ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​បរទេស​ជាង​មួយ​ម៉ឺន​នាក់​មក​លេង​កំសាន្ត​បុណ្យអុំទូក​៣​ថ្ងៃនេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​អះអាង​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ​ឆ្នាំ​នេះ បាន​រៀបចំ​ប្រព្រឹត្តិ​ទៅ​បាន​យ៉ាង​រលូន និង​ល្អ​ជាង​ឆ្នាំ​មុន​ៗ ដោយ​មាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​ចូលរួម មាន​ទឹកមុខ​សប្បាយ​រីករាយ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​អះអាង​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ​ឆ្នាំ​នេះ បាន​រៀបចំ​ប្រព្រឹត្តិ​ទៅ​បាន​យ៉ាង​រលូន និង​ល្អ​ជាង​ឆ្នាំ​មុន​ៗ ដោយ​មាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​ចូលរួម មាន​ទឹកមុខ​សប្បាយ​រីករាយ និង​មាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូលរួម​យ៉ាងច្រើន​កុះករ​។

លោក ថោ​ង ខុន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា​នេះ​ថា «​ទិដ្ឋភាព​រួម​ជា​ទូទៅ​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​ប្រពៃណី​ដ៏​ធំ​មួយ​នេះ មាន​ភ្ញៀវ​អន្តរជាតិ​ចូលរួម​ប្រមាណ​ជាង​មួយ​ម៉ឺន​បួន​ពាន់​នាក់ ។ ពួក​គាត់​មាន​ទឹកមុខ​សប្បាយ​រីករាយ និង​មាន​បរិយាកាស​សន្តិភាព មានការ​យោគយល់​សាមគ្គី​គ្នា ពោល​គឺ​សប្បាយ​រីករាយ​ជាមួយ​បរិយាកាស​ស្រុក​ទេស​មាន​ស្ថេ​រ​ភាព មាន​សន្តិភាព​ពេញលេញ និង​មានឱកាស​អភិ​វឌ្ឍន៍​រីក​ចំរើន​លើ​គ្រប់​វិស័យ​ដូច​ពេល​នេះ​»​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ការ​រៀបចំ​ឆ្នាំ​នេះ​មាន​ភាព​ប្លែក​ៗ បើ​ទោះជា​មាន​ទូក​ត្រឹមតែ​២៧០​ទូក កើនឡើង​២០​ទូក បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ ប៉ុន្តែ​បច្ចេកទេស​នៃ​ការ​រៀបចំ​ប្រណាំង​បាន​ល្អ ហើយ​ការ​រៀបចំ​ទទួល​កីឡាករ​ការ​ស្នាក់​នៅ ហូប​ចុក​ក៏​បាន​ល្អ មាន​របៀបរៀបរយ សណ្តាប់ធ្នាប់ សុវត្ថិភាព និង​សន្តិសុខ គឺ​ល្អ​បំផុត មានការ​គាំទ្រ​ពី​សាធា​រណជន​។ ដោយឡែក​សម្រាប់​ការ​ទទួលភ្ញៀវ​ជាតិ និង​អន្តរជាតិ​មិន​មានការ​កកស្ទះ​ណែន​ណាន់​ដូច​ពេល​មុន​ៗ​ឡើយ ចំពោះ​ភ្ញៀវ​អន្តរជាតិ​បាន​រៀបចំ​វេទិកា​ទទួល​ជា​ពិសេស​ឱ្យ​ទស្សនា​ពិធី​អុំទូក ដោយ​មាន​បក​ប្រែជា​៤​ភាសា និង​បំរើ​ភេសជ្ជៈ​ដោយ​ឥត​គិតថ្លៃ​ទៀត​ផង ។ ភ្ញៀវ​អន្តរជាតិ​ដែល​បាន​ចូលរួម​មាន​៖ ចិន កូរ៉េ ឥណ្ឌា អង់គ្លេស អា​មេ​រិ​កាំ​ង ច្រើន​ជាងគេ​គឺ​បារាំង​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា តាម​រយៈ​បុណ្យ​វប្បធម៌ និង​ជា​ប្រពៃណី​មួយ​នេះ ក៏​ជា​សមិទ្ធ​ផល​​ទេសចរណ៍​មួយ​ដ៏​ល្អ ដែល​បាន​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ទូ​ទាំង​ពិភព​លោក​ឱ្យ​បាន​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់​ថែម​ទៀត បន្ថែម​ពីលើ​កិច្ច​ខិតខំ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​នា​ពេល​កន្លង​មក និង​ជួយ​បង្កើន​ចំនួន​ទេសចរ​មក​កាន់​កម្ពុជា​ថែម​ទៀត​ផង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០១៧ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ ៣,៥៣៦.៥៣០​នាក់ កើនឡើង ១១.៨% ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ