ខេត្តព្រះសីហនុ ៖ លំនៅឋានប្រជាពលរដ្ឋចំនួន៧៦ខ្នងក្នុងស្រុកចំនួន២ របស់ខេត្តព្រះសីហនុ បានទទួលរងការលិចលង់ខូចខាតទ្រព្យសម្បត្តិដោយសារជំនន់ទឹកភ្លៀងមួយមេយ៉ាងធំកាលពីថ្ងៃទី២៧ កញ្ញា ចាប់ពីម៉ោង៨ និង៣៥នាទីយប់រហូតដល់ម៉ោងជាង៤ជិតភ្លឺទើបរាំង ។
តាមព័ត៌មានពីសាលាស្រុកព្រៃនប់ បានឱ្យដឹងថា រយៈពេលប្រមាណជិតមួយខែមកហើយមេយបានទម្លាក់ភ្លៀងមកជារៀងរាល់ថ្ងៃ តែមិនមែនភ្លៀងជាប់រហូតនោះទេ គឺភ្លៀងរាំងៗ ។ ទើបតែនៅថ្ងៃទី២៧ កញ្ញា វេលាម៉ោង៨ និង៣៥នាទីយប់រហូតដល់ម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទៅ២៨ កញ្ញា មេឃបានបង្អុរទឹកភ្លៀងមកយ៉ាងខ្លាំងខុសប្រក្រតីដូចចាក់ទឹកចោលធ្វើឱ្យកំបន់មួយចំនួនតាមបណ្តោយផ្លូវជាតិលេខ៤ចាប់ពីទីប្រជុំជនផ្សារវាលរេញរហូតដល់ចំណុចភូមិតានៃដែលមានចម្ងាយជាង១០គីឡូម៉ែត្រទទួលរងការជន់លិច ។ រីឯនៅចំណុចទីប្រជុំជនផ្សារវាលរេញនៅវេលាម៉ោងជាង១០យប់ទឹកភ្លៀងបានលិចចូលផ្ទះប្រជាពលរដ្ឋ ចូលតូបអាជីវករ និងលិចលើដងផ្លូវជាតិមានកម្ពស់ប្រមាណកន្លះម៉ែត្រ ។ ទោះបីជាយ៉ាងណា ការជន់លិចចូលក្នុងទីផ្សារក្រោយពីភ្លៀងរាំងបន្តិចទឹកក៏ចាប់ផ្តើមស្រកភ្លាមៗផងដែរ ។ ដោយឡែកនៅចំណុចភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ នៅវេលាម៉ោង១យប់ផ្ទះតៀម២ខ្នងត្រូវទឹកលិចដល់ដំបូលផ្ទះធ្វើឱ្យម្ចាស់ផ្ទះរួមមានទាំងកូនតូចៗផងដែរបង្ខំចិត្តឡើងលើដំបូងផ្ទះ តែសំណាងល្អត្រូវបានអាជ្ញាធរស្រុកដឹកនាំដោយលោកទិត វុទ្ធី អភិបាលស្រុកព្រៃនប់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងនោះមានទាំងកងទ័ពជើងទឹកផងដែរ បាននាំគ្នាចងខ្សែពួរជួយសណ្តោងគ្រួសាររងគ្រោះរំដោះចេញបានទាន់ពេលវេលា ។
បន្ទាប់ពីជួយសង្គ្រោះទាំងពីរគ្រួសាររួចផុតមកជំនន់ទឹកភ្លើងចេះតែហូរស្រោចស្រពក្នុងតំបន់ផ្សេងៗទៀតក្នុងឃុំជើងគោ ស្រុកព្រៃនប់ និងក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ។ នៅស្រុកព្រៃនប់មានផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នង បានលិច និងក្នុងឃុំកែវផុស ចំនួន៦២ខ្នង ក៏លិចផងដែរ ។ ជាមួយនឹងសភាពការណ៍ខាងលើនេះ នៅវេលាម៉ោងជាង៤ទៀបភ្លឺគេឃើញមានវត្តមានលោកប្រាក់ ស៊ីហារ៉ា លោកចេវ គឹមហេង អភិបាលរងខេត្តព្រះសីហនុ លោកសូ ជុងហ៊ូរ លោកមេបញ្ជាការតំបន់សឹករងខេត្ត និងមន្ត្រីសាលាខេត្តជាច្រើននាក់បានចុះមកកាន់តំបន់រងគ្រោះ ហើយរៀបចំអំណោយស្បៀងអាហាររបស់សាខាកាកបាទក្រហមខេត្តយកមកជួយសង្គ្រោះភ្លាមៗផងដែរ ។
នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានឱ្យដឹងផងដែរថា ជំនន់ទឹកភ្លៀងនេះមានសភាពលឿនធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងមិនបានមានការប្រុងប្រយ័ត្នរហូតគ្រួសារខ្លះពួកគាត់ដេកយប់លក់មិនដឹងខ្លួន ស្រាប់តែទឹកចូលក្នុងផ្ទះគាត់ពេញទៅហើយ ។ តែទោះបីយ៉ាងណា ការជន់លិចនេះគឺមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់ឡើយ គ្រាន់តែខូចខាតរបស់របរប្រើប្រាស់ស្រូវ អង្ករ និងទ្រព្យសម្បត្តិក្នុងផ្ទះតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ