រាជធានីភ្នំពេញ ៖ តារាចម្រៀងដែលស្រូបបានភាពល្បីល្បាញតាមរយៈបទ«ទឹកភ្នែកស្វាមីស្រីឡង់សេ»លោកហេង ប៊ុនលាភ បានអះអាងថា លោកសម្រេចចិត្តដើរចេញពីពិភពសិល្បៈហើយ បន្ទាប់ពីលោកបានទទួលយកមុខជំនួញបន្តពីឪពុករបស់លោក ។
ការសម្រេចចិត្តដកខ្លួនពីសិល្បៈទាំងមិនអស់អាល័យរបស់តារាចម្រៀងស្រគត់ស្រគំរូបនេះ គឺជាការផ្លាស់ប្តូរផ្នត់គំនិតមួយថ្មីរបស់លោកក្រោយពេលលោកបោះទុនមិនបានជោគជ័យលើផលិតកម្មមហាហង្សក្នុងការផលិតបទចម្រៀង ។
ការដើរចេញពីសិល្បៈរបស់លោកនាពេលនេះក៏ជាមូលហេតុមួយដែលលោកត្រូវ ទទួលរ៉ាប់រងទាំងស្រុងបន្តពីមុខជំនួញឪពុករបស់លោក ម៉្យាងទៀតលោកក៏មានភារកិច្ចចូលរួមក្នុងសង្គមក្នុងនាមជាក្រុមយុវជនរបស់គណបក្សប្រជាជន ។លោកហេង ប៊ុនលាភ អះអាងប្រាប់កោះសន្តិភាពក្នុងជំនួបផ្ទាល់នាពេលថ្មីៗនេះថាលោក សម្រេចចិត្តដកខ្លួនពីវិស័យសិល្បៈនាពេលនេះ គឺដោយសារតែលោកមានការមមាញឹកខ្លាំងក្នុងការធ្វើមុខជំនួញផ្ទាល់ខ្លួនផ្សេងៗ។ ការដកខ្លួនរបស់លោកនាពេលនេះ គឺក្រោយពេលលោក ទើបតែលាឈប់ពីផលិតកម្មមហាហង្សដែលលោកបានបោះទុន ហើយមិនសូវជាទទួលបាន ជោគជ័យ ។
ស្ថិតក្នុងមុខជំនួញនេះលោកសារភាពថា គឺមិនសូវជាទទួលបានជោគជ័យនិងបានការគាំទ្រច្រើនពីទស្សនិកជនឡើយ ដោយហេតុថា លោកមិនសូវមានបទពិសោធន៍ច្រើន ក្នុងនាមជាអ្នកដឹកនាំ ហើយវាក៏ជាកិច្ចការថ្មីលើកទីមួយរបស់លោកផងដែរ ។
លោកប៊ុនលាភ បន្តថា ការងារក្នុងសិល្បៈគឺប្រៀបបាននឹងរាវម្ជុលក្នុងបាតសមុទ្រ ព្រោះទម្រាំឲ្យខ្សែរឿង និងតួអង្គមួយមានភាពល្បីល្បាញនោះ គឺវាជា ការពិបាកណាស់ ។ ហេតុនេះ ក្នុងនាមលោកជាអ្នកដឹកនាំក្មេងខ្ចីម្នាក់នៅក្នុងផ្នែកនេះ គឺលោកមិនអាចធ្វើអ្វីបានល្អឥតខ្ចោះក្នុងរយៈពេលមួយដ៏ខ្លីបានឡើយ។ ដោយសារឈរលើមូលហេតុនេះ លោកក៏សម្រេចចិត្តបញ្ចប់អាជីពមួយនេះ ហើយចាប់យកមុខជំនួញមួយថ្មី ស្របពេលដែលលោកក៏មានការមមាញឹកក្នុងការចុះមូលដ្ឋានជួយសង្គមក្នុងនាមលោកជាសមាជិកយុវជនក្រុម១៥៧ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ។
លោកបានចូលបម្រើក្នុងក្រុមយុវជននេះរយៈពេលជាង២ឆ្នាំមកហើយ ក្នុងការចុះជួយប្រជាជនក្នុងមូលដ្ឋានស្របតាមយុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ដែលមានប្រសាសន៍ថា យុវជនជាទំពាំងស្នងប្ញស្សី ។ទោះជាយ៉ាងណាក្តី តារាចម្រៀងរូបនេះអះអាងថា ការឈប់ពីសិល្បៈរបស់លោកមិនមែនទាំងស្រុងឡើយ ពោលគឺលោកនៅតែទទួលច្រៀងនៅតាមប៉ុស្តិ៍នានា និងពិធីផ្សេងៗផងដែរ។ អ្វីដែលលោកឈប់នាពេលនេះ គឺឈប់ចេញបទចម្រៀងតាមស៊ីឌី និងការសម្តែងឈុតខារ៉ាអូខេប៉ុណ្ណោះ ដោយសារតែលោកមិនមានពេលគ្រប់គ្រាន់ដើម្បីបន្តធ្វើសកម្មភាពទាំងអស់នេះឡើយ។ ទោះជាយ៉ាងណាក្តី ការឈប់ពីសិល្បៈដោយតក់ក្រហល់របស់លោកនាពេលនេះ គឺជាការសោកស្តាយមួយសម្រាប់លោកផងដែរ ខណៈពេលដែលលោកនៅតែមានការទទូចជារឿយៗពីអ្នកសិល្បៈទាំងចាស់ទាំងថ្មី ចង់ឲ្យលោកបន្តអាជីពនេះទៀត។
លោកប៊ុនលាភ បញ្ជាក់ថា ការអាឡោះអាល័យសិល្បៈគឺលោកនៅតែមាន តែកាលៈទេសៈនេះ លោកមានភារកិច្ចចាំបាច់ផ្ទាល់ខ្លួនដោយមិនអាចដកឃ្លាបាន ហើយវាក៏ជាតម្រូវការចាំបាច់មួយពីភរិយារបស់លោកផងដែរ។ លោកហេង ប៊ុនលាភ ជាកូនកសិករមួយរូបរស់នៅខេត្ដបាត់ដំបង។ ក្រោយពីប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លោកបានធ្វើដំណើរចាកចេញពីខេត្ដបាត់ដំបង មករស់នៅជាមួយបងធម៌ស្ថិតនៅស្រុកកៀនស្វាយ ខេត្ដកណ្ដាល។ ដោយសារលោកមានសំនៀងពីរោះ និងភាពស្រស់សង្ហាបានធ្វើឱ្យក្រុមគ្រួសារក៏ដូចជាមិត្ដភក្ដិជំរុញឱ្យទៅច្រៀងនៅតាមភោជនីយដ្ឋាន វង់តន្ដ្រីនានាក្នុងរាធានីភ្នំពេញ និងចូលរួមប្រកួតប្រជែងក្នុងកម្មវិធីបុរសឯក នារីឯក នៅស្ថានីយទូរទស្សន៍អប្សរា ។
លោកបានសម្រេចចិត្ដចូលរួមប្រឡងតាមការជំរុញរបស់មិត្ដភក្ដិ និងក្រុមគ្រួសារ ហើយទទួលបានជ័យលាភីលេខ២ប្រចាំឆ្នាំ២០០១ ។ ក្រោយពីបានប្រឡងជាប់លោកប៊ុនលាភ បន្ដអាជីពជាអ្នកចម្រៀង និងជាតារាសម្ដែងរហូតមកដល់សព្វថ្ងៃនេះ។ ភាពល្បីល្បាញរបស់តារាចម្រៀងរូបនេះ គឺកើតចេញពីផលិតកម្ម SSB តាមរយៈបទ«ទោះបងពិការក៏មានបេះដូង»។ នៅក្នុងឆ្នាំ២០០៧ លោកហេង ប៊ុនលាភ បានរៀបអាពាហ៍ពិពាហ៍ និងមានកូនពីរនាក់ ៕
ចែករំលែកព័តមាននេះ