នាវាកងកម្លាំងស្វយ័តការពារជើងទឹកជប៉ុនដែលមានឈ្មោះថា កាស៊ីម៉ា ស៊ីម៉ាយ៊ុគី និងម៉ាហ្សឺយ៊ុគី ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហ៊ីដេតូស៊ី ហ៊្វុឈិណុអ៊ូអិ មេបញ្ជាការកងទ័ពហ្វឹកហាត់ជើងទឹកជប៉ុន និងអញ្ជើញមកធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៦ វិច្ឆិកា ២០១២ ក្នុងឱកាសនៃដំណើរការហ្វឹកហាត់របស់កងទ័ពជើងទឹកជប៉ុនមួយនេះ នៅក្នុងដែនលំហសមុទ្រ ។
គោលបំណងនៃដំណើរទស្សនកិច្ចលើកនេះ គឺដើម្បីផ្តល់ឱកាសជូននិស្សិតនាយទាហានដែលបានបញ្ចប់ការហ្វឹកហាត់ចំនួន១៩៤រូប ដើម្បីស្វែងយល់អំពីវប្បធម៌ វិស័យយោធារបស់ប្រទេសកម្ពុជា និងដើម្បីរឹតបន្តឹងនូវចំណងមិត្តភាពជាមួយនឹងព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ ។
ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា ឧត្តមសេនីយទោហ៊្វុឈិណុអ៊ូអិ មានគម្រោងនឹងធ្វើដំណើរទស្សនកិច្ចមកកាន់ទីក្រុងភ្នំពេញ ដើម្បីចូលជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ និងមេបញ្ជាការកងទ័ពជើងទឹកកម្ពុជានៅថ្ងៃទី៨ វិច្ឆិកា ។ ជាងនេះទៅទៀត លោកឧត្តមសេនីយ៍ទោហ៊្វុយឈិណុអ៊ូអិ ក៏នឹងអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់សាលាខេត្តព្រះសីហនុ មូលដ្ឋានកងទ័ពជើងទឹករាម និងអាជ្ញាធរកំពង់ផែក្រុងព្រះសីហនុនាថ្ងៃទី៦ វិច្ឆិកា ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ