រាជធានីភ្នំពេញ ៖ រថយន្តប៉ាហ៊្សេរ៉ូ ពណ៌ស្ករឆ្នូតទឹកប៊ិច បើកបរដោយបុរសវ័យចំណាស់ម្នាក់គេចរថយន្តមួយគ្រឿងជ្រុលទៅប៉ះក្បាលព្រួញពុះចែកផ្លូវរលំអស់មួយកង់ រួចព្យាយាមបើកបន្តទៅមុខទៀតលុះដល់ស្តុបស្ទឹងមានជ័យត្រូវសមត្ថកិច្ចឃាត់បាន កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២៧ កញ្ញា នៅចំណុចស្តុបកៅដាយ តាមមហាវិថីម៉ៅសេទុងកែងផ្លូវលេខ១០៥ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។
ប្រភពពីមន្ត្រីប៉ូលិសបានឱ្យដឹងថា រថយន្តប៉ាហ៊្សេរ៉ូ ពណ៌ស្ករឆ្នូតទឹកប៊ិច បើកបរដោយបុរសវ័យចំណាស់ម្នាក់តាមមហាវិថីម៉ៅសេទុងពីត្បូងទៅ ជើង ខណៈមកដល់ស្តុបកៅដាយមានរថយន្តកាមរីបាឡែន ពណ៌សមួយគ្រឿងបត់ស្តាំកាត់មុខរថយន្តរបស់បុរសចំណាស់នោះទើបគាត់ងាកចង្កូតបន្តិចក៏ជ្រុលទៅប៉ះក្បាលព្រួញរលំមួយកង់ ហើយបើកបន្តទៅមុខទៀតដល់ស្តុបស្ទឹងមានជ័យត្រូវសមត្ថកិច្ចឃាត់បាននៅទីនោះ ។
តាមអ្នកបើករថយន្តឈ្មោះជិន សាវ៉ាត់ ភេទប្រុស អាយុ៦៦ឆ្នាំ ស្នាក់នៅភូមិអករំដួល សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា មុនពេលកើតហេតុគាត់បើករថយន្តពីផ្ទះជូនបងប្អូនទៅធ្វើការនៅសង្កាត់ចាក់អង្រែលើ រួចជិះបើកត្រឡប់មកផ្ទះវិញ ។ ពេលដល់ស្តុបកៅដាយស្រាប់តែមានរថយន្តកាមរីបាឡែន ពណ៌សមួយគ្រឿងបត់ស្តាំកាត់មុខរថយន្តរបស់គាត់ធ្វើឱ្យគាត់ទាញចង្កូតងាកចេញបន្តិច បើមិនងាកចេញទេច្បាស់ជាប៉ះជាមួយរថយន្តនោះទើបជ្រុលទៅប៉ះក្បាលព្រួញបន្តិចប៉ុណ្ណោះ ហើយគាត់មិនដឹងថា ត្រូវខូចខាតដល់ថ្នាក់សងសំណងទេ ទើបចេះតែបើករថយន្តបន្តទៅមុខទៀតបែបនេះ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ បុរសបើករថយន្តនោះបន្ទាប់ពីប៉ូលិសឃាត់ គាត់បានលើកដៃសំពះប៉ូលិសសុំក្តីមេត្តាកុំបញ្ជូនរថយន្តរបស់គាត់ទៅណាអី ព្រោះយប់ហើយភ្នែកមើលមិនច្បាស់ពិបាកក្នុងការបើកបរផ្លូវឆ្ងាយ ។ ម្យ៉ាងទៀតគាត់គ្មានកំហុស មិនបានបង្កឱ្យមានរបួសស្នាមប៉ះពាល់ដល់អ្នកដទៃទេ គាត់គោរពច្បាប់ចរាចរណ៍ណាស់ ថ្វីត្បិតតែរថយន្តនេះពេលគាត់ទិញបានដាក់ឈ្មោះកូន ដោយសារគាត់មានវ័យចំណាស់គេមិនចេញច្បាប់អនុញ្ញាតឱ្យមានប័ណ្ណបើកបរក៏ដោយ តែគាត់ធ្លាប់បើកបរតាំងពីសម័យសង្គមមកម៉្លេះ ។
ទោះបីជាខំសំពះអង្វរករប៉ូលិសយ៉ាងណាក្តីក៏លោកប៉ូលិសមិនអាចយោគយល់បានឡើយ ហើយបានយករថយន្តបុរសចំណាស់នោះទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក ដើម្បីដោះស្រាយតាមច្បាប់ ខណៈក្បាលព្រួញគ្រាន់តែរលំតិចតួចប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ