ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេព កុលាប​​​ ភ័យ​​ណាស់​​​បើក​​រថយន្ត​​​រត់​​​ទៅ​​ដល់​​ភូមិ​​គ្រឹះ​​​សម្តេច​​​តេជោ​​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ​​ម៉ោង​​ជាង​​​៦​ល្ងាច​​ទៅ​ហើយ​មេឃ​​ចាប់​ផ្តើម​ងងឹត​​ ​នៅ​​​មុខ​ភូមិ​គ្រឹះ​​សម្តេច​​តេ​ជោ ​មាន​ការ​​ភ្ញាក់​ផ្អើល​​ឈុល​មិន​​ធ្លាប់​​មាន​​ ដោយ​សារ​តែ​​ជន​ស្លៀក​​ពាក់​ស៊ី​វិល​​មាន​​អំណាច​មួយ​ក្រុម ​​ដេញ​​​​​ចាប់​​ផ​ង​ បាញ់​ផង​ កណ្តាល​រាជ​ធានី​​ធ្វើ​ឱ្យ​​អ្នក​​ភ័យ​ខ្លាច​​ បើក​រថយន្ត​​រត់​​រក​​​សម្តេ​ច​​តេ​ជោ និង​​អង្គ​រក្ស​​សម្តេច​​ឱ្យ​ជួយ​ ។​​

​​ប្រភព​​ព័ត៌មាន​​​ពី​​ប្រភព​នានា​ គួរ​ឱ្យ​​ជឿ​ជាក់​​​ត្រូវ​បាន​​រាយ​ការណ៍​​​ដោយ​សង្ខេប​​ដូច​ខាង​ក្រោម​​​នេះ ៖​​​

​​លោក​ស្រី​ ទេព កុលាប ​ក្នុង​រឿង​ក្តី​​ជាមួយ​ឧកញ៉ា​កុក អាន ​កាល​ពី​​ព្រឹក​​​ថ្ងៃ​ទី​​២៨ ​កញ្ញា ​ឆ្នាំ​​២០១២ ​តុលា​ការ​​កំពូល​បាន​​ប្រកាស​​សាល​ដីកា​​លើក​លែង​ការ​ចោទ​​ប្រកាន់​​​និង​បញ្ជា​​ឱ្យ​ដោះ​លែង​​​ពី​​ពន្ធ​​នា​គារ​​ជា​បន្ទាន់​​ក្នុង​​​ថ្ងៃដដែល​​ ។ ដោយ​សារ​​មាន​ជំងឺ​ លោក​ស្រី​ ទេព កុលាប ​ដែល​បាន​​សម្រាក​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​​ខ្មែរ​​-សូវៀត​ បាន​បន្ត​​ព្យា​បាល​​រហូត​ដល់​​ល្ងា​ច​ថ្ងៃ​​ទី​​​១​ ​តុលា ​​ទើប​ត្រូវ​​បាន​គ្រូ​ពេទ្យ​​អនុញ្ញាត​​​​ឱ្យចាក​ចេញ​ ។ ​ការ​ចាក​ចេញ​​​ពី​​មន្ទីរ​ពេទ្យ​​ក្នុង​​បំណង​​ឆ្ពោះ​​ទៅកាន់​​​​សាកល​វិទ្យា​ល័យ​​ភ្នំ​ពេញ​អន្តរ​​ជាតិ ​ដែ​ល​លោក​ស្រី​​ជា​សាកល​វិទ្យា​​ធិការ និង​ជា​ស្ថាប​និក​​​​ ​​ដែល​នៅ​ទី​នោះ​​មាន​ការ​​​​រៀប​​​ចំ​​ជា​ស្រេច​​ដោយ​មាន​​​សាស្ត្រា​ចារ្យ​ ​បុគ្គ​លិក ​និង​និស្សិត​​ប្រមាណ​​២.០០០​នាក់​​​រង់​ចាំ​​ស្វា​គមន៍​​ ដោយ​​ក្តី​រីក​រាយ ។​

​​ប្រភព​ព័ត៌មាន​​ច្បាស់​ការ​​ឱ្យ​​ដឹង​ថា ​រថយន្ត​​១២​កៅ​អី​​ធុន​​​ទំនើប​​​​​​១​គ្រឿង​ ពណ៌​​​ទឹក​​​ប្រាក់​​ ​​ពាក់​ស្លាក​លេខ​​​ភ្នំ​​ពេញ​​​២S-៧២០០​​ នៅ​ក្នុង​​រថយន្ត​​មាន​គ្នា​​​​៩​​​នាក់​​ ជា​សាច់​ញាតិ​​​ជិត​​ដិត​ជា​ស្ត្រី​​​​មាន​ទាំង​កូន​​​២នាក់​ផង​​ បាន​​អម​ដំណើរ​​​​​​លោក​ស្រី​ ទេព កុលាប ​លា​ចាក​ចេញ​ពី​​មន្ទីរ​ពេទ្យ​​​​​ ដែល​ក្នុង​​ចិត្ត​ម្នាក់ៗ​​ពោរ​ពេញ​​ដោយ​ក្តី​រីក​រាយ​ ព្រោះ​សេរី​​ភាព​ និង​​យុត្តិ​ធម៌​​បាន​ប្រគល់​ជូន​​​លោក​ស្រី​​វិញ ​ហើយ ​​គ្មាន​​​នឹក​ឃើញ​​​ឧប​សគ្គ​​ណា​មួយ​​ហ៊ាន​​បំពា​ន​​ទៀត​​ឡើយ ​។

​​ប្រភព​ដដែល​​​រៀប​រាប់​​ប្រាប់​កោះ​សន្តិ​ភាព​​ថា ការ​ចាក​ចេញ​​​ពី​មន្ទី​រ​​ពេទ្យ​​​នេះ​ក្នុង​បំណង​​ទៅ​ទទួល​​ការ​ស្វា​គមន៍​​ពី​និស្សិត​ និង​​សាស្ត្រា​ចារ្យ​​ដែល​នៅ​រង់​ចាំ​​មុន​និង​ធ្វើ​ដំណើរ​​​ឆ្ពោះ​​ទៅ​គេហ​ដ្ឋាន​​ ដែល​លោក​ស្រី​​បែក​ជាង​​១​ឆ្នាំ​​​កន្លង​មក​នេះ ។​​ ពេល​រថយន្ត​​​វិល​កង់​​​លូន​ចេញ​​ផុត​ពី​​​​​​ក្លោង​ទ្វារ​​មន្ទីរ​​ពេទ្យ​​ភ្លាម​ ស្រាប់​​តែ​​មាន​​​ជន​​ស្លៀក​ពាក់​​ស៊ី​វិល​​មួយ​ក្រុម​​ជិះ​ម៉ូតូ​​​ពី​​៤​ទៅ​​៥​គ្រឿង និង​រថយន្ត​​កាម​រី​​ អត់​ស្លាក​លេខ ​​​​​​​ខ្លះ​ពាក់​​ម៉ាស់​បិទ​មុខ ​ក្នុង​ភាព​​ក្លា​ហាន​ ​មក​រា​រាំង​​កាក់​រថយន្ត​​លោក​ស្រី​ឱ្យ​ឈប់ ។ ដោយ​​​​ភាព​ភ័យ​ខ្លាច​ និង​តក់​ស្លុត​រហូត​​ធ្លាក់​​ខ្លួន​មាន​ជំងឺ​​មិន​ទាន់​​បាន​ផុត​​រលត់​ផង​​ មក​ជួប​​​ប្រទះ​​ជន​ចម្លែក​​មក​​យាយី​​បែប​នេះ​ទៀត​ ​និង​​ស្ថិត​ក្នុង​​ស្ថាន​ភាព​អាក្រក់​​បែប​នេះ​​​​រថយន្ត​​របស់​លោក​ស្រី​​​ ដោយ​តក់​ស្លុត​​​ពេក​​​​​​ឥត​ហា៊ន​ឈប់​​ទេ គឺ​កាន់​​តែ​បង្កើន​​ល្បឿន​​ទៅ​មុខ​​ក្នុង​បំណង​​រក​គោល​ដៅ​​កក់​​ក្តៅ​​ណា​មួយ​​​ឱ្យ​គេ​ជួយ​​ ​ព្រោះ​លោក​ស្រី​​​គិត​ថា​មាន​​គេ​​មក​ប៉ុន​​ប៉ង​​យក​អាយុ​​​ជីវិត​​​​​លោក​ស្រី​ ​​។ ចំណែក​​​ជន​ស៊ី​វិល​​ដែល​​បើក​ម៉ូតូ​​​៤​ទៅ​​៥​គ្រឿង​​​​ និង​រថយន្ត​​កាម​​រី​​អត់​ស្លាក​លេខ​​មួ​យ​គ្រឿង​​បាន​ដេញ​តាម​​ចាប់​​ដូច​គេ​​ដេញ​​​​​តាម​​ចោរប្លន់​​ ដោយ​ដេញ​​តាម​​​ចាប់​​​រហូត​​ ដែល​រថយន្ត​​លោក​ស្រី​ទេព កុលាប ​នៅ​តែ​បើក​រត់​​​ឥត​ឈប់​​ទេ ​ក្នុ​ង​ទឹក​ដី​​ខណ្ឌ​ចំការ​​​មន​​ និង​​ឱ្យ​​បើក​សំដៅ​​ទៅ​​​​​ស្ថាន​ទូត​​ចិន ​។ ពេល​​រថយន្ត​​បើក​​​ទៅ​ដល់​ផ្លូវ​​ម៉ៅសេទុង មុខ​ទូត​ចិន​​មិន​ឃើញ​​​មាន​សមត្ថ​កិច្ច​ ​ក្មួយ​ប្រុស​លោក​ស្រី​​ ​​ក៏​​បើក​បង្ហូស​​ទៅ​ដល់​​ភ្លើង​ស្តុប​​​ចំការ​មន ភ្លាម​នោះ​​​លោក​ស្រី​បាន​ប្រាប់​អ្នក​​បើក​បរ​​ឱ្យ​​បើក​ទៅ​ស្ថាន​ទូ​​ត​ថៃ​​​ដើម្បី​​រក​គេ​ជួយ​ ។ ពេល​​ដល់​ស្ថាន​​ទូត​ថៃ​​ទ្វារ​​របង​ត្រូវ​​​បិទ​​​ជិត​ និង​មាន​អ្នក​​​យាម​​ម្នាក់​ពីរ​​ក៏​ឈប់​នៅ​ទី​នោះ​​​ ហើយ​​ត្រូវ​ក្រុម​​ជន​​​​ស៊ី​វិល​​​ដែល​តាម​ពី​​​ក្រោយ​​​​បាន​​ទៅ​ដល់​​ដែរ ។ លោក​ស្រី​​ទេព​ កុលាប បាន​បង្ខំ​ចិត្ត​​​ឱ្យ​ក្មួយ​​ប្រុស​​បើក​​ចេញ​​​ទៅ​ទៀត​​​ដោយ​មិន​ទុក​​​ចិត្ត​​ក្រុម​នោះ​​ ។ ​រថយន្ត​​​លោក​ស្រី​​បើក​ចេញ​ផុតពី​ស្ថានទូត​​​ថៃ​​​បន្តិច ​ចន្លោះ​​ស្ថានទូ​តជប៉ុន​​ស្រាប់​តែ​មាន​​ការ​ផ្ទុះអាវុធ​​ចំនួន​៣​ទៅ​៤គ្រាប់​​​គំរាម​​ពី​សំណាក់​​ក្រុម​ជន​ស៊ី​វិល​​ដែល​មាន​កាំ​ភ្លើង​​ខ្លី​ផង​​ កាំភ្លើង​វែង​ផង​ ​ជា​អ្នក​​ដេញ​​តាម​​​ ។ ​ពេល​នោះ​​លោក​ស្រី​ដឹង​ថា ពិត​ជាមាន​រឿង​​មិន​ល្អ​​មែន​ហើយ​​ ហើយ​ក្រុម​នោះ​នៅ​​​តែ​ព្យាយាម​​តាម​ពី​ក្រោយ​​ទៀត​។  ដោយ​​​ពេល​​វេលាកាន់​តែ​​​ព្រលប់​ផង​ ​រថយន្ត​លោក​ស្រី​ក៏​បាន​​បើក​ដល់​វិមាន​ឯករាជ្យ​​​​ក៏​​បាន​​​បញ្ជា​​​​ឱ្យ​ក្មួយ​ប្រុស​​បើក​ទៅ​ឈប់​​មុខភូមិ​គ្រឹះ​សម្ដេច​​តេជោ​​ហ៊ុន សែន ​តែ​ម្តង​ ដែល​​ជា​ទី​សុវត្ថិ​ភាព ​មាន​អង្គរក្ស​​សម្ដេច​​ច្រើន​​ ពិត​ជា​ជួយ​ការ​ពារ​អាយុជីវិត​​​លោក​ស្រី​បាន​ ​។

​គ្រាន់​តែ​រថយន្តឈប់​ភ្លាម​​​​មុខ​ទ្វារ​​របង​​​កម្លាំង​ស៊ីវិល​ប្រមាណ​​ពី​៧​ទៅ៨​​នាក់​បាន​ស្ទុះ​​ទៅ​មុ​ខ​​​រថយន្ត​​​​​បំណង​​វាយ​បំបែក​កញ្ចក់​​ទ្វា​ររថយន្ត​​​លោក​ស្រី​ដើម្បី​​នាំ​មនុស្ស​​ចេញ​ ប៉ុន្តែ​រថយន្ត​​បាន​ដាក់​​គន្លឹះ​ជាប់​​ ។ ​ភ្លាម​នោះ​ដែរ​អង្គរក្ស​​សម្ដេច​តេជោ​​បាន​ចេញ​មក​​ព្រោងព្រាត ​​ដោយ​បាន​សួរ​​នាំ​ទៅ​កម្លាំង​​​ស៊ីវិល​​​ទាំង​​នោះ​​ គេ​ឆ្លើយ​​មក​វិញ​ថា ​ពួក​គេ​​ជានគរបាល​ព្រហ្ម​ទណ្ឌ​កម្រិ​តស្រាល​​របស់​​​​លោក​​​ទូច ណារ៉ុថ អនុវត្តដីកា​​​​ឱ្យ​នាំ​ខ្លួន​​លោក​ស្រី​​ទេព កុលាប ​ទៅ​តុលាការ​​ ។ ច​ំណែក​​​​ក្រុម​អង្គរក្ស​​សម្តេច​​​​បាន​​យល់​ភ្លាម​ថា​ លោក​​​ស្រី​ទេព កុលាប​ ទើប​ត្រូវបាន​តុលាការ​​កំពូល​ប្រកាស​​សាលដីកា​​ឱ្យ​ដោះលែង​​​លោក​ស្រី​រួចផុត​ពី​​ការ​ចោទ​ប្រកាន់​​ហើយ ​រឿង​​អីត្រូវ​ប៉ូលិស​​​​ដេញ​តាម​ចាប់​ទាំង​ព្រលប់​​ទៀត​ ។​

ប្រភព​ព័ត៌មាន​បន្តថា ពេល​កើត​មាន​ហេតុ​​ការ​​ផ្ទុះ​អាវុធ​​ភ្លាម​​ ភ្ញាក់​​ផ្អើល​​មួយ​ចំហៀង​​ក្រុង​ ​និង​​មាន​ការប្រកូក​ប្រកាស​​តាម​វិទ្យុ​​ទាក់ទង​ផង​ថា​ នៅ​ក្នុង​រថយន្ត​​លោកស្រី​​ទេព​ កុលាប​ មាន​ទាហាន​​​នៅ​ក្នុងនោះ​ដែរ​​​​ជា​​អ្នក​បាញ់​​ ដូច្នេះ​​​លោ​ក​​ឧត្តម​សេនីយ៍​​​​ទោ​​​ យ៉ា​ គឹម​អីុ​ មេ​បញ្ជា​ការ​​​​រ​ងកង​រាជ​អាវុធ​​ហេត្ថ​លើ​ផ្ទៃ​ប្រទេស​​​​ និង​ជា​មេ​បញ្ជា​ការ​​​កង​រាជ​អាវុធ​​​​​​​​ហត្ថ​រាជ​ធានី​​ភ្នំពេញ​​​ បាន​មាន​​​បទ​បញ្ជា​​​ឱ្យ​លោក​​​​​​​វ​រ​សេនីយ៍​​​​ឯក​​​​ ពូ ដាវី​​ ប្រើ​​​​ប្រាស់​កម្លាំង​​​​​ចេញ​​ជា​បន្ទាន់​​​ ដើម្បី​​​ទប់​ស្កាត់ការ​​​​ផ្ទុះ​​អាវុធ​ និង​​​​ចាប់​​ជន​​ឯក​សណ្ឋាន​​​​យោ​ធា​​ ។ លោក​វរ​សេនីយ៍​​​​​ឯក ពូ​​ ​ដាវី​ ក៏​បាន​បញ្ជា​​​កម្លាំង​កង​រាជ​អាវុធ​​​ហត្ថ​ខណ្ឌ​​​​​ចំការ​​មន​​ ​និង​ខណ្ឌ​ដូន​​ពេញ​​ ព្រម​ទាំង​​​​រូប​លោក​​​ទៅ​ដល់​ដែរ​​ ​ជា​ដំបូង​​​ទៅ​ឃាត់​​​​​​តែ​អ្នក​បើក​បរ​​រថយន្ត​​​​​​លោក​ស្រី​​ ទេព កុលាប នាំ​យក​ទៅ​​​សាក​សួរ​​​នៅ​ទីបញ្ជា​ការ​​​កង​រាជ​អាវុធ​​​ហត្ថ​​​​ខណ្ឌ​ចំការ​​មន​​ ។ លោក​ ពូ​ ដាវី​ ​​បានប្រាប់​កោះ​សន្តិ​​​​​​​ភាព​ថា ​បាន​ជា​​ឃាត់​​​​​ខ្លួន​​​អ្នក​បើក​បរ​​​​រថយន្ត​​​​​ទៅ​សួរ​​ ព្រោះ​ក្នុង​​​រថយន្ត​​​នោះ​មាន​តែ​​​អ្នក​​បើក​​​បរ​​​ម្នាក់​គត់​​ ជា​បុរស​​​វ័យ​ជំទង់​​​​ជាង​គេ​​​ ក្រៅ​ពី​​នោះ​កូន​​លោក​ស្រី​​ ទេព កុលាប​​ តូច​ៗ​​ ហើយ​​​​​និង​មាន​​​សុទ្ធ​​តែ​នារី​ ។​

​ពេល​នាំ​​​​អ្នក​​​បើក​បរ​រថយន្ត​​​​​លោក​ស្រី ទេព កុលាប​ ​ទៅ​សាក​សួរ​​​​​ អ្នក​បើក​បរ​​ឆ្លើយ​យ៉ាង​ច្បាស់​ថា ​​អ្នក​ជិះ​​​​រថយន្ត​​​សុទ្ធ​តែ​​​ក្មេង​ និង​មនុស្ស​​​ចាស់​ ព្រម​​ទាំង​លោក​ស្រី​​​ ទេព​​ កុលាប​ ​​ជា​​អ្នក​​​​​ជំងឺ​​​​ ដូច្នេះ​​គ្មាន​​​​កម្លាំង​ប្រដាប់​​អាវុធ​​ទេ ។​​ អាវុធ​​ដែល​​បាន​​​​ផ្ទុះ​​ចំនួន​​​៣​គ្រាប់​​ទៅ​៤គ្រាប់​មុន​នេះ គឺ​​ជនស៊ីវិល​មួយក្រុម ដែល​ដេញ​តាម​រថយន្ត​​​ជា​អ្នក​​បាញ់​​ ហើយ​​​ឆ្លើយ​ដាក់​គេ ។ លោក ពូ ដាវី ​បន្ត​ថា បន្ទាប់​ពី​​សាកសួរ​​ដឹង​រឿង​ថា ក្រុមស៊ី​វិល នោះ​ជា​មន្ត្រី​​​ ឬកម្លាំង​នគរ​បាល​ការិ​យា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​រាជ​ធានី​ភ្នំពេញ ចុះ​អនុវត្ត​​ដីកា​តុលាការ​ លោក​បាន​ប្រគល់​អ្នក​បើក​បរ​ទៅ​ឱ្យ​សមត្ថកិច្ច​​អនុវត្ត​ដីកាវិញ​​ភ្លាម​ ។ ​ហេតុ​ការណ៍​​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​​អ្នក​ដំណើរ​ច្រើន​កុះ​ករ​​ និង​កក​ស្ទះ​ចរាចរណ៍​តាម​មើល និង​ចង់​ដឹង​​​នៅ​​​ពាស​​ពេញ​​តំបន់​​​​វិមា​ន​ឯក​រាជ្យ​​ ។

​​​ប្រភព​ព័ត៌​មាន​ពី​មុខ​ភូមិ​គ្រឹះ​​សម្តេច​តេជោ ​បាន​ឱ្យ​ដឹង​ថា ដោយ​មាន​ការ​ស្តាប់​ពីការ​រៀប​​រាប់​របស់​លោក​ស្រី ​ទេព កុលាប ​ទើប​ភ្លាមៗ​​​​ក្រុម​​អង្គ​រក្ស​សម្តេច​តេជោ បាន​នាំ​យក​ទាំង​មនុស្ស​ទាំង​រថយន្ត​លោក​ស្រី​​ កុលាប បើក​​ចូលទៅ​ក្នុង​​ទី​​បញ្ជា​ការ​​កង​អង្គរក្ស​ដែល​ស្ថិត​​នៅ​ខាងក្រោយ​​ភូមិគ្រឹះ​​សម្តេច​តេជោ ដើម្បី​ការពារ​សន្តិ​សុខ​ដល់​លោក​ស្រី​​ កុលាប ផងដែរ​​ ។​

​បន្ទាប់​ពី​កង​​អង្គ​រក្ស​នាំ​រថយន្ត​និង​លោក​ស្រី ​ទេព កុលាប ​ចូល​ផុត​ទៅ ​ក្រុម​​ជន​ស៊ីវិល​ដែល​គេ​និយាយ​ថា​ ជា​កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​​រាជធានីភ្នំពេញ ​ក៏​ចាក​ចេញ​ពី​ទី​នោះ​អស់​ដែរ ពេល​នោះ​​ម៉ោង​​​ជាង​​៦​ល្ងាច​​ទៅ​ហើយ​​​ ។ ​

នៅ​ក្នុង​​​ទី​​បញ្ជាការ​កង​អង្គរក្ស​ និង​​​ជា​​ខុទ្ទ​កាល័យ​​សម្តេច​​តេជោ​ផ​ង​ដែរ​ ​មាន​ប្រភព​ច្បាស់​ការណ៍​​​ថា សម្តេច​តេជោ​ និង​លោក​ជំទាវ ព្រម​ទាំង​លោក​ជំ​ទាវ ហ៊ុន ម៉ាណា បាន​ចេញ​ទៅ​ជួប​លោក​ស្រី ទេព កុលាប​ ផ្ទាល់​ដោយ​បាន​សំណេះ​សំណាលអស់​រយៈ​​ពេល​យ៉ាង​យូរ និង​​​បាន​​​​​ដឹង​រឿង​ទាំង​អស់ ។​ ចុង​ក្រោយ​សម្តេច​បាន​ឱ្យ​កង​អង្គ​រក្ស​ជូន​លោក​ស្រី​ ទេព​ កុលាប និង​មនុស្ស​នៅ​ក្នុង​រថយន្ត​ទាំង​អស់ ​ទៅ​ដល់​លំនៅ​ឋាន ព្រម​ទាំង​បាន​ណែនាំ​ឱ្យ​កង​អង្គ​រក្ស​​ជួយ​​ការពារសន្តិ​សុខ​សុវត្ថិ​ភាព​ក្រុម​គ្រួ​សារ​លោក​ស្រី​ពេញ​១យប់​នោះ​ទៀត​ផង​​។ ​ចំណែក​ប៉ូលិស​​​មូល​ដ្ឋាន​​​ មាន​ប៉ូលិស​​ប៉ុស្តិ៍​​ជា​ដើម​ ក៏​នៅ​​ជួយ​ការ​ពារ​​សន្តិ​សុខ​​សុវត្ថិ​ភាព​​លោក​ស្រី​ ទេព កុលាប ​កុំ​ឱ្យ​​គាត់​ភ័យ​​ព្រួយ​​​​ពេក​​ដែរ​​ ។

​ប្រ​ភពព័ត៌​មាន​​ពី​ស្នង​ការ​​ដ្ឋាន​​​ថា នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​ឯណោះ​វិញ កង​កម្លាំង​នគរ​បាលពី​៨​ទៅ​៩​នាក់​ ដែល​​​ចុះ​អនុវត្ត​ដី​កាសាលា​ដំបូង​រាជ​ធានី​​យ៉ាង​​អា​ក្រក់​នេះ​​ រួម​ទាំង​ថ្នាក់​ប្រធាន​ការិយា​ល័យ​ និង​អនុ​ប្រធាន​ការិយា​ល័យ​​ម្នាក់​ផង ​​​ត្រូវ​បាន​ថ្នាក់​លើ​បញ្ជា និង​​​ហាម​ឃាត់​មិន​ឱ្យ​ចេញ​ទៅ​ណា ​ក្រៅ​ពី​នៅ​​កន្លែង​ធ្វើ​ការទេ​ សូម្បី​បាយ​ទឹក​ក៏​ត្រូវ​ទិញ​បាយ​កញ្ចប់​យក​ទៅ​ហូប​ចុក​ដែរ គឺ​​ឃាត់​​ទុក​​ម្តុំ​​ ។

លោក​វរ​សេនីយ៍​ទោ​​ សុង​ លី ប្រធាន​ការិ​យា​ល័យ​​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​បាន​ទទួល​ស្គាល់​ថា​ កម្លាំង​ការិយាល័យ​របស់​លោក​បាន​ចុះ​ទៅ​ធ្វើ​កិច្ច​ការ​ដីកា​តុលាការ​មែន​ ។ ចំណែក​​រូប​លោក​មិន​បាន​ចុះ​ទៅ​ផ្ទាល់ទេ គឺ​ដឹក​នាំ​កម្លាំង​​ដោយ​អនុ​ប្រធាន​ម្នាក់​ទទួល​បន្ទុក​ផ្នែក​សួរ​ចម្លើយ​សំណុំ​រឿង ។ ​គួរ​បញ្ជាក់​ថា ​នៅ​ល្ងាច​​ថ្ងៃ​​នេះ​មាន​​ការ​​ផ្លាស​់​​ប្តូរ​​មុខ​​​ដំណែង​​លោក​ស្នង​ការ​ ស្នង​ការ​រង​ និង​មន្ត្រី​​មួយ​ចំនួន​​ក្នុង​ស្នង​​ការ​ដ្ឋាន​​ហើយ​ ។​​

ប្រភព​ពី​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​វិញ​បាន​ឱ្យ​ដឹង​ថា ពិត​ណាស់​ថ្ងៃទី​១ តុលា នេះ​លោក​ កោ វណ្ឌី​​ ចៅ​ក្រម​ស៊ើប​​អង្កេត​បាន​ចេញ​ដីកា​​បង្គាប់​ឱ្យ​នាំ​ខ្លួន​លោក​ស្រី ទេព​ កុលាប ឱ្យ​ចូល​មក​ឆ្លើយ​បំ​ភ្លឺ​លើ​សំណុំ​រឿង​ថ្មី​មួយ​ទៀត តាម​ការ​ចោទ​ប្រកាន់​របស់​តំណាង​អយ្យ​ការ​គឺ លោក​ហៀង សុភ័ក្រ ព្រះរាជអា​ជ្ញា​រង ។ ប៉ុន្តែ​សំណុំ​រឿង​ថ្មី​នេះ​ មិន​មាន​ប្រ​ភព​ព័ត៌​មាន​ណា​មួយ​បញ្ជាក់​​ថា លោក​ស្រីទេព​ កុលាប ជាប់​រឿង​អ្វី​នោះ​ឡើយ គឺ​គ្រាន់​តែ​ហៅ​ទៅ​សាក​សួរ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ការ​កោះ​ហៅ​ទៅ​សាក​សួរ​នេះ បែរ​ជា​ធ្វើ​ឡើងគគ្រឹក​គគ្រេង​ខ្លាំង​ពេក ដែល​មនុស្ស​ទើប​រួច​ពី​ពន្ធ​នាគារ​ផង មិន​ទាន់​បាន​ទៅ​ដល់​ផ្ទះ​ផង បែរ​ជា​មក​តាម​ចាប់​ទៀត ។ ​មជ្ឈ​​ដ្ឋាន​​នានា​​​ច្រើន​​​​ណាស់​​និយាយ​ថា ​បើ​កុំ​បាន​សម្តេច​តេជោ​ និង​លោក​ជំទាវ ប្រកប​ដោយ​ភាព​ឈ្លាស​វៃ​ និង​ប្រកប​ដោយ​យុត្តិ​ធម៌​នោះ​ម៉្លេះ​​ ​ជន​ទាំង​ឡាយ​ដែល​​មិន​គួរ​​រង​គ្រោះ​​ត្រូវ​​​រង​គ្រោះ​ធ្ងន់​ធ្ងរ​ណាស់ ដោយ​សារ​តែ​​​​​ស្នា​ដៃ​​អ្នក​មាន​​​​អំណាច​​ខាង​ចាប់​ ៕​​​