រាជធានីភ្នំពេញ ៖ រថយន្តម៉ាកមីតស៊ុយប៊ីស៊ីម៉ុងតឺរ៉ូស៊េរីទំនើប ពណ៌ខ្មៅ មួយគ្រឿង របស់លោកឧត្តមសេនីយ៍ទោកងរាជអាវុធហត្ថលើផ្ទៃប្រទេសមួយរូប បានជួបគ្រោះថ្នាក់បុកជាមួយរថយន្តម៉ាកឡង់គ្រីស្ស័រស៊េរី២០១២ ពណ៌ខ្មៅ មួយគ្រឿងរបស់លោកជ្រាង សុផាន់ អភិបាលរងរាជធានីភ្នំពេញ ចំកង់ក្រោយ បណ្តាលឱ្យរថយន្តទាំង២គ្រឿងរងការខូចខាតបន្តិចបន្តួច។ អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍នោះ គឺភាគីរថយន្តរបស់លោកឧត្តមសេនីយ៍៍ហាក់ដូចជាមិនទទួលស្គាល់នូវកំហុសឡើយ ។
គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី២៧ កញ្ញា នៅរង្វង់មូលទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ក្នុងគ្រោះថ្នាក់នោះ លោកជ្រាង សុផាន់ និងលោកឧត្តមសេនីយ៍ទោវៀត ថា «រហស្សនាមចក្រី»ស្ថិតនៅក្នុងរថយន្តនិងសុុទ្ធតែមានអ្នកបើកបររៀងៗខ្លួន ។
តាមសាក្សីឱ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាកឡង់គ្រីស្ស័ររបស់លោកជ្រាង សុផាន់ អភិបាលរងរាជធានីភ្នំពេញ ជិះគ្នា៤នាក់គឺរូបលោក ភរិយា កូន និងអ្នកបើកបរធ្វើដំណើរតាមមហាវិថីសេនាប្រមុខគីម អីុលស៊ុង ក្នុងទិសដៅពីជើងទៅត្បូង ។ ពេលមកដល់រង្វង់មូលទួលគោក ស្រាប់តែមានរថយន្តម៉ាកមីតស៊ុុយប៊ីស៊ីម៉ុងតឺរ៉ូសេ៊រីទំនើប ពណ៌ខ្មៅមួយគ្រឿងដែលគេស្គាល់ថាជារថយន្តរបស់លោកឧត្តមសេនីយ៍ទោវៀត ថា ជាមន្ត្រីកងរាជអាវុធហត្ថ ធ្វើដំណើរវាងរង្វង់មូលពីកើតទៅលិចបានបុុកជាមួយរថយន្តលោកជ្រាង សុផាន់ ចំកង់និងចំហៀងគូទខាងឆ្វេង បណ្តាលឱ្យរថយន្តទាំង២គ្រឿងរងការខូចខាតបន្តិចបន្តួច ។
បន្ទាប់ពីជួបគ្រោះថ្នាក់ លោកឧត្តមសេនីយ៍ទោបានចោទប្រកាន់ថា រថយន្តលោកជ្រាង សុផាន់បើកកៀររថយន្តរបស់លោក ព្រមទាំងស្តីបន្ទោសទៀតផង ។ ចំណែកអ្នកបើករថយន្តលោកអភិបាលរងរាជធានី បានចោទប្រកាន់ថា ខាងរថយន្តលោកឧត្តមសេនីយ៍ជាអ្នកបុក ។ នៅល្ងាចនោះ ម្ចាស់រថយន្តបានធ្វើដំណើរទៅបាត់ទុកឱ្យអ្នកបើកបរនិងអ្នករួមដំណើរជាអ្នកដោះស្រាយ។
តាមព័ត៌មានឱ្យដឹងថា នៅល្ងាចនោះភាគីទាំង២បានធ្វើការដោះស្រាយគ្នាដោយលោកជ្រាង សុផាន់ ទារថ្លៃជួសជុល១៥០ដុល្លារ តែខាងរថយន្តលោកឧត្តមសេនីយ៍មិនព្រមជួយចេញការខូចខាតឡើយ ។ ម្ចាស់រថយន្តទាំង២គ្រឿងបានឯកភាពឱ្យប៉ូលិសយករថយន្តទៅកាន់អធិការដ្ឋានខណ្ឌទួលគោកដើម្បីដោះស្រាយបន្ត ៕
ចែករំលែកព័តមាននេះ