ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រថ​យន្ត​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​នៅ​ប្រទេស​វៀតណាម​បណ្ដា​ល​ឱ្យ​ស្លា.ប់​ម.នុ.ស្ស​៧​នាក់​ និង​រ.បួ.ស​៥​នាក់

3 ម៉ោង មុន

ទី​ក្រុង​ហាណូយ៖ រថ​យន្ត​បឺស​មួយ​គ្រឿង​ដែល​ជា​ប្រភេទ​រថ​យន្ត​មាន​គ្រែ​សម្រាប់​គេង​នៅ​ពេល​យប់​កំពុង​បើក​បរ​នៅ​ផ្លូវ​ជាតិ​លេខ​១​នៃ​ប្រទេស​វៀតណាម​សុខ​ៗ​ស្រាប់​តែ​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​មួយ​រំពេច​កាល​ពី​ពេល​រំលង​អធ្រាត្រ​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​អង្គារ​នេះ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៧​នាក់​ និង​របួស​៥​នាក់​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ខេត្ត​ដូន​ណាយ (Dong Nai) ​យោង​តាម​អាជ្ញា​ធរ​មូល​ដ្ឋាន​ រថ​យន្ត​២៤​កៅអី​នោះ​បើក​កាត់​ឃុំ​ហុង​ធីញ ស្ថិត​នៅ​ចម្ងាយ​៣០​គីឡូ​ម៉ែត្រ​ពី​ទី​ក្រុង​បៀន​ហោ នៃ​ខេត្ត​ដូន​ណាយ នៅ​ម៉ោង​២:៣០​ទៀប​ភ្លឺ​។

រំពេច​នោះ រថ​យន្ត​នេះ​ស្រាប់​តែ​រេ​ចង្កូត​ និង​បើក​ទៅបុក​​ដី​ទួល​នៅ​ខាង​ស្ដាំ​ដៃ​ជាប់​មាត់​ផ្លូវ​។ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​នោះ​មក​ រថ​យន្ត​បឺស​នេះ​ក៏​បន្ត​បើក​ទៅ​មុខ​ទៀត​ ហើយ​បើក​បុក​ដី​ទួល​មួយ​ទៀត​ទើប​ឈប់​ស្ងៀម​។ មិន​យូរ​ប៉ុន្មាន​ អណ្ដាត​ភ្លើង​ក៏​ចាប់​ផ្ដើម​ឆាប​ឆេះ​ពី​ខាង​ក្រោម​ឡាន​ ហើយ​ក៏​ហ៊ុម​ព័ទ្ធ​ឡាន​នេះ​ទាំង​មូល​តែ​ម្ដង​។ តៃ​កុង​ឡាន​ឈ្មោះ​ចាន់​ថាញ់​ហាយ​ វ័យ​៤១​ឆ្នាំ បាន​ស្រែក​ប្រាប់​អ្នក​ដំណើរ​ទាំង​អស់​ឱ្យ​ប្រញាប់​ជម្លៀស​ខ្លួន​ចេញ​ជា​បន្ទាន់​។ ប៉ុន្តែ​អគ្គិ​ភ័យ​នេះ​ឆាប​ឆេះ​យ៉ាង​ឆាប់​រហ័ស​ពេក​។

ហេតុ​នេះ អ្នក​ដំណើរ​ភាគ​ច្រើន​មិន​អាច​រត់​ចេញ​មក​ខាង​ក្រៅ​ទាន់​ពេល​វេលា​បាន​ឡើយ​។ ភ្នាក់​ងារ​អគ្គិ​ភ័យ​ប្រចាំ​ខេត្ត​ដូន​ណាយ​បាន​បញ្ជូន​កម្លាំង​ និង​ឡាន​ទឹក​២​គ្រឿង​ទៅ​កន្លែង​កើត​ហេតុ​។ ពួក​គេ​អាច​ចាត់​ការ​ពន្លត់​ភ្លើង​នេះ​នៅ​ក្នុង​រយៈ​ពេល​៣០​នាទី​។ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ផ្ទៃ​ខាង​ក្នុង​នៃ​រថ​យន្ត​បឺស​ដែល​ឆេះ​ខ្លោច​អស់​ទៅ​ហើយ​នោះ អាជ្ញា​ធរ​បាន​ប្រមូល​សាក​សព​ជន​រង​គ្រោះ​បាន​៧​នាក់​។ អ្នក​របួស​៥​នាក់​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ធំ​ថុង​ញ៉ាត់​ (Thong Nhat)​។

ប៉ុន្តែ​នៅ​ក្នុង​ចំណោម​នោះ​មាន​ម្នាក់​របួស​ស្រាល គេ​ក៏​អនុញ្ញាត​​ឱ្យ​ចេញ​ពី​ពេទ្យ​វិញ​ភ្លាម​ៗ​។ ក្រសួង​សន្តិ​សុខ​សា​ធារណៈ​បាន​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ថា​រថ​យន្ត​បឺស​នោះ​ធ្វើ​ដំណើរ​ពី​ខេត្ត​ឡាម​ដុង (Lam Dong) ឆ្ពោះ​ទៅ​ទី​ក្រុង​ហូជីមិញ​ ហើយ​ក៏​ជួប​នឹង​គ្រោះ​ថ្នាក់​​តែ​ម្ដង​។ ដោយ​សារ​អាការៈ​ភ័យ​ស្លន់​ស្លោ និង​ការ​ឆាប​ឆេះ​យ៉ាង​ឆាប់​រហ័ស​ពេក​ មនុស្ស​នៅ​ក្នុង​នោះ​មិន​ដឹង​ត្រូវ​ចេញ​តាម​ច្រក​ណា​​ទេ​។ ​សមត្ថ​កិច្ច​ចាប់​ផ្ដើម​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​សំណុំ​រឿង​នេះ​ហើយ​ដើម្បីចង់​ដឹង​ថា​តើ​ហេតុ​ការណ៍​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នេះ​បណ្ដាល​មក​ពីមូល​ហេតុ​អ្វី​ពិត​ប្រាកដ​​៕ ប្រភព៖ Vietnam Express និង​ Reuters​ ​​