រាជធានីភ្នំពេញ ៖ ការចិញ្ចឹមសត្វបែបឧស្សាហកម្មអាចធ្វើឱ្យជីវភាពរបស់ប្រជាកសិករធូរធារមួយកម្រិតដោយសារសត្វធំធាត់ឆាប់រហ័សសម្រាប់យកទៅលក់ ។ ការចិញ្ចឹមឆាប់ធំធាត់ ព្រោះទៅតាមបច្ចេកទេសទាំងការឱ្យចំណីនិងមានថ្នាំសម្រាប់ព្យាបាលគ្រប់ គ្រាន់។ប្រជាជននៅក្នុងប្រទេសកម្ពុជាភាគច្រើនជាកសិករធ្វើស្រែចម្ការ និងចិញ្ចឹមសត្វ ហើយការចិញ្ចឹមសត្វរបស់ពួកគាត់ជា លក្ខណៈគ្រួសារ គឺមានកសិករតិចតួចប៉ុណ្ណោះដែលចិញ្ចឹមសត្វជាលក្ខណៈឧស្សាហកម្ម ។
កសិករភាគច្រើនពុំទាន់បានយល់ដឹងពីរបៀបចិញ្ចឹមនិងថែទាំសត្វជាលក្ខណៈឧស្សាហកម្មទេ។ នៅពេលបច្ចុប្បន្ននេះប្រជាកសិករបានយល់ដឹងច្រើនពីរបៀបចិញ្ចឹមសត្វជាលក្ខណៈឧស្សាហកម្មពីព្រោះមានអង្គការ និងក្រុមហ៊ុនទាក់ទងនឹងបសុសត្វបណ្តុះបណ្តាលពីរបៀបចិញ្ចឹម និងថែទាំសត្វ ។លោកត្រៃ ប៊ុនឡៃ អគ្គនាយកក្រុមហ៊ុនប៊ី ខេ ភី (BKP) មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី៣ តុលា ឆ្នាំ២០១២ នៅក្នុងសន្និសីទកាសែត មួយនៅសណ្ឋាគារអាល់ម៉ុន ថាការចិញ្ចឹមសត្វជាលក្ខណៈឧស្សាហកម្មធ្វើឱ្យប្រជាកសិករមានកម្រិតជីវភាពធូរធារ ព្រោះការចិញ្ចឹមបែបនេះ មានរយៈពេលខ្លីឆាប់ទទួលបានទិន្នផល និងអាចនាំចេញទៅប្រទេសក្រៅទៀតផង។ ការចិញ្ចឹមលក្ខណៈបែបនេះគឺគេចិញ្ចឹមមានចំនួនច្រើន ហើយត្រូវការចំណី និងថ្នាំដែលមានគុណភាពខ្ពស់ និងធានាពីសុវត្ថិភាពសត្វនៅពេលវាមានជំងឺ គឺមានលក្ខណៈខុសពីការចិញ្ចឹមជាលក្ខណៈគ្រួសារក្នុងចំនួនតិចតួច ពេលមានជំងឺមិនមានបច្ចេកទេស និងថ្នាំសម្រាប់ព្យាបាល ។
ប្រភពដដែលបន្តថា ទន្ទឹមនឹងការចិញ្ចឹមបានទិន្នផលល្អ ប្រជាកសិករត្រូវមានចំណី និងថ្នាំសម្រាប់ព្យាបាលដែលមានគុណភាពខ្ពស់ ហើយប្រជាកសិកត្រូវការយល់ដឹង និងចេះពីរបៀបចិញ្ចឹម និងថែទាំសត្វដែរ ដូច្នេះហើយទើបក្រុមហ៊ុនប៊ី ខេ ភី របស់លោកនាំចូលផលិតផលបសុសត្វសម្រាប់ចិញ្ចឹម និងព្យាបាលសត្វ។ ផលិតផលទាំងអស់នេះលោកបាននាំចូលមកពីប្រទេសផ្សេងៗ ដូចជាអង់គ្លេស បែ៊លស៊ិក ក្រិច កូរ៉េ ឥណ្ឌា ជាដើម ហើយមុននឹងនាំចូលក្នុងប្រទេសកម្ពុជាយើងមានការត្រួតពិនិត្យគុណភាពទៅតាមស្តង់ដាត្រឹមត្រូវ ។
លោកត្រៃ ប៊ុនឡៃ បញ្ជាក់ថា ក្រៅពីការលក់ផលិតផលបសុសត្វ និងថ្នាំព្យាបាលសត្វក្រុមហ៊ុនប៊ី ខេ ភី មានសេវាបង្រៀនពីបច្ចេកទេសខ្លីៗដូចជាការគ្រប់គ្រងកសិដ្ឋាន គ្រប់គ្រងសុខភាពសត្វ និងការស្វែងយល់ពីថ្នាំនិងវ៉ាក់សាំង ក្នុងការថែទាំសត្វចិញ្ចឹមឱ្យធំធាត់លឿន ដោយពុំគិតថ្លៃពីប្រជាកសិករឡើយ ។ លោកបន្ថែមថាផលិតផលបសុសត្វទាំងនេះ នឹងដាក់បង្ហាញនៅក្នុងពិធីតាំងពិព័រណ៍ឧស្សាហកម្មអន្តរជាតិ កសិកម្ម និងផលិតផលបសុសត្វ នៅថ្ងៃទី១០ ដល់១២ តុលា នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញ ។
ប្រជាកសិករដែលចិញ្ចឹមសត្វជាលក្ខណៈឧស្សាហកម្មគឺជីវភាពរបស់ពួកគាត់មានកម្រិតធូរធារពីមួយថ្ងៃទៅមួយថ្ងៃ ហើយផលិតផលបសុសត្វដែលពួកគាត់ជ្រើសរើសប្រើជាផលិតផលក្រុមហ៊ុនប៊ី ខេ ភី ។ ក្រុមហ៊ុន ប៊ី ខេ ភី (B K P) ជាក្រុមហ៊ុនចែកចាយផ្តាច់មុខផលិតផលបសុសត្វ និងសម្ភារបរិក្ខារបសុពេទ្យ ដើម្បីងាយស្រួលក្នុងការចិញ្ចឹមនិងការពារសត្វចិញ្ចឹមដូចជាថ្នាំការពារ និងព្យាបាលជាតិពុលពីក្នុងខ្លួនសត្វ ។ ផលិតផលដែលក្រុមហ៊ុនដាក់លក់ ចាប់តាំងពីដំណើរការដំបូងរហូតមកដល់ពេលនេះមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ៕
ចែករំលែកព័តមាននេះ