ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមួយគ្រឿងរបស់លោកមេឃុំបើកទៅបុក ខណៈដែលស្ត្រីរងគ្រោះកំពុងអង្គុយលេងលើគ្រែមុខផ្ទះ កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី២៦ កញ្ញា ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ។
តាមព័ត៌មានពីមន្ត្រីប៉ូលិសចរាចរស្រុកព្រៃនប់បានឱ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស បើកបរដោយឈ្មោះអឹុង សារុំ ភេទប្រុស អាយុ៦០ឆ្នាំមានទីលំនៅចំណុចកើតហេតុ ជាមេឃុំបិតត្រាងបានបើករថយន្តចូលផ្ទះ ស្រាប់តែជ្រុលទៅបុកស្ត្រីចំនួន២នាក់ដែលកំពុងអង្គុយលេងលើគ្រែមុខផ្ទះបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ។ ស្ត្រីដែលរងគ្រោះដល់ស្លាប់ដោយមិននឹកស្មានដល់នេះឈ្មោះសៅ ឈន អាយុ៥៤ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបររថយន្តខាងលើ និងម្នាក់ទៀតឈ្មោះហុង ចន្ថា អាយុ៤៩ឆ្នាំ ជាប្រពន្ធអនុប្រធានភូមិពូធឿងរងរបួសធ្ងន់មានទីលំនៅភូមិ-ឃុំជាមួយគ្នា ។
ប៉ូលិសបានបន្តទៀតថា រថយន្តខាងលើនេះទើបនឹងទិញ ហើយមុនពេលកើតហេតុអ្នកបើកបរជាប្តីបានបើកចេញពីសាលាឃុំសំដៅមកផ្ទះដោយមានកូនប្រុសម្នាក់ឈ្មោះ អឹុង ណារ៉ូ អាយុ២០ឆ្នាំ អង្គុយក្នុងរថយន្តជាមួយដែរ ហើយកូនប្រុសនោះជាអ្នកបង្រៀនឪពុកឱ្យបើកបរសំដៅមកផ្ទ លុះពេលបត់ចូលមកឃើញប្រពន្ធកំពុងអង្គុយនៅលើគ្រែមុខផ្ទះ លោកមេឃុំក៏ជាន់ហ្វ្រាំងឱ្យរថយន្តឈប់ តែច្រឡំបែរជាជាន់ហ្គារទៅវិញធ្វើឱ្យរថយន្តស្ទុះទៅបុកប្រពន្ធនិងស្ត្រីដែលអង្គុយនោះពេញទំហឹងបណ្តាលឱ្យប្រពន្ធស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។
នេះជាករណីដ៏កម្រមួយដែលអ្នកបើកបរទាំងឡាយគួរប្រុងប្រយ័ត្ន ពិសេសអ្នកដែលទើបទិញរថយន្តថ្មីៗត្រូវចងចាំឱ្យច្បាស់ថា ខាងណាហ្គារខាងណាហ្វ្រាំង ចៀសវាងការច្រឡំនាំឱ្យកើតមានឧប្បត្តិហេតុជាយថាហេតុបែបនេះ ៕
ចែករំលែកព័តមាននេះ