុស្ស ផ្លូវ ទឹក និង​ភ្លើង​»​ដែល​ពេល​នេះ​គឺ​ធនធានមនុស្ស​កំពុង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ស្ថិត​ក្នុង​រង្វង់​៧% និង​កំពុង​កើនឡើង​ថែម​ទៀត​ផង ៕

កែសម្រួលដោយ