រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើរដ្ឋបាលឆែកឆេរផ្ទះជួលមួយកន្លែង ហើយបានរកឃើញបុរសជនជាតិបង់ក្លាដែស ចំនួន៩នាក់ កំពុងស្នាក់នៅទីនោះ។ ដោយសង្ស័យជាប់ពាក់ព័ន្ធទៅនឹងការស្នាក់នៅដោយខុសច្បាប់ ក៏បានធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី ។
ប្រតិបត្តិការនោះ បានធ្វើឡើងនាវេលម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្ទះជួលលេខ៧៤៨ ផ្លូវលេខ៦៨ ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងខាងលើ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើរដ្ឋបាលឆែកឆេរនៅតាមផ្ទះនិងអគារនានា ដើម្បីរកបទល្មើផ្សេងៗ ជាពិសេសបទល្មើស Online Scamer ដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញផែនការបង្ក្រាបទូទាំងប្រទេស។ ខណៈពេលចុះទៅដល់ចំណុចផ្ទះជួលខាងលើ រកមិនឃើញមាន Online Scamer នោះទេ ប៉ុន្តែបានប្រទះឃើញបុរសជនជាតិបង់ក្លាដែស ចំនួន៩នាក់នោះ កំពុងស្នាក់នៅជុំគ្នានៅក្នុងផ្ទះនោះ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ក៏បានធ្វើការត្រួតពិនិត្យ ហើយបានឃើញថា បុរសជនជាតិបង់ក្លាដែស ទាំងនោះ មួយចំនួនអត់មានលិខិតឆ្លងដែនទេ។ ដោយឡែកមួយចំនួនទៀត មានលិខិតឆ្លងដែនដែរ ប៉ុន្តែហួសសុពលភាព បន្ទាប់មកក៏បានធ្វើការឃាត់ខ្លួន រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់ ៕









ចែករំលែកព័តមាននេះ