ទីក្រុងតេអេរ៉ង់៖ យោធាអ៊ីរ៉ង់ទើបតែវាយប្រហារកប៉ាល់ដឹកប្រេងមួយគ្រឿងទៀតនៅច្រកសមុទ្រហ័រម៉ូស និងបង្ខំឱ្យនាវឹកនៅលើនោះរត់ចោលកប៉ាល់ដើម្បីរំដោះខ្លួនពីគ្រោះថ្នាក់។ ដូច្នេះ ទោះបីអាមេរិកបើកប្រតិបត្តិការវាយប្រហារឆ្មាំបដិវត្តឥស្លាមនៅលើដែនសមុទ្រនេះយ៉ាងណាក៏ជាការឥតប្រយោជន៍។ អាមេរិកវាយប្រហារដប់យប់ជាប់គ្នាទៅលើអ៊ីរ៉ង់ ប៉ុន្តែមិនអាចបង្ខំឱ្យអ៊ីរ៉ង់ដកដៃចេញពីច្រកសមុទ្រយុទ្ធសាស្ត្រដ៏សំខាន់នេះបានឡើយ។ ទោះបីភាគីទាំង២អាចឈានដល់ការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំជាថ្មី ប៉ុន្តែច្រកទ្វារការទូតមិនទាន់បិទនៅឡើយទេ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់បានធ្វើដំណើរទៅប៉ាគីស្ថានដែលជាប្រទេសអន្តរការី។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថាតើភាគីទាំង២អាចនឹងសម្រេចបានកិច្ចព្រមព្រៀងអ្វីជាបន្តទៀតដើម្បីបញ្ចប់សង្គ្រាម។ បញ្ជាការដ្ឋានកណ្ដាលយោធាអាមេរិកថ្លែងថាខ្លួនបានបាញ់តម្រង់ទៅរកបញ្ជាការដ្ឋានយោធា, មូលដ្ឋានទ័ពជើងទឹក, ទីតាំងបាញ់មីស៊ីល, ដ្រូន និងប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់។ បញ្ជាការដ្ឋានខាងលើនេះថ្លែងបន្តទៀតថាយោធាអាមេរិកនៅតែត្រៀមលក្ខណៈសម្បត្តិជានិច្ចដើម្បីឱ្យអ៊ីរ៉ង់ទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនដែលវាយប្រហារនាវឹកជាជនស៊ីវិលដែលគ្រាន់តែគ្នាចង់បើកកប៉ាល់កាត់ច្រកសមុទ្រហ័រម៉ូសដោយសេរី និងបើកទូលាយតែប៉ុណ្ណោះ។

ការដឹកជញ្ជូនទំនិញកាត់តាមច្រកនេះមានសភាពយឺតយ៉ាវកាន់តែខ្លាំងចាប់តាំងពីមានអំពើហិង្សាចុងក្រោយ។ មជ្ឈមណ្ឌលប្រតិបត្តិការដែនសមុទ្រអង់គ្លេសថ្លែងថាកប៉ាល់មួយគ្រឿងរងការវាយប្រហារកាលពីព្រឹកមិញនៅច្រកសមុទ្រអូម៉ង់ ហើយបង្ខំឱ្យនាវឹកនៅលើនោះរត់ចោលកប៉ាល់។ ឆ្មាំបដិវត្តឥស្លាមប្រកាសទទួលស្គាល់ថានោះជាស្នាដៃរបស់ខ្លួនពិតប្រាកដមែន។ ការវាយប្រហារកប៉ាល់២គ្រឿងទៀតកាលពីថ្ងៃចន្ទនៅច្រកសមុទ្រនេះក៏ជាស្នាដៃរបស់ខ្លួនផងដែរ។ ច្រកសមុទ្រប៉ែកខាងប្រទេសអូម៉ង់ជាច្រកដែលយោធាអាមេរិកលើកទឹកចិត្តឱ្យកប៉ាល់តូចធំនានាបើកឆ្លងកាត់ដើម្បីកុំឱ្យអ៊ីរ៉ង់ចូលកាន់កាប់ទីនោះទៀត។

ក្រៅពីវាយប្រហារកប៉ាល់ដឹកទំនិញ យោធាអ៊ីរ៉ង់ក៏បន្តវាយប្រហារបណ្ដាប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ គូវែតអះអាងថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់គ្រាប់មីស៊ីលដែលហោះចូល។ ចំណែកយោធាហ្សកដង់ថ្លែងកាលពីយប់មិញថាពួកគេបាញ់ទម្លាក់មីស៊ីលបីគ្រាប់របស់អ៊ីរ៉ង់។ គ្មានការខូចខាតទ្រព្យសម្បត្តិ ឬអាយុជីវិតរបស់មនុស្សទេ។ ក្រសួងការបរទេសបារ៉េនប្រកាសថ្កោលទោសអ៊ីរ៉ង់ដែលបញ្ជូនដ្រូនទៅវាយប្រហារប្រព័ន្ធគ្រប់គ្រងចរាចរណ៍ដែនអាកាស។ ក្រសួងអះអាងថាដ្រូនទាំងនោះអាចបង្កគ្រោះថ្នាក់សម្រាប់ការធ្វើដំណើររបស់ជនស៊ីវិល៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ