ទូកតិចមែនពិត តែសប្បាយណាស់ក្នុងខេត្តសៀមរាប
- សៀមរាប
ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នៅទំបន់បឹងឈូក ក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានរៀបចំពិធីអបអរសាទរប្រកួតទូកងក្នុងគោលបំណងធ្វើការបង្ហាញជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានចូលទស្សនាកម្សាន្តអំពីវប្បធម៌ ប្រពៃណី របស់ប្រជាពលរដ្ឋខែ្មរយើង ក៏ជាការរំលឹក និងគោរពដល់វីរៈភាពនៃបុព្វបុរសទាហានជើងទឹកជំនាន់ដើមដែលបានពលីជិវិតក្នុងការធ្វើសឹកសង្គ្រាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិអង្គរនៃយើង ។

ថ្លែងក្នុងឱកាសបើកការប្រកួតទូកលោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រីក៏បានគូសបញ្ជាក់ថា នេះជាលើកទី៣ហើយដែលសហគមទេសចរណ៍បន្ទាយស្រីបានរួមសហការគ្នាជាមួយសហគមផ្ទះសំណាក់ សហគមឈើហូបផ្លែ បន្លែ ស្ករត្នោត និង នំបញ្ចុកបានបង្កើតឲ្យមានព្រឹត្តិការណ៍នេះឡើង ។

ពិធីនេះក៏បង្ហាញនៅចំពោះសាធារណៈមតិជាតិ អន្តរជាតិ អំពីភាពសម្បូរបែបលើ វិស័យវប្បធម៌ អរិយធម៌ របស់ខ្មែរ និងឆ្លុះបញ្ចាំងឲ្យឃើញកម្ពុជា កំពុងស្ថិតក្នុងសុខសន្តិភាព សុខដុមរមនា ពេញលេញទូទាំងប្រទេស ។

លោកក៏បានឲ្យដឹងផងដែរថា ទោះបីការរៀបចំប្រណាំងទូកនេះ មិនបានត្រឹមត្រូវទៅ តាមខ្នាតទូកអន្តរជាតិក៏ពិតមែន តែក៏ជាសកម្មភាពចូលរួមរបស់បងប្អូន ក្នុងការថែរក្សានូវវប្បធម៌ ប្រពៃណីខ្មែរ យើងដែលមានចារិកទុកនៅតាមជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មា ហើយក៏បង្ហាញពីការសាមគ្គីភាពរបស់ ប្រជាពលរដ្ឋ និងការបង្កើននូវភាពជិតស្និតនឹងគ្នាព្រមទាំងបង្កនូវភាពសប្បាយ រីករាយជូនដល់ប្រជាជននិងភ្ញៀវទេសចរណ៍ក្រៅពីការទស្សនាប្រាសាទបន្ទាយស្រី រមណីយដ្ឋានធម្មជាតិក្បាលស្ពាន និងភ្នំគូលែន ។

តាមការបញ្ជាក់របស់គណៈកម្មការរៀបចំការអុំប្រណាំងទូកបានឲ្យដឹងថា ការប្រណាំងទូកនេះគឺមានការចូលរួមពីគ្រប់សហគមក្នុងស្រុកបន្ទាយស្រី តែដោយកង្វះខាតនៃទូកការប្រកួតនេះក៏ត្រូវបានធ្វើការផ្លាស់ប្តូរក្រុមកីឡាករ ហើយទូកដែលធ្វើការប្រណាំងនេះ ក៏មិនត្រូវទៅតាមស្តង់ដាររបស់គណៈកម្មាធិការជាតិអូឡាំពិចឡើយ តែនេះជាការបង្កនូវភាពសប្បាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ។ ម្យ៉ាងទៀតទីតាំងប្រណាំងទូកនេះ ក៏មានភាពពិបាក សម្រាប់ទស្សនជនទស្សនាទៀតផង ៕
ចែករំលែកព័តមាននេះ