រាជធានីភ្នំពេញ ៖ រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំង នៃសាធារណរដ្ឋប្រជាមានិតចិន នឹងពិនិត្យលទ្ធភាពចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ពិសេសលើវិស័យទេសចរណ៍ និងវិស័យមួយចំនួនទៀត ។
ការបង្ហាញពីបំណងខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយលោក ហាន សេងជាន អភិបាលរងខេត្តហៃឡុងជាំង សាធារណរដ្ឋប្រជាមានិតចិន នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង ក្នុងជំនួបសម្ដែងការគួសមនោះ បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចម្រើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានលើកបង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យកម្ពុជាក្លាយជា ប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
លោកអភិបាល បានបន្តទៀតថា ៖ កម្ពុជា និងចិន មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាង៦០ឆ្នាំមកហើយ។ តាមរយៈទំនាក់ទំនងការទូតដ៏ល្អនេះ រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងជាច្រើនរបស់ប្រទេសចិន ។
លោក ហាន សេងជាន អភិបាលរងខេត្តហៃឡុងជាំង ក្នុងជំនួបសម្តែងការគួរសមនោះ បានមានប្រសាសន៍លើកឡើងថា ៖ គោលបំណងរបស់ប្រតិភូលោកអញ្ជើញមករាជធានីភ្នំពេញ នាពេលនេះ គឺចង់បង្កើតទំនាក់ទំនងសហប្រតិបត្តិការល្អមួយជាមួយរាជធានីភ្នំពេញ ពិសេសចង់ជំរុញវិស័យទេសចរណ៍ និងលើកទឹកចិត្តក្នុងការនាំចូលផលិតផលផ្លែឈើរបស់កម្ពុជា ទៅលក់នៅខេត្តហៃឡុងជាំង ។
លោកបានបន្តទៀតថា នៅខេត្តរបស់លោក វិស័យទេសចរណ៍នៅរដូវទឹកកក គឺបានភាពទាក់ទាញខ្លាំង ជាពិសេសនៅទីក្រុង ហាប៊ីន។ រីឯនៅកម្ពុជា មានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងតំបន់ទេសចរណ៍ជាច្រើនទៀត រួមទាំងរាជធានីភ្នំពេញ ដែលទាំងអស់នេះ រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំង គួរសហការគ្នាក្នុងផ្សព្វផ្សាយជូនប្រជាពលរដ្ឋខ្លួន ដើម្បីជំរុញវិស័យទេសចរណ៍ នៃទីក្រុងទាំងពីរឱ្យកាន់តែរស់រវើកថែមទៀត។ ភ្ជាប់ជាមួយគ្នានេះដែរ លោកអភិបាលរង ក៏បានអញ្ជើញអភិបាលរាជធានីភ្នំពេញ និងសហការី ដើម្បីបំពេញទស្សនកិច្ចនៅខេត្តហៃឡុងជាំង នារដូវទឹកកកខាងមុខនេះផង ។
ឆ្លើយតបនឹងបំណងរបស់លោកអភិបាលរងខេត្តហៃឡុងជាំង ដែលចង់ឱ្យមានទំនាក់ទំនងក្នុងភាពជាដៃគូ និងសហប្រតិបត្តិការល្អជាមួយគ្នាកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសលើវិស័យទេសចរណ៍ លោក ឃួង ស្រេង បានលើកឡើងពីថា រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំង គួរពិនិត្យលទ្ធភាពចុះអនុស្សារណៈយោគយល់ក្នុងការចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា។ កិច្ចការបន្ទាប់ គួរចាត់មន្ត្រីជំនាញ ដើម្បីពិភាក្សាលម្អិតអំពីខ្លឹមសារ នៃ MoU មុននឹងស្នើសុំការឯកភាពពីរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ ដោយឡែក ឆ្លើយតបនឹងការអញ្ជើញរបស់លោកអភិបាលរងខេត្ត លោកអភិបាល នឹងពិនិត្យលទ្ធភាព និងពេលវេលាសមស្រប ដើម្បីដឹកនាំប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅខេត្តហៃឡុងជាំង នាពេលខាងមុខ ៕







ចែករំលែកព័តមាននេះ