ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

RPL ៖ ការ​វាយតម្លៃ​ប្រកបដោយ​យុត្តិធម៌ សុក្រឹតភាព និង​ស្រប​តាម​ស្ដង់ដា​ការងារ

8 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជា​សេនាធិកា បាន​កំណត់​យន្តការ​ជាក់លាក់​នៅ​ក្នុង​កម្មវិធី​ធ្វើតេស្ត​ទទួលស្គាល់​ជំនាញ​ពី​មុន ​(RPL) ដើម្បី​ឱ្យ​ការ​វាយតម្លៃ​ប្រកបដោយ​យុត្តិធម៌ សុក្រឹតភាព និង​ស្រប​តាម​ស្ដង់ដា​ការងារ​បច្ចុប្បន្ន តាម​រយៈ​ការ​ប្រមូល​ភស្តុ​តាង​ពី​ការ​សាកល្បង​សមត្ថភាព​, ការ​ឆ្លើយ​សំណួរ​ផ្ទាល់មាត់ និង​ការ​វាយតម្លៃ​លើ​ការ​អនុវត្ត​ជាក់ស្ដែង​ដោយ​ជោគជ័យ​ ។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​ថា គុណភាព​នៃ​ការ​វាយតម្លៃ​របស់ RPL គឺ​អាច​ជឿជាក់​បាន ដោយ​ធានា​ទៅ​លើ​គុណភាព សុក្រឹតភាព និង​ស្រប​តាម​ស្ដង់ដា​ការងារ​សព្វ​ថ្ងៃនេះ ព្រោះ​អ្នក​វាយតម្លៃ និង​ផ្ដល់​ពិន្ទុ គឺ​ត្រូវ​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​លើ​វិធីសាស្ត្រ​វាយតម្លៃ​ផ្អែក​លើ​សមត្ថភាព និង​ចុះបញ្ជី​ទទួលស្គាល់​ពី​ស្ថាបន​ជំនាញ ដើម្បី​បញ្ជាក់​ថា ជា​អ្នក​វាយតម្លៃ​ផ្អែក​លើ​សមត្ថភាព មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​នៅ​ក្នុង​មុខ​ជំនាញ​នីមួយ​ៗ ​។

លោក​បន្ត​ថា​ ៖ «​អ្នក​វាយតម្លៃ​សមត្ថភាព​បេក្ខជន​ទាំងអស់ គឺ​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​ម៉ត់ចត់​ពី​វិស័យ​ឯកជន ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង​ត្រឹមត្រូវ មាន​វិជ្ជាជីវៈ គុណភាព និង​ស្ដង់ដា​ការងារ​ខ្ពស់ ​។ ពួក​គាត់​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​យ៉ាង​ច្បាស់លាស់ ហើយ​ត្រូវ​តែ​ប្រកាន់ខ្ជាប់​នូវ​ក្រម​ប្រតិបត្តិ ដែល​បាន​ចែង​ក្នុង​លក្ខណៈ​វិនិច្ឆ័យ​ក្នុង​ការ​ចុះបញ្ជី​ទទួលស្គាល់​អ្នក​វាយតម្លៃ​ផ្អែក​លើ​សមត្ថភាព​»​ ។

ដើម្បី​ធានា​បាន​នូវ​គុណភាព​របស់​បេក្ខជន លោក ហាង ប៊ុ​ន​ហេង អ្នក​វាយតម្លៃ​មក​ពី​វិស័យ​ឯកជន​បាន​សង្កត់ធ្ងន់​ទៅ​លើ​សមត្ថភាព​បេក្ខជន ត្រូវ​តែ​មាន​គ្រប់គ្រាន់ ដើម្បី​អាច​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ជំនាញ ព្រោះ​អ្នក​វាយតម្លៃ​នឹង​ពិនិត្យ​យ៉ាង​ហ្មត់ចត់​បំផុត​ទៅ​លើ​ការងារ​របស់​បេក្ខជន រាប់​ចាប់ពី​ដំណាក់កាល​ដំបូង​រហូត​ដល់​ពេល​បញ្ចប់​ការងារ​ ។

ក្នុង​ន័យ​នេះ បេក្ខជន​ធ្វើតេស្ដ​ជាប់ ឬ​ធ្លាក់​អាស្រ័យ​លើ​សមត្ថភាព​ពិតប្រាកដ គ្មាន​ការ​យោគយល់ គ្មាន​ការ​សូកប៉ាន់ និង​គ្មាន​បក្ខពួក​នោះ​ទេ​។ លោក ប៊ុ​ន​ហេង​ថា​៖«​ការ​ដាក់​ពិន្ទុ​របស់​យើង គឺ​ផ្អែក​លើ​កត្តា ៥​ចំណុច គឺ​ពួក​គាត់​ត្រូវ​តែ​យល់​ដឹង​ពី​ការ​ប្រើប្រាស់​សម្ភារៈ​សុវត្ថិភាព​, ការ​យល់​ដឹង​ពី​សម្ភារៈ​ដែល​ត្រូវ​ប្រើប្រាស់​ពាក់ព័ន្ធ​នឹង​ការងារ ឬ​មុខ​ជំនាញ​ឱ្យ​បាន​ច្បាស់​, ចំណេះដឹង​ក្នុងអំឡុងពេល​ធ្វើតេស្ត ឬ​ធ្វើ​ការងារ​, ពិនិត្យ​មើល​លទ្ធផល​ការងារ​របស់​ខ្លួន និង​ចំណុច​ចុង​ក្រោយ គឺ​ការ​សម្អាត​សម្ភារៈ និង​ទីតាំង​របស់​ពួក​គាត់​ធ្វើ​ការងារ​» ​។

បើ​តាម​លោក ស៊ុន មេ​សា លើក​ឡើង​ថា អ្នក​វាយតម្លៃ​ទាំងអស់ ត្រូវ​ទទួល​បានការ​បណ្តុះបណ្តាល​លើ​វិធីសាស្ត្រ​វាយតម្លៃ​ផ្អែក​លើ​សមត្ថភាព និង​បាន​វាយតម្លៃ​សមត្ថភាព​រួច​ហើយ ត្រូវ​តែ​ចូលរួម​អនុវត្ត​ដំណើរការ​វាយតម្លៃ​ផ្អែក​លើ​សមត្ថភាព​ផ្ទាល់​បាន​ចំនួន​ពីរ​ដង​សិន មុន​នឹង​ត្រូវ​បាន​ចុះបញ្ជី​ទទួលស្គាល់​ជា​អ្នក​វាយតម្លៃ​ផ្អែក​លើ​សមត្ថភាព​អាជីព (Professional Assessor)​ ។

បន្ថែម​លើ​នេះ លោក​បាន​ស្នើ​សុំ​ឱ្យ​វិស័យ​ឯកជន​ចូលរួម​គាំទ្រ និង​ជួយ​ចាត់​បញ្ជូន​វិស្វករ​សំណង់​ស៊ី​វិល​របស់​ខ្លួន មក​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​វិធីសាស្ដ្រ​វាយតម្លៃ​ទទួលស្គាល់​ជំនាញ​ពី​មុន ដើម្បី​ក្លាយជា​អ្នក​វាយតម្លៃ​ជំនាញ និង​ផ្តល់​ឱកាស​ជូន​វិស្វករ​សំណង់​ស៊ី​វិល​របស់​ខ្លួន មក​ចូលរួម​ជា​អ្នក​វាយតម្លៃ​ទទួលស្គាល់​ជំនាញ​ពី​មុន​ ។

យោង​តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ក៏​ដូច​ជា​លើកទឹកចិត្ត​ដល់​អតីត​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ឱ្យ​ទទួល​បានការ​ទទួលស្គាល់​ជំនាញ​ជា​ផ្លូវការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​ការ​វាយតម្លៃ​ទទួលស្គាល់​ជំនាញ​ពី​មុន ដោយ​ឥត​គិតថ្លៃ​លើ ៨​មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់ ចាប់ពី​ខែមេសា ឆ្នាំ ​២០២៦ ​មក​ ៕ អត្ថបទសហការ