ខេត្តឧត្តរមានជ័យ ៖ មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្ត សហការជាមួយសមត្ថកិច្ច ប៉េអឹម ស្រុកត្រពាំងប្រាសាទ ដេញចាប់រថយន្តម៉ាក camry ស៊េរី២០០៧ ពណ៌ខ្មៅ មួយគ្រឿង គ្មានស្លាកលេខដឹកឈើគ្រញូងធ្វើដំណើរតាមដងផ្លូវជាតិលេខ៦៧ បេ ឆ្ពោះទៅកាន់ខេត្តសៀមរាប ស្ថិតក្នុងភូមិអូរត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ កញ្ញា ២០១២ កន្លងទៅ។
លោកសួន រ៉ាឌី មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តបានឱ្យកោះសន្តិភាពដឹងថា មុនពេលធ្វើការចាប់រថយន្តដឹកឈើគ្រញូងនេះដោយលោកទៀង ដាវីទ្យ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ទទួលបានព័ត៌មានពីបណ្តាញរាយការណ៍មកថា មានរថយន្តដឹកឈើគ្រញូងតាមដងផ្លូវជាតិលេខ៦៧បេ បន្ទាប់មកលោកនាយខណ្ឌបានបញ្ជាឱ្យលោកដឹកនាំកម្លាំងមន្ត្រីជំនាញចុះទៅពួនស្ទាក់ចាប់តែម្តង ។
មន្ត្រីដដែលបន្តថា ពេលសមត្ថកិច្ចឃាត់ រថយន្តនោះមិនបានឈប់ទេ បានបត់ក្បាលរថយន្តទៅក្រោយវិញ បន្ថែមល្បឿនយ៉ាងលឿនឆ្ពោះទៅស្រុកត្រពាំងប្រាសាទ ចំណែកសមត្ថកិច្ចបានដេញតាមពីក្រោយជាប់រហូតទៅដល់ភូមិអូរត្រាំប៉ោង ឃុំព្រះប្រឡាយ ក្នុងស្រុកត្រពាំងប្រាសាទ ទើបចាប់បានរថយន្តនោះ ប៉ុន្តែម្ចាស់រថយន្តបានរត់គេចខ្លួនចូលព្រៃបាត់ស្រមោល ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ