រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី២៩ កញ្ញា ២០១២ វេលាម៉ោង២ និង៣០នាទី នៅលើទីលានវិទ្យាល័យបឹងត្របែក មានការប្រកួត បាល់ទាត់លក្ខណៈមិត្តភាពដកស្រង់បទពិសោធន៍រវាងក្រុមសន្តិភាព និងក្រុមយុវជនសាលាអន្តរជាតិម៉ាស្ទ័រ ដែលការប្រកួតក្រុមទាំង២នេះបានធ្វើការវាយបកគ្នាទៅវិញទៅមក ដោយមានលក្ខណៈតស៊ូនិងស្វិតស្វាញ ក្រោម តំណក់គ្រាប់ភ្លៀងនិងដីរអិល ហើយលទ្ធផល គឺ ក្រុមយុវជនសាលាអន្តរជាតិម៉ាស្ទ័រយកឈ្នះលើ ក្រុមសន្តិភាព ៤-១ ។
នៅតង់ទី១ក្រុមយុវជនសាលាអន្តរជាតិម៉ាស្ទ័របានធ្វើការគ្របដណ្តប់លើក្រុមសន្តិភាព យ៉ាងខ្លាំង ប៉ុន្តែខ្សែការពាររបស់ក្រុមសន្តិភាពក៏ រឹងមាំក្នុងការរារាំងខ្សែប្រយុទ្ធរបស់គូប្រកួតផង ដែរ។ ប៉ុន្តែរហូតដល់នាទី ៣៧ ដោយសារតែខ្សែការពាររបស់ក្រុមសន្តិភាពភ្លាត់ស្នៀតធ្វើឱ្យខ្សែប្រយុទ្ធគូប្រកួតស៊ុតបាល់បាន១គ្រាប់ ។ ចំណែកក្រុមសន្តិភាពបានវាយបកវិញយ៉ាងខ្លាំង ប៉ុន្តែមិនអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីគូ ប្រកួតបាន ធ្វើឱ្យការប្រកួតក្នុងតង់ទី១បញ្ចប់ ដោយលទ្ធផល១-០ ។
ចូលដល់តង់ទី២ក្រុមទាំង២បាន លេងក្នុង បច្ចេកទេសថ្មីដើម្បីយកឈ្នះគ្នាទៅវិញទៅមក ដោយសំរុកចុះឡើងរៀងៗខ្លួន ប៉ុន្តែស៊ុតមិនចំ គោលដៅ រហូតដល់នាទី៧១និង៧៨ ក្រុមយុវ ជនសាលាអន្តរជាតិម៉ាស្ទ័របានស៊ុតបាល់បញ្ចូល ទី២គ្រាប់បន្ថែមទៀតនាំមុខទៅលើក្រុមសន្តិភាព ៣-០ ដោយសារការសាមគ្គីនិងការមិនបាក់ ទឹកចិត្ត ក្រុមសន្តិភាពបានខំប្រឹងវាយបកវិញស៊ុត បញ្ចូលទីគូប្រកួតបាន១គ្រាប់នៅនាទីទី៨៥ ដោយថ្វីជើងកីឡាករ ស្រី សំណាង មានន័យថា លទ្ធផលបណ្តោះអាសន្ន ៣-១ ។
ទោះជាយ៉ាងណាក្រុមយុវជនសាលាអន្តរ ជាតិម៉ាស្ទ័រនៅតែគ្របដណ្តប់ទៅលើក្រុមសន្តិភាព ហើយដោយសារការធ្វេសប្រហែសរបស់ក្រុមសន្តិភាព នៅម៉ោងបន្ថែមក្នុងតង់ទី២ក្រុម យុវជនសាលាអន្តរជាតិម៉ាស្ទ័រ បានស៊ុតបញ្ចូល ទីបន្ថែម១គ្រាប់ទៀតលើក្រុមសន្តិភាព ។ ស្រប ពេលនោះអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតតែម្តង លទ្ធផលគឺក្រុមយុវជនសាលាអន្តរជាតិ ម៉ាស្ទ័រយកឈ្នះក្រុមសន្តិភាព ៤-១ ។
សូមបញ្ជាក់ផងដែរថា ក្រុមសន្តិភាព គឺ ជាក្រុមមួយដែលទើបតែបង្កើតឡើងបាន១ខែ ប៉ុណ្ណោះ នេះគឺជាលើកទី១ហើយរវាងក្រុមទាំង ២ដែលជួបគ្នា ។ ក្រុមសន្តិភាពត្រូវបានក្រុម ហ៊ុនស្រាបៀរកម្ពុជាខ្មែរប៊្រូវើរីជាអ្នកឧបត្ថម្ភ សំលៀកបំពាក់ដល់ក្រុមកីឡាករ ៕
ចែករំលែកព័តមាននេះ