ប្រធានាធិបតីភូមាលោកថេន សេន គូសបញ្ជាក់ថា លោកនឹងមិនប្រឆាំងជំទាស់ឡើយក្នុងការឱ្យលោកស្រីអ៊ួង សាន់ ស៊ូជីឡើងបន្តតំណែងពីលោកប្រសិនបើប្រជាជនប្រាថ្នាចង់បានដូច្នេះ តែលោករំលឹកថា លោកគ្មានអំណាចផ្លាស់ប្តូរតែម្នាក់ឯងនូវរដ្ឋធម្មនុញ្ញ ដើម្បីឱ្យមេដឹកនាំប្រឆាំងរូបនោះ កាន់តំណែងកំពូលឡើយ ។
ក្នុងបទសម្ភាសន៍មួយជាមួយBBC កាលពីថ្ងៃទី៣០ កញ្ញា ប្រមុខរដ្ឋភូមាថ្លែងថា ប្រការនេះផ្អែកលើប្រជាជន ។ ប្រសិនបើប្រជាជនយល់ព្រមទទួលលោកស្រីស៊ូជី ខ្ញុំត្រូវតែទទួលយក ។ ពេលនេះយើងធ្វើការរួមគ្នា ពុំមានបញ្ហាចោទរវាងពួកយើងឡើយ ។លោកស្រីស៊ូជី ជាភរិយាមេម៉ាយ របស់ជនជាតិអង់គ្លេសម្នាក់ ហើយជាម្តាយរបស់កូនប្រុស២នាក់សញ្ជាតិអង់គ្លេស ដោយយោងតាមរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ រារាំងលោកស្រីក្នុងការកាន់តំណែងប្រធានាធិបតី ។
លោកថេន សេន បញ្ជាក់ថា លោកពុំមានអំណាចធ្វើការសម្រេចកែប្រែរដ្ឋធម្មនុញ្ញឡើយ ហើយមានតែប្រគល់ជូនសភា ។ ខ្ញុំមិនអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយខ្លួនខ្ញុំផ្ទាល់នោះទេ ។បណ្តាសមាជិកសភានិងប្រជាជនត្រូវតែគាំទ្រដល់ការកែទម្រង់ជាយថាហេតុមួយ ។ លោកក៏បានគូសបញ្ជាក់ផងដែរថា កងទ័ពដែលមានកៅអី ១ភាគ៤ក្នុងសភា ហើយដែលដឹកនាំប្រទេសរយៈពេលកន្លះសតវត្សរហូតដល់ខែមេសា ឆ្នាំ២០១១ នឹងរក្សានូវតួនាទីសំខាន់ក្នុងប្រទេស ។ លោករំលឹកថា រដ្ឋធម្មនុញ្ញកំណត់ច្បាស់ពីការទទួលខុសត្រូវរបស់កងទ័ព ។ យើងពុំអាចផាត់កងទ័ពចេញពីនយោបាយឡើយ ។
ប្រធានាធិបតីភូមានាសប្តាហ៍កន្លងទៅនេះ បានទៅចូលរួមពិធីមួយសម្តែងការគោរពកោតសរសើរលោកស្រីស៊ូជី នៅមុខអ.ស.ប ដោយសារការខិតខំប្រឹងប្រែងរបស់លោកស្រីដើម្បីលទ្ធិប្រជាធិបតេយ្យ ។លោកមានប្រសាសន៍ថា លោកស្រីស៊ូជី ជាអ្នកប្រឆាំង ប៉ុន្តែពេលនេះគឺជា សហសេវិក ។ យើងទាំងអស់គ្នាធ្វើការដើម្បីប្រទេស ។ លោកយល់ថា សហគមន៍អន្តរជាតិមានការជឿជាក់លើភាពស្មោះសររបស់លោក ដោយសារការបង្កើនការកែទម្រង់ចាប់តាំងពី១ឆ្នាំកន្លះមកហើយដោយដោះលែងពួកអ្នកទោសនយោបាយជាច្រើនរយនាក់ ហើយដោយអនុញ្ញាតឱ្យលោកស្រីស៊ូជី ចូលរួមក្នុងល្បែងនយោបាយស្របច្បាប់ ៕
ចែករំលែកព័តមាននេះ