ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ពូ​ទី​ន ទៅ​ដល់​ចិន​ជួប​ពិភាក្សា​ជាមួយ​លោក ស៊ី ពោល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រាំ

1 ម៉ោង មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ដឺ​មៀ ពូ​ទី​ន (Vladimir Putin) បាន​ទៅ​ដល់ទី​ក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន កាលពី​យប់​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៦ ដើម្បី​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង (Xi Jinping) នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​២​ថ្ងៃ​។ នេះ​បើ​តាម​ប្រភព​ពី Reuters, Euronews, BBC, The Guardian និង Aljazeera បាន​ចេញផ្សាយ​។

ជំនួប​កំពូល​នេះ កើតឡើង​ក្រោយ​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​មេដឹកនាំ​កំពូល​របស់​ចិន ទើបតែ​បាន​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​៣​ថ្ងៃ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​១៣-១៥ ខែឧសភា កន្លង​ទៅ​។ ដំណើរ​ទស្សនកិច្ច​កំពូល​ផ្ទួន​ៗ​គ្នា​នេះ ត្រូវ​បាន​បណ្តា​អ្នកវិភាគ​មើលឃើញ​ថា គឺជា​យុទ្ធសាស្ត្រ​ការទូត​ក្រេប​តែ​របស់​ទីក្រុង​ប៉េ​កាំ​ង ដើម្បី​បង្ហាញ​ឥទ្ធិពល និង​តួនាទី​ស្នូល​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ​។

ចំណុច​សំខាន់​ៗ​នៃ​កិច្ចប្រជុំ​កំពូល​របស់​លោក ពូ​ទី​ន ជាមួយ​លោក ស៊ី ត្រូវ​បាន​គេ​ជឿ​ថា​មាន​គោលបំណង​ពិភាក្សា​អំពី​រឿងរ៉ាវ​ជា​ច្រើន រាប់​ចាប់ពី​ទំនាក់ទំនង​ទ្វេភាគី រហូត​ដល់​ភាព​រីក​ចម្រើន​ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិការ​រវាង​សម្ព័ន្ធមិត្ត​កំពូល​ទាំង​ពីរ ក៏​ដូច​ជា​ពិភាក្សា​អំពី​របៀបវារៈ​សកល រួម​ទាំង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​អ៊ី​រ៉​ង់​ផង​ដែរ​។

ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​រុ​ស្ស៊ី ជា​ពិសេស​បន្ទាប់​ពី​ការ​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ​របស់​ប្រទេស​នេះ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ ២០២២ បាន​ធ្វើ​ឱ្យ​រុ​ស្ស៊ី​ក្លាយជា​ប្រទេស​ឯកោ​ឃ្លាតឆ្ងាយ​ពី​ឆាក​អន្តរជាតិ និង​បាន​កាត់​ផ្តាច់ទំនាក់ទំនង​យ៉ាងច្រើន​ជាមួយ​បណ្តា​ប្រទេស​លោក​ខាងលិច​។ ប៉ុន្តែ​ចិន​បាន​រក្សា​ជំហរ​អព្យាក្រឹត​ខ្លួន​ជា​យូរ​មក​ហើយ​ក្នុង​ជម្លោះ​នេះ បើ​ទោះបី​បាន​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​រុ​ស្ស៊ី​ក្នុង​ចំណោម​ទណ្ឌកម្មសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដោយ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​យ៉ាងណា​ក៏​ដោយ​។

ប្រទេស​ចិន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​រុ​ស្ស៊ី បន្ទាប់​ពី​ការ​ចាប់ផ្តើម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ហើយ​ជា​អតិថិជន​កំពូល​ទិញ​ប្រេង និង​ឧស្ម័ន​របស់​រុ​ស្ស៊ី​។ ស្រប​ពេល​រុ​ស្ស៊ី​រំពឹង​ថា សង្គ្រាម​នៅ​អ៊ី​រ៉​ង់​នឹង​បង្កើន​តម្រូវការ​ខ្ពស់​សម្រាប់​ប្រទេស​ចិន​។

លោក យូ​រី យូ​សា​កូវ (Yuri Ushakov) ជំនួយការ​ប្រធានាធិបតី​រុ​ស្ស៊ី​បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ប្រេង​របស់​រុ​ស្ស៊ី​ទៅ​កាន់​ប្រទេស​ចិន​បាន​កើនឡើង ៣៥% នៅ​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ ២០២៦ ហើយ​ថា រុ​ស្ស៊ី​គឺជា​ប្រទេស​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​ធំ​ជាងគេ​មួយ​ទៅ​កាន់​ចិន ដោយ​បាន​ពណ៌នា​ប្រទេស​ចិន​ថា «​អ្នក​ប្រើប្រាស់​ដែល​មាន​ទំនួល​ខុស​ត្រូវ​»៕