ក្រោយពាក្យចចាមអារ៉ាមជាច្រើនថ្ងៃមកទីបំផុតនាយប់ថ្ងៃទី២៣ មីនា ព័ត៌មានអំពIការសុំលាលែងរបស់នាយករដ្ឋមន្ត្រីព័រទុយហ្គាល់លោក JOSE SOCRATES ត្រូវបានអះអាងខណៈដែលពួកប្រឆាំងទាំងអស់ក្នុងសភាដែលមានសម្លេងភាគច្រើនបានបដិសេធកម្មវិធីស្តារសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រី ។ មិនដល់២ម៉ោងផង ក្រោយការបដិសេធនោះនាយករដ្ឋមន្ត្រីព័រទុយហ្គាល់រូបនេះបានប្រកាសពីការសុំលាលែងរបស់លោក ។
ក្នុងសេចក្តីប្រកាសមួយទៅកាន់ប្រជាជាតិលោក SOCRATES ថ្លែងថា ពេលនេះគណបក្សប្រឆាំងទាំងអស់បានបដិសេធវិធានការទាំងឡាយស្នើដោយរដ្ឋាភិបាល ដើម្បីចៀសវាងកុំឱ្យព័រទុយហ្គាល់ត្រូវបង្ខំចិត្តប្រើប្រាស់កម្មវិធីជំនួយពីខាងក្រៅមួយ ។ ពួកប្រឆាំងបានដកហូតរដ្ឋាភិបាលនូវរាល់លក្ខខណ្ឌសម្រាប់ដឹកនាំ ។ អាស្រ័យហេតុនេះបានជាខ្ញុំសម្រេចដាក់ពាក្យសុំលាលែងជូនចំពោះប្រធានាធិបតីនៃសាធារណរដ្ឋ ។
កាលពីយប់ថ្ងៃទី២២ មីនា គណបក្សសង្គមប្រជាធិបតេយ្យ PSD ជាគណបក្សប្រឆាំងសំខាន់បានអំពាវនាវឱ្យបោះឆ្នោតប្រឆាំងនឹងកម្មវិធីធ្វើឱ្យមានស្ថិរភាព និងកំណើនក្នុងនាមនៃផលប្រយោជន៍ជាតិដោយវាយតម្លៃថា មានតែការចាកចេញរបស់នាយករដ្ឋមន្ត្រី និងការបោះឆ្នោតថ្មី សម្រាប់បង្កើតរដ្ឋាភិបាលថ្មីមួយទេ ដែលនឹងអាចឱ្យព័រទុយហ្គាល់ទាក់ទាញបានវិញ នូវការជឿទុកចិត្តរបស់បណ្តាដៃគូអឺរ៉ុប ក៏ដូចជាបណ្តាទីផ្សារហិរញ្ញវត្ថុ ៕
ចែករំលែកព័តមាននេះ