ខេត្តពោធិ៍សាត់ ៖ ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ក្រោយពីបាត់ពីផ្ទះ២ថ្ងៃក៏រកឃើញសពត្រូវគេអារ.កសម្លាប់ចោលនៅក្នុងព្រៃចម្ងាយប្រហែល៤០០ម៉ែត្រពីផ្ទះ ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៦ កញ្ញា វេលាម៉ោង១១ព្រឹក នៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ។
លោកវរសេនីយ៍ត្រី សូ សាហុង អធិការនគរបាលស្រុកភ្នំក្រវាញឱ្យដឹងថា ក្មេងស្រីរងគ្រោះដែលត្រូវឃាតករមិនស្គាល់មុខអារ.កសម្លាប់នេះឈ្មោះចាន់ កុសល ឪពុកឈ្មោះង៉ែត ចាន់ អាយុ៣៥ឆ្នាំ ម្តាយឈ្មោះរឿន តៃ អាយុ៣១ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ តាមការសាកសួរឱ្យដឹងថា នៅថ្ងៃទី២៦ កញ្ញា ឪពុកម្តាយនាំគ្នាទៅស្ទូងស្រូវ ទុកកូនស្រីរងគ្រោះឱ្យនៅចាំផ្ទះជាមួយបងប្រុសអាយុ១១ឆ្នាំ ។ នៅវេលាម៉ោង១១ព្រឹក ខណៈបងប្រុសទៅដេញក្របីមួយភ្លែតត្រឡប់មកវិញ ស្រាប់តែបាត់ប្អូនស្រីពីផ្ទះមិនដឹងទៅណា ពេលដើររកមិនឃើញក៏រត់ទៅប្រាប់ឪពុកម្តាយដែលនៅស្ទូងស្រូវឯស្រែ។ ឪពុកម្តាយបងប្អូន និងអ្នកភូមិបាននាំគ្នាដើររកមិនឃើញសោះ លុះស្អែកឡើងថ្ងៃទី២៧ កញ្ញា វេលាម៉ោង៤និង២០នាទីរសៀល ស្រាប់តែប្រទះឃើញសពនៅក្នុងព្រៃចម្ងាយពីផ្ទះប្រហែល៤០០ម៉ែត្រ ដោយមានស្នាមអារ.ក ។
នៅព្រឹកថ្ងៃទី២៨ កញ្ញា សមត្ថកិច្ចមាន តុលាការ ពេទ្យ ប៉ូលិសបច្ចេកទេសវិទ្យាសាស្ត្រ និងប៉ូលិសព្រហ្មទណ្ម បានពិនិត្យសពឃើញមានស្នាមអារ.ក ជាំចង្កេះខាងស្តាំ និងជាំដៃខាងស្តាំ ប៉ុន្តែមិនមានស្លាកស្នាមពីការរំលោភសេពសន្ថវៈទេ ។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ករណីនេះជារឿងគំនុំជាមួយមនុស្សចាស់ ហើយបែរមកសម្លាប់កូនក្មេងដែលមិនដឹងអីសោះជាការសងសឹក ឬ ជាការគំរាមដល់ឪពុកម្តាយទៅវិញ ។ សមត្ថកិច្ចកំពុងធ្វើការសើុបអង្កេតករណីនេះ ដើម្បីវែកមុខឃាតករដ៏សែនឃោរឃៅចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ