មនុស្សសរុប១៩នាក់ក្នុងនោះមានជនជាតិចិន៥នាក់ បានត្រូវស្លាប់ដោយការធ្លាក់យន្តហោះ DORNET 9N-AHA របស់ក្រុមហ៊ុន SITA AIR កាលពីព្រឹកថ្ងៃ ទី២៨ កញ្ញា នៅព្រលានយន្តហោះអន្តរជាតិ TRIBHUVAN ក្រុងកាត់ម៉ាន់ឌូ រដ្ឋធានីនេប៉ាល់ ។
ក្នុងយន្តហោះនោះមានសមាជិកក្រុមយានិក៣នាក់ និងអ្នកដំណើរ១៦នាក់ ក្នុងនោះមានជនជាតិចិន៥នាក់ នេប៉ាល់៤នាក់ អង់គ្លេស៧នាក់ ដោយអត្តសញ្ញាណពួកគេនៅមិនទាន់អះអាងនៅឡើយ។ អត្តសញ្ញាណជនរងគ្រោះពិតជាលំបាកបញ្ជាក់ព្រោះសាកសពទាំងអស់ត្រូវភ្លើងឆេះខ្លោច ។ សាកសពជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យ TRIBHUVAN ដែលត្រូវធ្វើកោសល្យវិច័យនៅទីនោះ ។
អ្នកទទួលខុសត្រូវនៃប្រតិបត្តិការអាកាសនៃព្រលានយន្តហោះអន្តរជាតិ TRIBHUVAN លោករីសីុកេសសាម៉ា អះអាងថា យន្តហោះនោះបានឆេះក្រោយពីបុកសត្វឥន្ទ្រីមួយក្បាលពេលកំពុងហោះឡើងលើ ។ យន្តហោះនេះបានធ្លាក់នាវេលាម៉ោង៦និង២០នាទីព្រឹកម៉ោងក្នុងស្រុក បន្ទាប់ពីអ្នកបើកបាត់បង់ការត្រួតត្រា ។ យន្តហោះនេះហោះឡើងនាវេលាម៉ោង៦និង១៦នាទីព្រឹក ពីទីក្រុងកាត់ម៉ាន់ឌូ ទៅកាន់ទីក្រុងលូក្លាជា ទីក្រុងតូចមួយ ស្ថិតនៅភាគឦសានប្រទេស ជាកន្លែងសំចតមុនពេលធ្វើដំណើរទៅកាន់ភ្នំ EVEREST ៕
ចែករំលែកព័តមាននេះ