រាជធានីភ្នំពេញ ៖ នៅសល់ឱកាសការងារជាង ៨ម៉ឺនកន្លែងបន្ថែមទៀត កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

ក្រសួងការងារ បានឱ្យដឹងកាលពីយប់ថ្ងៃទី១២ ខែធ្នូថា នៅសល់ឱកាសការងារចំនួន ៨២ ៦៧៦កន្លែងបន្ថែមទៀត នៅទូទាំងរាជធានី-ខេត្តទាំង ២៥ កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីថៃ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើ ។ ការងារទាំងនោះ ស្ថិតក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម ។

ដើម្បីអាចទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចទាក់ទងទៅលេខទូរសព្ទ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យក្រសួងជួយសម្របសម្រួលស្វែងរកការងារជូន ។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានឱ្យដឹងដែរថា មកដល់ពេលនេះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃចំនួនជាង ៣០ម៉ឺននាក់ហើយ បានទទួលការងារធ្វើ តាមរយៈយន្ដការរបស់ក្រសួង។ ចំណែកឯបងប្អូនអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋាន ជាដើម៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ