ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត ៖ លើក​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ ក្រោយ​សង្គ្រាម​ពលរដ្ឋ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជា​របស់​ខ្លួន

4 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ បាន​លើក​ឡើង​ថា នៅ​ក្នុង​អាណត្តិ​ទី​៧​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​សម្តេច​នឹង​ខិតខំ​ប្រឹងប្រែង​រៀបចំ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ដែល​នេះ ​គឺជា​លើក​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​ ក្រោយ​សង្គ្រាម​ដែល​ពលរដ្ឋ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជា​អចលនទ្រព្យ​ផ្ទាល់ខ្លួន​ ។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ South-East Asia នៅ​សណ្ឋាគារ​​សុខា ខេត្ត​សៀម​រាប ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៦ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មាន​ប្រសា​សន៍​អំពី​ការ​ប្តេជ្ញា​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ខណៈ​នៅ​ថ្ងៃ​ទី​២៩ កក្កដា ខាង​មុខ សម្តេច​នឹង​អញ្ជើញ​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជា​ព​ល​រដ្ឋ​នៅ​ខេត្តកណ្តាល ដើម្បី​បាន​ប្រើប្រាស់​ជា​ផ្លួ​វ​គ្រប់​ៗ​គ្នា ។ ដូច្នេះ​ គ្រប់​មន្ត្រី​ពាក់ព័ន្ធ​នឹង​រួម​គ្នា​ប្រឹង​ប្រែង​រៀបចំ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖«​ប័ណ្ណ​ដី​យើង​នឹង​ខិតខំ​ក្នុង​អាណត្តិ​នេះ ឱ្យ​ទូ​ទាំង​ប្រទេស​បាន​ប័ណ្ណ​ដី​ទៅ​ប្រជា​ពលរដ្ឋ​ ។ ​ខ្ញុំ​គិត​ថា នេះ​ជា​លើក​ទី​១ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​គ្រប់​គ្នា​មាន​ប័ណ្ណ​ឯកជន​ជា​ប័ណ្ណ​អចលនទ្រព្យ​របស់​ខ្លួន» ។

សម្តេច​ធិ​បតី​ក៏​បាន​រំលឹក​ថា មុន​សង្គ្រាម​ប្រជាពលរដ្ឋ​បាន​បង្កបង្កើន​ផល​លើ​ដី​ស្រែ ប៉ុន្តែ​កម្មសិទ្ធិ​ជា​របស់​រដ្ឋ ។ ក្រោ​យមក​ទៀត ​ក៏​បាន​ចែក​ដីធ្លី​ឱ្យ​ប្រជា​ព​ល​រដ្ឋ​បាន​ខ្លះ​ៗ​ផង​ដែរ​នៅ​ទីក្រុង និង​ទីប្រជុំ​ជន ប៉ុន្តែ​តំបន់​ជនបទ​ដាច់​ស្រ​យាល​​មិន​ដែល​បាន​ចែក​ឱ្យ​ពលរដ្ឋ​អាស្រ័យ​ផល​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​ធិ​បតី​ក៏​បាន​រំលឹក​ឡើង​វិញទៀត​ថា ក្រោយ​ពី​របប​សម័យ​ប៉ុ​ល​ពត ​ក៏​បាន​រៀបចំ​ឡើង​វិញ​ដោយសារ​ផល និង​ទ្រព្យ​របស់​ប្រជា​ពលរដ្ឋ​ដែល​ជា​កម្មសិទ្ធិឯកជន​នេះ មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​លើកកម្ពស់ និង​ភាព​បត់បែន​នៃ​ការ​ប្រើប្រាស់​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ដើមឆ្នាំ​២០២៦ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​វាស់វែង និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ (​វិញ្ញាបនបត្រ​សម្គាល់​អចលន​វត្ថុ​) ជូន​ប្រជាពលរដ្ឋ​បាន​ជិត​៩​លាន​ប័ណ្ណ ដោយ​ក្នុង​នោះ​ រួម​បញ្ចូល​ទាំង​ប័ណ្ណកម្មសិទ្ធិ​ដី​ឯកជន ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​ដី​ឡូត៍​ផ្សេង​ៗ នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ​ ៕