ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី Hack Facebook ​បោ.កប្រាក់ជិត ១០លានរៀល សមត្ថកិច្ចខេត្តកំពត និង​ប៉ៃលិន ស្រាវជ្រាវឃាត់ខ្លួនម្តាយកូន ២នាក់

8 ម៉ោង មុន
  • កំពត

ខេត្តកំពត​ ៖ យោង​តាម​ប្រភព​ច្បាស់ការ​ពី​ស្នងការ​នគរបាល​ខេត្តកំពត ​ដែល​បាន​ដកស្រង់​ការ​សួរ​ចម្លើយ​ពី​ការិយាល័យ​ជំនាញ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ​នា​រសៀល​ថ្ងៃ​ទី​ ២០ ​ខែកក្កដា ​ឆ្នាំ ​២០២៦ មក​នេះ​បានឱ្យដឹងថា​ ​ជនសង្ស័យ​ជា​ស្ត្រី​ ២​នាក់​ម្តាយ​ និង​កូន​ដែល​ជាប់​ពាក់​ព​ន្ធ័​ករណី​បទល្មើស​ជាក់ស្តែង​ឆបោក​ប្រាក់​តាម​បច្ចេកវិទ្យា​ដោយ​ Hack Facebook របស់​ជន​រង​គ្រោះ​កាលពី​ថ្ងៃ​ទី​ ១៩ ​ខែមិថុនា ​ឆ្នាំ ​២០២៦ ​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ឈ្មោះ ​ស៊ូ យី ភេទ​ប្រុស អាយុ​ ៦៣​ឆ្នាំ នៅ​ភូមិ​ ១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត មានការ​ខាតបង់​ប្រាក់​ចំនួន ​៩៩៩០០០០​៛​ (​ប្រាំបួន​លាន​កៅសិប​ប្រាំបួន​ម៉ឺន​រៀល​គត់​)​ ។

ប្រភព​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​បាន​ទទួល​បណ្តឹង​ជន​រង​គ្រោះ​កំលាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ធ្វើការ​ស្រាវជ្រាវ​ឃើញ​ថា ម្ចាស់​គណនី​ធនាគារ​ដែល​ទទួល​ប្រាក់​ពី​ជន​រង​គ្រោះ​មានឈ្មោះ​ សុំ សុខា ​ហៅ​ ខុំ ភេទ​ស្រី អាយុ​ ១៨​ឆ្នាំ នៅ​ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ ។

ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​ថ្ងៃ​ទី ​១៧​ខែកក្កដា ឆ្នាំ​ ២០២៦ ​វេលា​ម៉ោង​ ៩​ព្រឹក ក្រោយ​ពី​ទទួល​ចំណារ​ឯកភាព​សំណើរ​សុំ​បើក​ការ​ស៊ើបអង្កេត​បឋមរបស់​ឯកឧត្តម​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកំពត កំលាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពត បាន​សហការ​ជាមួយ​កំលាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ប៉ៃលិន​បាន​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ​ សុំ សុខា ហៅ​ ខុំ​ មក​ធ្វើការ​សាកសួរ តាម​ចម្លើយ​ជន​នេះ​កំលាំង​សមត្ថកិច្ច​បាន​បន្ត​នាំ​ខ្លួន​ឈ្មោះ ស៊​រ សុ​ខន ហៅ​ យ៉ា​ន ភេទ​ស្រី អាយុ​ ៣៧​ឆ្នាំ (​ត្រូវជា​ម្តាយ​ សុំ​សុខា ​ហៅ ​ខុំ​)​ និង​ចាប់​យក​វត្ថុ​តាង​ទូរ​សព្ទ័​ដៃ​ដែល​ប្រើប្រាស់​ប្រព្រឹត្ត​បទល្មើស​ចំនួន ​២​គ្រឿង​រួម​មាន​ ៖ ១- OPPO A3X ពណ៌​ខ្មៅ​មាន ​IMEl 1:863971072992710 . IMEl2:863971072992702 ប្រើ​ស៊ី​មកា​ត​លេខ ​0977934657 មាន​ស្រោម​ពណ៌​ត្នោត​ជា​របស់​ឈ្មោះ​ស៊​ត សុ​ខន​ ។ ទី​ ២- ម៉ាក IPHONE11 ពណ៌​សមាន ​IMEl1:356557102477659 IMEl:12863971072992702 ប្រើ​ស៊ី​ម​លេខ 0977934657 មាន​ស្រោម​ពណ៌​ខ្មៅ ជា​របស់​ឈ្មោះ សុំ សុខា ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា​ ជនសង្ស័យ​ ២​នាក់​ម្តាយ​ និង​កូន បន្ទាប់​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សាកសួរ​យ៉ាង​ម៉ត់ចត់​មក បាន​សារភាព​ពី​ការ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​បច្ចេកវិទ្យា​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ​។ សេចក្តីសន្និដ្ឋាន​របស់​សមត្ថកិច្ច ការ​ស៊ើបអង្កេត​ដែល​ធ្វើ​ឡើង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ជនសង្ស័យ​ចំនួន​ ២​នាក់ ទី​១- ឈ្មោះ​ ស៊​ត សុ​ខន ​ហៅ​ យ៉ា​ន ភេទ​ស្រី អាយុ​ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មុខរបរ​រត់​តុ ទី​ ២- ឈ្មោះ ​សុំ សុខា ហៅ​ ខុំ ភេទ​ស្រី អាយុ​ ១៨​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មុខរបរ​ជំនួយការ​ចុងភៅ​ ។ ជនសង្ស័យ​ទាំង ​២​នាក់​ម្តាយ ​និង​កូន ​ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សាកសួរ រួចរាល់ នៅ​រសៀល​ថ្ងៃ​ទី​ ២០​ខែកក្កដា​ ឆ្នាំ ​២០២៦ ​នេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ​៕