ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូ​វិនិយោគិន​កូរ៉េ បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​ពង្រីក​ការ​វិនិយោគ​បន្ថែម និង​ស្វែងរក​ឱកាស​វិនិយោគ​ថ្មី​ៗ​នៅ​កម្ពុជា

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ គណៈប្រតិភូ​វិនិយោគិន​កូរ៉េ ដែល​ដឹកនាំ​ដោយ ឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា និង​សម្របសម្រួល​ដោយ សភាពាណិជ្ជកម្ម​កូរ៉េ​ប្រចាំ​កម្ពុជា (KOCHAM) និង WorldBridge Group ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​ ។
 
ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម​ឯកអគ្គរដ្ឋទូត​កូរ៉េ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ កូរ៉េ​-​កម្ពុជា ដែល​បាន​ឈាន​ដល់​កម្រិត «​ដៃគូ​យុទ្ធសាស្ត្រ​»​។ ជាមួយ​គ្នា​នេះ គណៈប្រតិភូ​វិនិយោគិន​កូរ៉េ​សម្តែង​នូវ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ធិ​បតី កម្ពុជា​នឹង​បន្ត​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​កាន់តែ​រីក​ចម្រើន​ខ្លាំងក្លា​បន្ថែម​ទៀត ​។

គណៈប្រតិភូ​វិនិយោគិន​កូរ៉េ បាន​បញ្ជាក់​ថា គណៈប្រតិភូ​នេះ មាន​តំណាង​ក្រុមហ៊ុន​ចំនួន ១៥ មក​ពី​វិស័យ​គន្លឹះ​ៗ​ដូច​ជា​៖ យានយន្ត​, អេ​ឡិច​ត្រូ​និក​, វាយ​ន​ភណ្ឌ​, ការ​ចែកចាយ និង​ម្ហូបអាហារ​, ហិរញ្ញវត្ថុ និង​ធនាគារ​, សំណង់​, ព្រមទាំង​ការ​កម្សាន្ត និង​វប្បធម៌ ។ ដំណើរ​ទស្សនកិច្ច​ធុរកិច្ច​នា​ពេល​នេះ គឺ​ដើម្បី​រួមចំណែក​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង កូរ៉េ​-​កម្ពុជា ជា​ពិសេស​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ និង​មាន​គោលបំណង​ស្វែង​យល់​ពី​ស្ថានភាព​ទីផ្សារ​នៅ​កម្ពុជា ដើម្បី​កំណត់​ទិស​ដៅ​ពង្រីក​អាជីវកម្ម​បន្ថែម ក៏​ដូច​ជា​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​កូរ៉េ​ថ្មី​ៗ​ផ្សេង​ទៀត ក្នុង​ការ​ស្វែងរក​ឱកាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​១៥, មាន​ក្រុមហ៊ុន​ចំនួន ៧ កំពុង​មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា និង ៦​ក្រុមហ៊ុន​ទៀត កំពុង​វិនិយោគ​នៅ​ប្រទេស​វៀតណាម ដែល​មាន​ចំណាប់អារម្មណ៍​ខ្ពស់​ក្នុង​ការ​ពង្រីក​មូលដ្ឋាន​ផលិតកម្ម​របស់​ខ្លួន​មក​កាន់​កម្ពុជា​។  ​គណៈប្រតិភូ​វិនិយោគិន​កូរ៉េ ក៏​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ផ្តល់​ការ​គាំទ្រ និង​កិច្ចសហការ​យ៉ាង​សកម្ម​ដល់​ក្រុមហ៊ុន​កូរ៉េ ដើម្បី​ទទួល​បាន​នូវ​ការ​រីក​ចម្រើន និង​ជោគជ័យ​នៅ​កម្ពុជា ព្រមទាំង​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​។
 
ជា​ការ​ឆ្លើយ​តប សម្តេច​ធិ​បតី​បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​វិនិយោគិន​កូរ៉េ និង​បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ KOCHAM និង WorldBridge Group ក្នុង​ការ​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សារៈសំខាន់​នេះ​។ សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​ក្រោយ ជា​ខួប​លើក​ទី​៣០ នៃ​កា​រប​ង្កើ​ត​ទំនាក់ទំនង​ការទូត​ឡើង​វិញ រវាង​ប្រទេស​ទាំង​ពីរ​។ ក្នុង​រយៈពេល​ជិត ៣​ទសវត្សរ៍​នៃ​កា​រប​ង្កើ​ត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​នេះ​, ទំនាក់ទំនង​ទ្វេភាគី នៃ​ប្រទេស​ទាំង​ពីរ មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ ទន្ទឹម​នឹង​នេះ​ក្រុមហ៊ុន​កូរ៉េ​ក៏​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ ។

ក្នុង​ន័យ​នេះ សម្ដេច​ធិ​បតី បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ចំណាប់អារម្មណ៍​របស់​បណ្ដា​ក្រុមហ៊ុន​កូរ៉េ​ក្នុង​ការ​ស្វែងរក​ឱកាស​ពង្រីក​ការ​វិនិយោគ ក៏​ដូច​ជា​ការ​ស្វែងរក​ឱកាស​ការ​វិនិយោគ​ថ្មី​ៗ​ទៀត លើ​វិស័យ​សក្កា​នុ​ពល​ជា​ច្រើន​ទៀត​នៅ​កម្ពុជា​។ សម្តេច​ធិ​បតី​បាន​គូសបញ្ជាក់​ពី​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ និង​វិធានការ​ចាំបាច់​នានា​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​លើកទឹកចិត្ត​ដល់​វិនិយោគិន​, ការ​កែទម្រង់​ស្ថាប័ន​, ការ​ធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​នានា​ព្រមទាំង​ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ជា​ដើម​។ បន្ថែម​លើ​នេះ សម្តេច​ធិ​បតី​ក៏​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​និង​កំពុង​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ និង​ខិតខំ​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ទាំង​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និង​ផ្លូវដែក ព្រមទាំង​ការ​បន្ត​អភិវឌ្ឍន៍​វិស័យ​ថាមពល ដើម្បី​កាត់​បន្ថយ​ថ្លៃដើម​ផលិតកម្ម​និង​ការ​ដឹក​ជញ្ជូន សំដៅ​ធានា​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​។
 
ជាទី​បញ្ចប់ សម្តេច​ធិ​បតី​បញ្ជាក់​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​រក្សា​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ប្រកបដោយ​ភាព​អំណោយផល​ខ្ពស់ និង​លើ​ក​ទឹកចិត្ត​ឱ្យ​បណ្តា​ក្រុមហ៊ុន​កូរ៉េ បន្ត​សហការ​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចាប់​យក​ឱកាស​ជាក់ស្តែង​ក្នុង​ការ​ពង្រីក​ការ​វិនិយោគ ក៏​ដូច​ជា​ការ​វិនិយោគ​ថ្មី​ៗ​នៅ​កម្ពុជា​៕