រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៦ កញ្ញា ២០១២ នៅទល់មុខវិមានរដ្ឋសភា បានប្រារព្ធពិធីសម្ពោធ និងប្រគល់មជ្ឈមណ្ឌលសិល្បៈសៀក និងទស្សនីយភាព ក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ប្រចាំការរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក Hoang Tuan Anh រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនផងដែរ ។
លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា ពិធីសម្ពោធប្រគល់មជ្ឈមណ្ឌលសិល្បៈសៀក និងទស្សនីយភាពនេះ ជាអំណោយរបស់រាជរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ពិធីនេះគឺចំពេលដែលប្រទេសទាំង២កំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម និងជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាមផងដែរ ។
លោកជំទាវបានមានប្រសាសន៍បន្តទៀតថា សមិទ្ធផលជានិមិត្តរូបថ្មីទៀត ដែលជាផ្នែកមួយនៃចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង២ ពិតជាអំណោយដ៏មានតម្លៃសម្រាប់ព្រះរាជាណាចក្រកម្ពុជាក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យសិល្បៈសៀក និងរហស្សកម្មឱ្យមានភាពកាន់តែប្រសើរឡើងថែមទៀត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ