រាជធានីភ្នំពេញ ៖ តម្លាភាព និងអភិបាលកិច្ចល្អនៃការទទួលបានព័ត៌មានជាផ្នែកមួយដ៏សំខាន់នៃក្របខណ្ឌអភិបាលកិច្ចល្អនៅក្នុងប្រទេសកម្ពុជា។ នេះជាការលើកឡើងនៅសិក្ខាសាលាថ្នាក់ជាតិមួយស្តីពី «ការលើកស្ទួយ តម្លាភាព និងការទទួលបានព័ត៌មាន» ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី២៧-២៨ កញ្ញា ២០១២ នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពលោកងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោងអភិបាលកិច្ចល្អ មូលដ្ឋាន និងមានការចូលរួមពីសំណាក់លោកទូច លុច សមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមមេធាវី លុច និងអាសូស៊ីអេត ព្រមទាំងមន្ត្រីគ្រប់ស្ថាប័នជាច្រើនចូលរួម ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោងអភិបាលកិច្ចល្អលោកងី ច័ន្ទ្រផល បានមានប្រសាសន៍ថា គោលដៅនៃសិក្ខាសាលា នេះគឺដើម្បីស្វែងយល់ពីសារសំខាន់នៃការផ្សព្វផ្សាយ និងការទទួលបានព័ត៌មាន និងធ្វើការដកស្រង់បទពិសោធន៍នានាដែលក្រសួង ស្ថាប័ន កំពុងអនុវត្តបច្ចុប្បន្ន និងជំរុញឱ្យមានប្រសិទ្ធភាពក្នុងការលើកកម្ពស់អភិបាលកិច្ចល្អឱ្យកាន់តែប្រសើរឡើងថែមទៀត ។ រយៈពេល២ថ្ងៃនេះមានការធ្វើបទបង្ហាញពីខ្លឹមសារ និងបទពិសោធន៍នានា ព្រមទាំងមានការពិភាក្សាតុមូល ឆ្លើយឆ្លងផ្លាស់ប្តូរយោបល់គ្នា និងវិធីសាស្ត្រក្នុងការលើកស្ទួយតម្លាភាព និងការទទួលបានព័ត៌មាន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ