ខេត្តពោធិ៍សាត់ ៖ នារីវ័យក្មេងម្នាក់ដោយសារខឹងប្តីមិនចេះរកស៊ីអី មួយថ្ងៃៗគិតតែផឹកស្រាស្រវឹងអួទីនួរាល់ថ្ងៃ និងនិយាយលែងស្តាប់នោះ គិតខ្លី ផឹកថ្នាំពុលសម្លាប់ខ្លួនតែម្តង ។ អំពើអត្តឃាតដ៏ឆោតល្ងង់នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៥ កញ្ញា ២០១២ នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ លុះស្អែកឡើងថ្ងៃទី២៦ វេលាម៉ោង៩ព្រឹកបានស្លាប់នៅមន្ទីរពេទ្យ ។
ប៉ូលិសឱ្យដឹងថា នារីរងគ្រោះឈ្មោះគុជ សោភា អាយុ២០ឆ្នាំ ជាជាងកាត់ដេរសម្លៀកបំពាក់ ទើបតែរៀបការជាមួយបុរសឈ្មោះគក់ ភក្តី អាយុ១៩ឆ្នាំមិនទាន់មានកូនទេ ។ តាមការសាកសួរឱ្យដឹងថា នារីរងគ្រោះអាចខឹងនឹងប្តី ដោយសារបានគ្នាជាប្តីប្រពន្ធមិនចេះរកស៊ីអីមួយថ្ងៃៗគិតតែផឹកស្រាជាមួយមិត្តភក្តិដូចខ្លួននៅកំលោះ ហើយស្ត្រីជាប្រពន្ធនិយាយយ៉ាងម៉េចក៏មិនស្តាប់ដែរ លុះនៅយប់ថ្ងៃកើតហេតុ ក៏មានទំនាស់ពាក្យសម្តីគ្នា រហូតដល់ស្ត្រីជាប្រពន្ធខឹងលួចផឹកថ្នាំពុលប្រកាច់បែកពពុះមាត់បញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ