កម្ពុជាបន្តបណ្តេញជនជាតិចិន១៦២នាក់ទៅស្រុកវិញ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ឱ្យដឹងថា ជនជាតិចិន១៦២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជាទៅស្រុកវិញ ។

ប្រភពបានលើកឡើងថា កាលពីថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិន សរុបចំនួន១៦២នាក់ ស្រី០២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គ្មានលិខិតឆ្លងដែន, និងករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិតេជោ ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍លើក ឡើងថាការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេស ចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ចែករំលែកព័តមាននេះ