ខេត្តតាកែវ ៖ ពេលលោកអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ២ ត្រង់ម្តុំផ្លូវចូលតំបន់ទេសចរណ៍ភ្នំតាម៉ៅ លោកអ្នកពិតជាបានធុំក្លិនកង្កែបបោបអាំងដ៏ឈ្ងុយគួរឱ្យចង់ពិសា ។ ជាងនេះទៅទៀតគេសង្កេត ឃើញអ្នកដំណើរទាំងឡាយ តែងតែឈប់នៅទីនោះមិនដាច់ ព្រោះតែទ្រាំនឹងក្លិនឈ្ងុយនៃកង្កែបបោបអាំងនេះមិនបាន ។ មិនត្រឹមតែប៉ុណ្ណោះ ពេលលោកអ្នកបានពិសាហើយ ច្បាស់ជាទិញផ្ញើមិត្តភ័ក្តិបងប្អូនកូនក្មួយ គ្រាន់ជារបស់កំដរដៃមិនខាន ហើយអ្វីដែលគួរឱ្យចាប់ចិត្តនោះ គឺផ្លែត្នោតខ្ចីស្រស់ៗពុះយកសាច់ច្រកជាថង់ៗដែលមានឱជារសផ្អែមប្លែកមាត់ទៀតផង ។
ជួបជាមួយស្រ្តីម្នាក់កំពុងអង្គុយពុះផ្លែត្នោត យកសាច់ទាំងទឹកមុខញញឹមហាក់មានក្តីសង្ឃឹមក្នុងជីវិត យើងក៏បានសុំពេលគាត់៤-៥នាទី ដើម្បីសាកសួរខ្លះៗទាក់ទិននឹងរបរលក់កង្កែបបោបអាំង និងផ្លែត្នោតនៅម្តុំផ្លូវច្រកចូលតំបន់ទេសចរណ៍ភ្នំតាម៉ៅនេះ ។ ដំបូងឡើយគាត់ហាក់ដូចជាគ្មានចំណាប់អារម្មណ៍អ្វីនឹងការផ្តល់ព័ត៌មាននោះទេ ព្រោះគាត់ជាប់រវល់លក់ដូរ ណា មួយមេឃជិតយប់ទៀតផង ។ ប៉ុន្តែក្រោយពេលយើងពន្យល់ប្រាប់គាត់ពីហេតុផលមួយចំនួនទាក់ទងនឹងការជួយលើកស្ទួយវិស័យទេចរណ៍នៅក្នុងប្រទេស ក៏ដូចជាការផ្តល់នូវទំនុកចិត្តឱ្យមានការជឿជាក់ ទើបគាត់យល់ព្រម ។
ពេលសុំឱ្យគាត់រៀបរាប់ខ្លះៗនោះ គាត់បានប្រាប់ឱ្យយើងហៅគាត់ថា “មីង នើងៗ”បានហើយ ។ គាត់មានវ័យ៥១ឆ្នាំ រស់នៅឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។ គាត់មានកូនចំនួន៣នាក់ តែពួកគេបានរៀបការមានប្តី-ប្រពន្ធអស់ហើយ ។ សព្វថ្ងៃគាត់រស់នៅជាមួយកូនពៅ ចំណែកប្តីគាត់បានស្លាប់តាំងពីការកូនទី១ម៉្លេះ ។
មីងនើងបន្តថា មុខរបរលក់កង្កែបបោបអាំង និងផ្លែត្នោតនេះ គាត់លក់ជាង១០ឆ្នាំហើយ។ ក្រៅពីចំណីសម្រន់ទាំងពីរមុខនេះ គាត់នៅមានលក់ជ្រក់អង្ក្រង, ក្តាមប្រៃ និងទឹកត្នោតជូរទៀត ។
ទាក់ទងនឹងចំណូលវិញ មីង នើង បានបន្តថា របរនេះមិនសូវជាពិបាកទេ បើគិតទាំងដើមទាំងចុង ក្នុង១ថ្ងៃគាត់លក់បានពី៥ម៉ឺនរៀលទៅ៦ម៉ឺនរៀល ។ ដោយឡែកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គាត់លក់បានជាង១០ម៉ឺនរៀល តែក៏មានថ្ងៃខ្លះលក់សល់ដែរ ។ គាត់បានរៀបរាប់បន្តថា ផ្លែត្នោតទាំងនេះគឺទិញពីអ្នកភូមិយកមកលក់បន្ត ដោយកាប់យកសាច់ច្រកថង់ក្នុង១ថង់ចំនួន១០គ្រាប់ លក់បានតម្លៃ២.០០០រៀល ។ ចំណែកកង្កែបបោបអាំងវិញ គឺមានតូចមានធំ ក្នុង១តម្បុតមានកង្កែប១ឬ២ក្បាល ហើយលក់តម្លៃចាប់ពី២.០០០រៀលទៅ ២.៥០០រៀល ។ រីឯជ្រក់អង្ក្រងវិញក្នុង១កែវលក់តម្លៃ៣.០០០រៀល ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺគំនរសំបកផ្លែត្នោតដែលគាត់និយាយថា វាជាប្រភពជីធម្មជាតិមួយយ៉ាងសំខាន់សម្រាប់យកទៅដាក់ក្នុងស្រែ ធ្វើឱ្យដីស្រែរបស់គាត់ផុសល្អ និងទទួលបានទិន្នផលគួរជាទីគាប់ចិត្តទៀតផង ។
ជាចុងក្រោយមីង នើង បានប្រាប់ថា បើបងប្អូនបានធ្វើដំណើរតាមផ្លូវជាតិលេខ២ ឆ្លងកាត់ម្តុំច្រកផ្លូវចូលតំបន់ទេសចរណ៍ភ្នំតាម៉ៅ សូមកុំភ្លេចកង្កែបបោបអាំង និងទឹកត្នោតជូររបស់គាត់ គឺហួសផ្លូវទៅកសិដ្ឋានចិញ្ចឹមពូជគោបន្តិច មានតូបមួយលក់កង្កែបបោប និងផ្លែត្នោត ព្រមទាំងមានរោងសម្រាប់អ្នកដំណើរអង្គុយលេងនៅពីខាងឆ្វេងដៃ (ពីភ្នំពេញទៅខេត្តតាកែវ) ។ ពេលទៅដល់ទីនោះ គាត់នឹងទទួលស្វាមគមន៍ដោយក្តីរីករាយមិនខាន ៕
ចែករំលែកព័តមាននេះ