រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី១ តុលា នេះ សាលាដំបូងរាជធានី នឹងប្រកាសសាលក្រមលើសំណុំរឿងលោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ អេហ្វអឹម១០៥មេហ្គាហឺត និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ព្រមទាំងក្រុមពាក់ព័ន្ធទាំងអស់ចំនួន១៣នាក់ ជុំវិញការបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ ។
គួរបញ្ជាក់ថា សំណុំរឿងនេះមានជនត្រូវចោទទាំងអស់ចំនួន១៣នាក់ តែនៅក្នុងឃុំ៤នាក់ និងនៅក្រៅឃុំ៦នាក់ គេចខ្លួន៣នាក់ ។ ជនជាប់ចោទ១.ឈ្មោះម៉ម សូណង់ដូ អាយុ៧១ឆ្នាំ ២.ឈ្មោះកាន់ សុវណ្ណ ភេទប្រុស អាយុ៥៤ឆ្នាំ ៣.ឈ្មោះ ទូច រៀប ភេទប្រុស អាយុ៣៣ឆ្នាំ ៤.ឈ្មោះ ភន ស្រឿន ភេទប្រុស អាយុ៣២ឆ្នាំ។
ចំណែកជនជាប់ចោទ៦នាក់នៅក្រៅឃុំ ១.ឈ្មោះ ហង្ស ផល ភេទប្រុស អាយុ៤៨ឆ្នាំ ២.ឈ្មោះ ហេង គឿន ភេទប្រុស អាយុ៣១ឆ្នាំ ៣.ឈ្មោះ ម៉ៅ វាសនា ភេទប្រុស អាយុ៣២ឆ្នាំ ៤.ឈ្មោះ ផាត់ សារឿន ភេទប្រុស អាយុ៥៧ឆ្នាំ ៥.ឈ្មោះ ម៉ា ឆាង ភេទប្រុស អាយុ៤៧ឆ្នាំ និង៦.ឈ្មោះ គង់ វណ្ណៈ ភេទប្រុស អាយុ៥៣ឆ្នាំ ។ ដោយឡែកជនដែលកំពុងគេចខ្លួន៣នាក់មាន១.ឈ្មោះ ប៊ុន រដ្ឋា ២.ឈ្មោះ ប៊ុន ឆន និង៣.ឈ្មោះ សុខ តុង ។ ក្នុងចំណោម១៣នាក់ មាន៩នាក់ជាប់ចោទពីបទប្រឆាំងនឹងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោសកុបកម្ម ជ្រៀតជ្រែកដោយខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតប្រើប្រាស់លិខិតឬឯកសារដែលបង្កើតឱ្យមានការភ័ន្តច្រឡំ និងញុះញង់ឱ្យប្រជាពលរដ្ឋកាន់កាប់អាវុធប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ។ ចំណែក៤នាក់គឺសុទ្ធតែជាមន្ត្រីសាធារណៈ ដូចជាប្រធានភូមិប្រម៉ា អនុប្រធានភូមិ ជំទប់ និងសមត្ថកិច្ចប៉ូលិសប្រចាំការនៅទីនោះ ។
មតិជាតិ និងអន្តរជាតិ អង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលសាលក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ វិនិច្ឆ័យទោសទៅលើក្រុមលោកម៉ម សូណង់ដូ យ៉ាងដូចម្តេចហើយលទ្ធផលនឹងបានដឹងគ្រប់គ្នានៅថ្ងៃនេះ ។
គួរបញ្ជាក់ថា សំណុំរឿងលោកម៉ម សូណង់ ដូ ត្រូវបានសាលាដំបូងរាជធានីលើកយកមកបើកសវនាការជំនុំជម្រះរយៈពេល៣ថ្ងៃ ពីថ្ងៃទី១២ ១៣ និង១៤ កញ្ញា កន្លងទៅ ដោយមានប្រធានក្រុមប្រឹក្សាគឺលោកស្រី ចាំង ស៊ីណាត និងលោកមាស ច័ន្ទពិសិទ្ធ ព្រះរាជអាជ្ញារងតំណាងអយ្យការ ។ ក្នុងថ្ងៃប្រកាសសាលក្រមនេះដែរ តាមប្រភពពីលោកអធិការប៉ូលិសខណ្ឌ៧មករា បានឱ្យដឹងថា ក៏មានបទបញ្ជាឱ្យមានការបិទផ្លូវនៅមុខតុលាការដូចថ្ងៃបើកសវនាការដែរ ៕
ចែករំលែកព័តមាននេះ