AFPផ្សាយឱ្យដឹងថា យ៉ាងហោចណាស់ក៏មានអ្នកស្លាប់ចំនួន៧នាក់ និងរបួសជាង៣០នាក់ ដោយសាររថភ្លើងដឹកអ្នកដំណើរមួយខ្សែបុកជាមួយរថយន្តក្រុងដឹកសិស្សនៅក្នុងរដ្ឋភីហា ភាគខាងកើតប្រទេសឥណ្ឌា កាលពីថ្ងៃទី២៦ កញ្ញា កន្លងទៅ ។លោកហ្គោប៉ា មីណា អាជ្ញាធរនៅក្នុងតំបន់នេះបានប្រាប់AFP ថា ជនរងគ្រោះចំនួន៤នាក់បានស្លាប់នៅចំណុចកើតហេតុ និង៣នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ ។
រថយន្តក្រុងនេះដឹកសិស្សចំនួន២៥នាក់នៃវិទ្យាល័យវិស្វកម្មឯកជនមួយកន្លែងត្រូវរថភ្លើងបុក ខណៈកំពុងបើកឆ្លងផ្លូវរថភ្លើងក្នុងតំបន់ស៊ីវ៉ាន ។ លោកនីតាសា ហ្គូឌៀ សមត្ថកិច្ចប៉ូលិសបានបង្ហើបឱ្យដឹងថា បណ្តាសិស្សក្នុងវិទ្យាល័យមានការខឹងសម្បារយ៉ាងខ្លាំងលើឧបទ្ទវហេតុនេះហើយពួកគេបានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម និងគប់ដុំថ្មដាក់លើរថភ្លើង ។
គួរបញ្ជាក់ថា ការកើតមានឧបទ្ទវហេតុនៅតាមផ្លូវរថភ្លើងរមែងកើតឡើងជាញឹកញាប់នៅក្នុងប្រទេសឥណ្ឌា ហើយឧបទ្ទវហេតុលើផ្លូវរថភ្លើងដ៏ធ្ងន់ធ្ងរ ។ ចុងក្រោយបានកើតឡើង កាលពីខែកក្កដា ឆ្នាំមុន នៅពេលរថភ្លើងបើកក្នុងល្បឿនលឿនផ្ទុកអ្នកដំណើរយ៉ាងច្រើនចាកចេញពីទីក្រុងហ្គាល់កាត់តាឆ្ពោះទៅក្រុងញូវដេលី ហើយបានរត់ធ្លាក់ផ្លូវនៅរដ្ឋឧត្តរប្រទេសបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៦៩នាក់ ។
ចំណែកឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរបំផុតរបស់ឥណ្ឌាធ្លាប់កើតឡើងក្នុងឆ្នាំ១៩៨១ នៅពេលរថភ្លើងមួយខ្សែបើកធ្លាក់ទៅក្នុងទន្លេភាគខាងកើតរដ្ឋភីហាសម្លាប់មនុស្សជិត៨០០នាក់ ៕
ចែករំលែកព័តមាននេះ