ខេត្តឧត្តរមានជ័យ ៖ ទីអារាមរិទ្ធធារវ័នហៅវត្តអណ្តូង៣ ស្ថិតនៅក្នុងភូមិអណ្តូង៣ ឃុំអន្លង់វែង ស្រុកអន្លង់វែង ដែលមានផ្ទៃដីទំហំ៨៥ម៉ែត្រគុណ៣០៣ម៉ែត្រ និងមានអនុក្រឹត្យស្របច្បាប់ឱ្យកសាងកាលពីឆ្នាំ ២០០១ មក មានព្រះសង្ឃគង់នៅក្នុងវត្តចំនួន១២អង្គ តាជីចំនួន៤នាក់ យាយជីចំនួន៥នាក់ តែបច្ចុប្បន្នទីអារាមមួយនេះនៅសល់ព្រះសង្ឃគង់នៅតែមួយអង្គប៉ុណ្ណោះ ដោយបាននិមន្តចាកចេញ៩អង្គ និងសឹកវិញ៣អង្គ ។ ព្រះតេជគុណជួប លឹមហេង ព្រះចៅអធិការវត្តរិទ្ធធារវ័ន ហៅវត្តអណ្តូង៣ មានសង្ឃដីកាឱ្យកោះសន្តិភាពដឹងថា ទីអារាមនេះតាំងពីបានកសាងរួចមកកាលពីឆ្នាំ២០០១ គឺមានព្រះចៅអធិការវត្តចំនួន៣អង្គរួចមកហើយ គឺ១-ព្រះនាម ធី ធារ ព្រះជន្ម២៨ឆ្នាំ ២-ព្រះនាមជ្រឹង ជ្រន ព្រះជន្ម៣០ឆ្នាំ និង៣-ព្រះនាម កល់ ឃន ព្រះជន្ម៦២ឆ្នាំ ។ ទីអារាមនេះពុំទាន់មានព្រះវិហារទេមានតែសាឡុម និងកុដិ១សំរាប់ព្រះសង្ឃគង់នៅ និងតាជី យាយជីស្នាក់នៅតែប៉ុណ្ណោះ ។
ព្រះតេជគុណព្រះនាមជួប លឹមហេង មានសង្ឃដីកាបន្តទៀតថា ព្រះអង្គបានមកគង់នៅក្នុងវត្តរិទ្ធធារវ័ន នេះ ជាចៅអធិការវត្តមានរយៈពេល២ឆ្នាំហើយ ដោយបាននិមន្តបិណ្ឌបាតពុទ្ធបរិស័ទតាមបណ្តាខេត្ត-ក្រុងផ្សេងៗបានបច្ច័យយកមកកសាងបានសាឡុមចំនួន១សំរាប់តម្កល់ព្រះពុទ្ធបដិមាឱ្យពុទ្ធបរិស័ទគោរពបូជាក្នុងរដូវបុណ្យទានម្តងៗ និងកសាងបានសាលាឆាន់មួយខ្នង និងកុដិ១ខ្នង ។ ព្រះអង្គមានសង្ឃដីកាបញ្ជាក់ថា នៅពេលរដូវបុណ្យភ្ជុំបិណ្ឌនេះចប់ ព្រះអង្គនឹងលាចាកសិក្ខាបទវិញហើយ ។ លោកតាអាចារ្យវត្តរិទ្ធធារវ័នហៅវត្តអណ្តូង៣ ឈ្មោះគឹម ហ៊ន បានរៀបរាប់ឱ្យកោះសន្តិភាពដឹងថា ទីអារាមនេះតាំងពីចាប់ផ្តើមកសាងមកមានការអត្តខាត់ពុំមានបច្ច័យចូលទីអារាមសំរាប់កសាងវត្តនោះទេ ។ រីឯចង្ហាន់ព្រះសង្ឃវិញ ក៏ពុំបានគ្រប់គ្រាន់ដែរ ព្រោះថាប្រជាពលរដ្ឋរស់នៅក្នុងភូមិអណ្តូង៣នេះ ភាគច្រើនមានជីវភាពក្រីក្រធ្វើឱ្យព្រះសង្ឃ៩អង្គបានចាកចេញពីវត្តនេះ ទៅរៀននៅតាមបណ្តាវត្តផ្សេងៗ និងសឹកវិញចំនួន៣អង្គ ។ បច្ចុប្បន្ននៅសល់តែព្រះចៅអធិការវត្តតែមួយអង្គឯងស្ទើរតែដាច់ចង្ហាន់ទៀតផង ។ លោកតាបានបង្ហាញនូវការព្រួយបារម្ភថា ឥឡូវនេះព្រះតេជគុណចៅអធិការមានព្រះទ័យនឹងលាចាកសិក្ខាបទទៀត តើ់វាសនាទីអារាមមួយនេះនឹងទៅជាបែបណា ?
ប្រជាពលរដ្ឋរស់នៅក្នុងភូមិអណ្តូង៣ បានឱ្យកោះសន្តិភាពដឹងថា វត្តរិទ្ធធារវ័ននេះ តាំងពីពេលចាប់ផ្តើមកសាងមានតែពុទ្ធបរិស័ទចំណុះជើងវត្ត និងព្រះសង្ឃប៉ុណ្ណោះ ដែលបានខិតខំកសាង ឯអាជ្ញាធរមូលដ្ឋានមិនបានជួយជ្រោមជ្រែងទេ ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បើមន្ត្រីរាជការមិនយកចិត្តទុកដាក់ទេនោះ គឺសាសនារបស់រដ្ឋក៏មិនរីកចំរើនដែរ ។ ក្នុងជំនឿដ៏មុតមាំនៃពុទ្ធសាសនិកជន ព្រះពុទ្ធសាសនានៅតែទទួលបាននូវការគោរពបូជាដ៏លើសលុប ។ ទោះបីជាបែបណាការកសាងទីអារាមនៅទីណាមួយក៏តំរូវទៅលើការវិនិច្ឆ័យថា តើអាចអភិវឌ្ឍន៍ទីអារាមឱ្យមានការរីកចំរើនទៅរួច ឬក៏អត់ ។ ជាក់ស្តែង ទីអារាមនៅតាមទីជនបទដាច់ស្រយាល មានភាពអត្តខាត់ខ្លាំងណាស់ ឬក៏រីកចំរើន អាស្រ័យដោយពុទ្ធបរិស័ទចំណុះជើងវត្ត ។ បើចំណុះជើងវត្តក្រីក្រនោះ ទីអារាម និងព្រះសង្ឃដែលជាស្រែបុណ្យពិតជាមិនអាចរីកចំរើនបាននោះទេ ជាក់ស្តែងដូចជាវត្តអណ្តូង៣ នេះជាដើម ៕
ចែករំលែកព័តមាននេះ