ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៣​ថ្ងៃ​ កម្ពុជា​បណ្តេញ​​​ចិន​៦៤៨​នាក់​ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទៅ​ស្រុក​វិញ

43 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ជនជាតិ​ចិន​៦៤៨​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ត្រូវ​បាន​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ ។ ​នេះ​បើ​តាម​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ ។…

រាជធានី​ភ្នំពេញ​ ៖​ ជនជាតិ​ចិន​៦៤៨​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ត្រូវ​បាន​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ ។ ​នេះ​បើ​តាម​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ ។ ការ​បង្ក្រាប​បទល្មើស​នេះ​ បន្ទាប់​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​ឲ្យ​ចុះ​បង្ក្រាប​បទល្មើស​ទាំងនេះ​នៅ​ទូ​ទាំង​ប្រទេស​ឲ្យ​អស់​ ។

ក្រោយ​ពី​ចេញ​បទ​បញ្ជា គេ​សង្កេត​ឃើញ​ថា ​​​ស​មត្ថ​កិច្ច​គ្រប់​លំដាប់ថ្នាក់​បាន​អនុ​វត្ត​យ៉ាង​សកម្ម ដោយ​បាន​ឃាត់ខ្លួន​ជនបរទេស​ដែល​រស់នៅ​ខុសច្បាប់ ហើយ​បញ្ជូន​ទៅ​ស្រុក​វិញ​ជា​បន្តបន្ទាប់​ ។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៦ ​បាន​ឲ្យ​ដឹង​ថា​ រយៈពេល​បី​ថ្ងៃ ចាប់​ទី​១៨​ ដល់ ២០ ខែឧសភា ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ
​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​
ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​ស្ថានទូត​ចិន បន្ត​ធ្វើការ​បណ្តេញ​ជនជាតិ​ចិន​សរុប​ចំនួន​៦៤៨​នាក់ ស្រី​១៥​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) និង​ករណី​លួច​ស្នាក់​នៅ ធ្វើ​ការងារ​ខុសច្បាប់ ត្រូវ​បាន​បណ្ដេញចេញ​តាម​រយៈ​យន្តហោះ​ពិសេស ក្នុង​នោះ​ មាន​ចំនួន​៣៣០​នាក់ (ស្រី​០៧) ត្រូវ​បាន​បណ្ដេញចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ និង​ចំនួន​៣១៨​នាក់ (ស្រី​០៨) ត្រូវ​បាន​បណ្ដេញចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ ។

ប្រភព​បន្តថា​ ការ​បណ្ដេញចេញ​ជន​បរទេស​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្ដេច​មហា​បរ​វ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​ទទួល​ដឹកនាំ​តម្រង់​ទិស​យ៉ាង​មុតមាំ​បំផុត​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បោសសំអាត និង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​កើត​មាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់ ដើម្បី​ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង​សកលលោក ដោយ​គ្មាន​ការ​លើកលែង​នោះ​ឡើយ ។

ជា​ពិសេស​​ ចំពោះ​មេខ្លោង​ដែល​នៅ​ពីក្រោយ ក៏​ដូច​ជា​ការ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យមក​ធ្វើការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ណាមួយ​ហើយ​ត្រូវ​បាន​មាន​សេរីភាព និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ