ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ ៖ មន្ត្រី​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​ បាន​ធ្វើការ និង​តាមដាន​ជា​បន្តបន្ទាប់​ជាមួយ​អាជ្ញាធរ​ថៃ​ជុំវិញ​ការ​បាត់​ខ្លួន​របស់​ពលករ​ខ្មែរ​ពេល​ចុះទូក​នេសាទ​នៅ​សមុទ្រ​ថៃ

3 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ មន្ត្រី​អនុព័ន្ធ​ការងារ​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​និង​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​យ៉ាង​ជិត​ស្និទ្ធ ដើម្បី​ជួយ​សង្គ្រោះ និង​បន្ត​ស្វែងរក​ពលករ​ខ្មែរ​ដែល​បាន​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​លិច​ទូក​នេសាទ​មួយ​នៅ​សមុទ្រ ក្នុង​ខេត្ត​ត្រា​ត ប្រទេស​ថៃ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៦​នេះ​។

លោក ស៊ុន មេ​សា បាន​ថ្លែង​ថា ទូក​នេសាទ​នេះ បាន​ចាកចេញ​ទៅ​នេសាទ​នៅ​សមុទ្រ​កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៦ ប៉ុន្ដែ​ទូក​នេះ​បាន​បាត់​ការ​ទាក់ទង​ជាមួយ​ម្ចាស់​ទូក និង​អាជ្ញាធរ​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា​ដោយ​មក​ដល់​ពេល​នេះ​សព​ពលរដ្ឋ​ខ្មែរ ២​រូប និង​ថៃ ១​រូប​ត្រូវ​បាន​រក​ឃើញ​។

លោក​បញ្ជាក់​ថា​៖«​រហូត​មក​ដល់​ពេល​នេះ​ក្រុម​អ្នក​ជួយ​សង្គ្រោះ បាន​រក​ឃើញ​ជន​រង​គ្រោះ​ចំនួន ៣​នាក់​ក្នុង​ចំណោម ៥​នាក់ ដែល​បាន​រង​គ្រោះ​ក្នុង​ហេតុការណ៍​លិច​ទូក​នេសាទ​នោះ​។ ជន​រង​គ្រោះ​ដែល​រក​ឃើញ​ទាំង ៣​នាក់​នោះ មាន​បងប្អូន​ខ្មែរ ២​នាក់ និង​ថៃ​ម្នាក់ ហើយ​សាកសព​បងប្អូន​ខ្មែរ ១​នាក់ ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​ដើម្បី​ធ្វើបុណ្យ ហើយ​សព​ម្នាក់​ទៀត​កំពុង​តម្កល់​នៅ​មន្ទីរពេទ្យ​ដើម្បី​រង់ចាំ​គ្រួសារ​មក​ទទួល​»​។

អ្នកនាំពាក្យ​រូប​នេះ​បន្ថែម​ថា​៖«​យើង កំពុង​សហការ តាមដាន និង​ស្វែងរក​ខ្មែរ​ពីរ​នាក់​ទៀត​ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា បាន​បាត់បង់​ជីវិត​»​។ ចំពោះ​ករណី​នេះ លោក​ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​សង្កត់ធ្ងន់​ថា សុវត្ថិភាព​របស់​បងប្អូន​យើង​នៅ​ក្រៅប្រទេស គឺជា​ការងារ​អាទិភាព​ដែល​រដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​៕ អត្ថបទសហការ