ខេត្តកំពង់ឆ្នាំង ៖ បុរសចំណាកស្រុកម្នាក់ត្រូវរថយន្តពុំស្គាល់ម៉ាកមួយគ្រឿងបានបុកឱ្យរងរបួសធ្ងន់់ ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យខេត្តក្រោយពេលដឹកមកសង្គ្រោះបានបន្តិចកាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ កញ្ញា នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចស្ពានសាបអង្កាម ស្ថិតត្រង់ព្រំប្រទល់ឃុំប្រស្និប ស្រុករលាប្អៀរ និងឃុំមេលំ ស្រុកបរិបូណ៌ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះចុះពីលើរថយន្តក្រុង នៅចំណុចខាងលើដែលមានហាងលក់បាយទាំងយប់ទាំងថ្ងៃ ។ ក្រោយពេលចុះពីលើរថយន្តហើយបុរសរូបនោះបានដើរចុះឡើងទំនងជារកកន្លែងទិញអាហារបរិភោគ ប៉ុន្តែភ្លាមនោះមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានបើកមកបុកពេញទំហឹងតែម្តង ហើយបន្ទាប់មករថយន្តបង្កបានគេចទៅបាត់ ។ ចំណែកជនរងគ្រោះត្រូវបានក្រុមអ្នកលក់ដូរពេលយប់ទូរស័ព្ទហៅរថយន្តមន្ទីរពេទ្យដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យខេត្ត ប៉ុន្តែពេលមកដល់មន្ទីរពេទ្យបានបន្តិចក៏ស្លាប់ទៅ ។
បើតាមអ្នកបើករថយន្តមណ្ឌលសុខភាពស្រុកបរិបូណ៌ដែលបានដឹកជនរងគ្រោះមកមន្ទីរពេទ្យខេត្ត បាននិយាយថា ជនរងគ្រោះមានឈ្មោះ វង្ស សារុំ (មានអត្តសញ្ញាណប័ណ្ណជាប់ខ្លួន)អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រៃឈើនាង ឃុំបានាង ស្រុកឈូក ខេត្តកំពត់ ។
សពជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យរៀបចំទុកដាក់ក្នុងសាលនៃមន្ទីរពេទ្យខេត្ត ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ តាមរយៈកោះសន្តិភាពក្រុមគ្រូពេទ្យបានអំពាវនាវដល់ក្រុមគ្រួសារជនរងគ្រោះ មានឈ្មោះដូចខាងលើសូមប្រញាប់មកទទួលសពយកទៅធ្វើបុណ្យផង ៕
ចែករំលែកព័តមាននេះ