រាជធានីភ្នំពេញ ៖ កម្លាំងសណ្ដាប់ធ្នាប់របស់សាលាខណ្ឌដង្កោ បានធ្វើការដកហូតកាំបិតផ្គាក់ចំនួន២៧០ ដែលប្រជាពលរដ្ឋដឹកតាមរថយន្តតាក់ស៊ី សំដៅទៅលក់នៅឯផ្សារអូរឫស្សី ទោះបីជាមិនមែនយកដើម្បីបង្កចលាចលក៏ដោយ ប៉ុន្តែដើម្បីធានាសុវត្ថិភាពនៅក្នុងពេលដែលតុលារកំពូលកំពុងបើកសវនាការរឿងក្ដីរំលាយគណបក្សសង្គ្រោះជាតិ ទើបត្រូវបានអភិបាលខណ្ឌដង្កោ លោកនុត ពុធដារ៉ា បញ្ជាឲ្យកម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌ ឃាត់ទុកបណ្ដោះអាសន្ន ហើយនិងប្រគល់ជូនម្ចាស់វិញនៅពេលក្រោយដ៏ខ្លីខាងមុខនេះ ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមួយរូបបានឲ្យដឹងថា ពិតជាមានការដកហូតកាំបិតផ្គាក់ចំនួន២៧០ដើម ពីប្រជាពលរដ្ឋពិតមែន ប៉ុន្តែមិនមែនខាងនគរបាលជាអ្នកដកហូតទេ គឺខាងកម្លាំងសណ្ដាប់ធ្នាប់របស់សាលាខណ្ឌ ដែលបញ្ជាដោយលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ។ សកម្មភាពដកហូតកាំបិតខាងលើនោះ បានធ្វើឡើង២ថ្ងៃជាប់គ្នា គឺកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា បានមួយចំនួន និងនៅវេលាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា បានមួយចំនួនទៀត នៅត្រង់ចំណុចជិតវត្តស្លែង ស្ថិតនៅក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ដែលគេនាំចូលមកលក់នៅរាជធានីភ្នំពេញជាធម្មតា មិនមែនជាឧបរណ៍សម្រាប់ប្រឆាំង ថ្ងៃកាត់ទោសបក្សប្រឆាំងទេ ។
ប្រភពដដែលបានបន្តទៀតថា កាំបិតផ្គាក់ទាំង២៧០ដើមនោះ ត្រូវបានប្រជាពលរដ្ឋ២នាក់ច្រកក្នុងបាវ រួចដឹកតាមរថយន្តតាក់ស៊ី ពីខេត្តតាកែវនិងកំពត ក្នុងបំណងយកទៅលក់នៅឯផ្សារអូរឫស្សីមួយចំនួន និងមួយចំនួនទៀតប្រាប់ថា ដើរលក់នៅតាមបណ្ដាភូមិស្រុកនានា ដែលពួកគាត់ធ្លាប់ដើរលក់ក្នុងពេលកន្លងមក មិនមានជាប់ពាក់ព័ន្ធទៅនិងសកម្មភាពល្មើសច្បាប់ណាមួយឡើយ ។
លុះពេលដឹកមកដល់ត្រង់ចំណុចជិតវត្តស្លែង ដែលជាគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌដង្កោ ឆែកឃើញក៏រាយការជូនលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ហើយលោកអភិបាលបានបញ្ជាឲ្យធ្វើការដកហូតរក្សាទុកជាបណ្ដោះអាសន្ននៅសាលាខណ្ឌ ដើម្បីធានាសន្តិសុខខ្លាចក្រែងមានជនឆ្លៀតឱកាសទិញយកទៅប្រើប្រាស់ក្នុងគោលដៅ បង្កភាពចលាចលណាមួយ ព្រោះជាពេលដែលតុលារកំពូលកំពុងបើកសវនាការរឿងក្ដីរំលាយគណបក្សសង្គ្រោះជាតិ ដោយពេលនោះបានធ្វើកំណត់ហេតុត្រឹមត្រូវ នឹងប្រគល់ជូនពួកគាត់វិញនៅពេលដ៏ខ្លីខាងមុខនេះដោយមិនបានឃាត់ខ្លួនម្ចាស់ទេ ៕

ចែករំលែកព័តមាននេះ