ខេត្តសៀមរាប ៖ បុរសវ័យជាង៥០ឆ្នាំម្នាក់ដែលជាថៅកែផ្ទះម៉ាស្សាកោសជប់យីហោ «ស្រីល័ក្ខ» រួមទាំងនារីបំរើការក្នុងនោះចំនួន៤នាក់ត្រូវនគរបាលការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋានខេត្ដ ចាប់ឃាត់ខ្លួនក្នុងប្រតិបត្ដិការបង្ក្រាបមុខរបរកោសជប់ដែលមានលួចលាក់បំរើសេវាផ្លូវភេទ។ ការបង្គ្រាបទៅលើផ្ទះចាប់សរសៃរលួចលាក់បម្រើសេវាផ្លូវភេទនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៧ មីនា ឆ្នាំ២០១១ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរងនគរបាលខេត្ដ ទទួលបន្ទុកបង្ក្រាបបទល្មើស និងមានការចូលរួមពីលោកយិន ស្រាវ នាយកក្រឡាបញ្ជីសាលាដំបូងខេត្ដផងដែរ។
មន្ត្រីប៉ូលិសបាននិយាយថា បុរសដែលត្រូវចាប់ឃាត់ខ្លួននេះឈ្មោះហៀង ឆេងលី អាយុ៥៨ឆ្នាំ ជាម្ចាស់ផ្ទះម៉ាស្សាយីហោ «ស្រីល័ក្ខ» ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ផ្លូវបេនឡានចុងកៅស៊ូ។ លោកវរសេនីយ៍ទោ ស៊ុន ប៊ុនថង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋានខេត្ដ បានថ្លែងឱ្យដឹងថា ការបង្ក្រាបផ្ទះចាប់សរសៃលួចលាក់បម្រើផ្លូវភេទខាងលើនោះធ្វើឡើងបន្ទាប់ពីកម្លាំងសម្ងាត់របស់យើងបានឱ្យការណ៍មកថា ហាងម៉ាស្សានោះមានលួចបម្រើសេវាផ្លូវភេទដែលប្រឆាំងទៅនឹងច្បាប់ ហើយយើងក៏បានសុំគោលការពីថ្នាក់លើដើម្បីបង្ក្រាប។ នៅក្នុងប្រតិបត្ដិការបង្ក្រាបនោះ សមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញស្រោមអនាម័យប្រើប្រាស់រួចហើយចំនួនពីរ និងស្រោមមិនទាន់ប្រើចំនួនមួយផងដែរ ដែលជាវត្ថុតាងប្រព្រឹត្តការរួមភេទ។
លោកវរសេនីយ៍ទោបានបញ្ជាក់បន្ថែមថា ផ្ទះម៉ាស្សាស្រីល័ក្ខនេះមាននារីបំរើផ្លូវភេទពី៤ទៅ៦នាក់ និងមានបន្ទប់ចំនួន៦បន្ទប់ គឺ៤បន្ទប់នៅជាន់ក្រោម និង២បន្ទប់ នៅជាន់លើដែលមានបំពាក់ម៉ាស៊ីនត្រជាក់ ហើយសំរាប់ការចាប់សរសៃធម្មតាតម្លៃ៣ដុល្លារក្នុងមួយម៉ោង បើរួមភេទ គឺចាប់ពី១៥ដុល្លារក្នុងមួយលើក។ ចំណែកក្រុមនារីបម្រើការក្នុងផ្ទះម៉ាស្សាស្រីលក្ខ័បានប្រាប់សមត្ថកិច្ចថា នៅក្នុងសកម្មភាពបំរើផ្លូវភេទមួយលើកៗពួកនាងត្រូវបានម្ចាស់ផ្ទះកាត់ចំនួន៣ដុល្លារសម្រាប់បន្ទប់ធម្មតា និង៥ដុល្លារសម្រាប់បន្ទប់បំពាក់ម៉ាស៊ីនត្រជាក់។ អំពើនោះ គឺជាការចែកភោគផលបានមកពីអំពើពេស្យាចារដែលក្នុងច្បាប់ហៅថា ជាអំពើសញ្ចារកម្ម។ លោកស៊ុន ប៊ុនថង បានបន្ថែមថា បុរសជាម្ចាស់ផ្ទះម៉ាស្សានោះត្រូវបញ្ជូនខ្លួនទៅកាន់សាលាដំបូងនៅរសៀលថ្ងៃទី៨ មីនា ដើម្បីចាត់ការទៅតាមនីតិវិធី ដោយជាប់ពាក់ព័ន្ធនឹងអំពើសញ្ជារកម្ម។ដោយឡែកនារីទាំង៤នាក់បំរើការនៅក្នុងផ្ទះម៉ាស្សានោះ ប្រគល់ទៅឱ្យមន្ទីរសង្គមកិច្ច និងយុវនីតិសម្បទាខេត្ត ដើម្បីធ្វើការអប់រំ។
ខេត្ដសៀមរាប ត្រូវបានចាត់ទុកថា ជាតំបន់ប៉ូលនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាដោយសារតែខេត្ដនេះសំបូរទៅដោយរមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រធម្មជាតិ និងប្រាង្គប្រាសាទដ៏សំបូរបែប ពិសេសប្រាសាទអង្គរវត្ដបេតិកភណ្ឌពិភពលោក ដែលផ្ដល់ឱកាសសម្រាប់កម្ពុជា ផ្សព្វផ្សាយនូវវប្បធម៌ និងប្រពៃណីទំនៀមទំលាប់ដ៏ល្អផូផង់របស់ខ្លួនឱ្យប្រទេសលើពិភពលោកបានស្គាល់តាមរយៈភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។ ទន្ទឹមនោះគេនៅតែសង្កេតឃើញមានភាពអសកម្មមួយចំនួនកើតមាននៅក្នុងខេត្ដមួយនេះ មិនចេះចប់មិនចេះហើយ ក្នុងនោះដូចជាបញ្ហាចោរឆក់ ជាពិសេសបញ្ហាជូញដូរផ្លូវភេទជាដើម ធ្វើឱ្យសមត្ថកិច្ចជំនាញមានការលំបាកយ៉ាងខ្លាំងក្នុងការលុបបំបាត់។
យោងតាមប្រភពពីក្រុមសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធទៅនឹងសុខភាពផ្លូវភេទបានឱ្យដឹងថា មានផ្ទះស្ដ្រីបំរើសេវាផ្លូវភេទដោយផ្ទាល់ជាច្រើនកន្លែងនៅទូទាំងក្រុងទេសចរណ៍ប្រវត្ដិសាស្ដ្រសៀមរាប គឺមិនមែនមានតែហាងយីហោស្រីល័ក្ខមួយនេះទេជាពិសេស នៅតាមបណ្ដោយផ្លូវផ្សារញ៉ែ និងផ្លូវតាផុល សង្កាត់ស្វាយដង្គុំ ដែលនារីភាគច្រើនជាជនជាតិយួន។ ក្រៅពីនោះ ក៏នៅមានសកម្មភាពបំរើផ្លូវភេទដោយប្រយោលជាច្រើនប្រភេទទៀត ដែលបង្កប់នៅក្នុងហាងការហ្វេ និងក្លឹបរាត្រី ព្រមទាំងខារ៉ាអូខេហេតុម៉េចមិនឃើញចាប់សោះ។
សូមបញ្ជាក់ផងដែរថា ករណីបង្ក្រាបផ្ទះម៉ាស្សាយីហោ «ស្រីល័ក្ខ» ដែលលួចលាក់បម្រើផ្លូវភេទនេះ ជាករណីបង្ក្រាបរបរផ្លូវភេទលើកទី៣ ហើយក្នុងអំឡុងដើមឆ្នាំ២០១១ នេះ។ សមត្ថកិច្ចជំនាញបានប្ដេជា្ញថា នឹងប្រឹងប្រែងបន្ដអនុវត្ដផែនការបង្ក្រាបមុខរបរទាញទំលាក់សេចក្ដីថ្លៃថ្នូរ និងសីលធម៌សង្គមទាំងនេះឱ្យអស់ មិនបណ្ដែតបណ្ដោយឱ្យកើតមាននៅលើទឹកដីអង្គរតទៅទៀតទេ៕


ចែករំលែកព័តមាននេះ