ប្រទេសជប៉ុន ៖ បណ្តាសារព័ត៌មានជប៉ុនរាយការណ៍កាលពីថ្ងៃទី៣១ តុលា ថា ប៉ូលិសជប៉ុនបានរកឃើញសាកសពមនុស្ស៩នាក់ដែលត្រូវគេកាត់ដៃជើង និងកាត់ក្បាលដាក់ចូលក្នុងកេសនានានៅក្នុងផ្ទះមួយនាជាយក្រុងតូក្យូ ។
ប៉ូលិសក្រុងតូក្យូបានចាប់ខ្លួនបុរសអាយុ២៧ឆ្នាំម្នាក់ ដែលតាមបណ្តាសារព័ត៌មានថា ជននោះបានសារភាពពីការកាន់សាច់មនុស្សទាំងនេះ ដើម្បីយកទៅបោះចោលក្នុងគំនរសំរាម បន្ទាប់មកយកចំបើងរាយពីលើសាច់មនុស្សទាំងនេះក្នុងបំណងបិទបាំងភស្តុតាង ។
អ្នកនាំពាក្យម្នាក់នៃប៉ូលិសក្រុងតូក្យូគូសបញ្ជាក់ប្រាប់ AFP ថា បុរសនេះគ្រាដំបូងត្រូវចាប់ឃុំខ្លួនពីបទកាត់ដៃជើងសាកសពមនុស្សម្នាក់ដាក់ក្នុងទូកទឹកកកដែលការចោទប្រកាន់នេះ រួបគេពុំបដិសេធឡើយ ។ រូបគេនិយាយថា ខ្ញុំកាត់ដៃកាត់ជើងសាកសពមនុស្សមួយ ហើយយកទៅដាក់ក្នុងទូទឹកកក ហើយខ្ញុំយកចំបើងក្រាលឱ្យឆ្មាដេកទៅគ្របពីលើ ។ ខ្ញុំចង់លាក់មនុស្សដែលខ្ញុំបានសម្លាប់ ហើយបិទបាំងភស្តុតាង ។
យោងតាមសារព័ត៌មានក្នុងស្រុកថា ជនសង្ស័យបញ្ជាក់ប្រាប់ប៉ូលិសថា គេបានកាប់បណ្តាសាកសពជាកង់ៗដាក់ក្នុងអាងងូតទឹក ហើយយកដុំសាច់ និងសរីរាង្គទាំងឡាយទៅចោលក្នុងធុងសំរាម ។ រណារមួយត្រូវបានរកឃើញក្នុងផ្ទះនេះ ។
អ្នករស់នៅជិតខាងផ្ទះបុរសនេះម្នាក់និយាយថា វាពិតជាសាហាវព្រៃផ្សៃណាស់ គេប្រើរណារមួយកាត់ដៃកាត់ជើង និងកាត់សាច់មនុស្ស ។ វាជារឿងកម្រណាស់ដែលគេហ៊ានប្រព្រឹត្តសាហាវបែបនេះ ។
អាជ្ញាធរបានស៊ើបអង្កេតលើការបាត់ខ្លួននារីអាយុ២៣ឆ្នាំម្នាក់ ហើយរកឃើញទំនាក់ទំនងរវាងរូបនាង និងបុរសជាម្ចាស់ផ្ទះនេះ ។ នារីនេះបានសរសេរតាម TWITTER ថា ខ្ញុំរកនរណាម្នាក់ដើម្បីស្លាប់ជាមួយខ្ញុំ ។ យោងតាមព័ត៌មានឯទៀតៗ យុវជន និងនារីនេះបានទាក់ទងគ្នាតាមរយៈបណ្តាញអុីនធើរណេតមួយដែលមានព័ត៌មានទាំងឡាយពីការធ្វើអត្តឃាត ។ តាមទីភ្នាក់ងារព័ត៌មាន JIJI ថា ប៉ូលិសនៅនឹងកន្លែងបានរកឃើញក្បាលមនុស្ស២ក្នុងទូទឹកកកនៅមាត់ទ្វារចូលផ្ទះ ។ ពេលស៊ើបអង្កេតប៉ូលិសរកឃើញសាកសពមនុស្ស៩នាក់ក្នុងទូទឹកកកផ្សេងៗ ៕
ចែករំលែកព័តមាននេះ