ខេត្តមណ្ឌលគិរី ៖ នៅតាមដងផ្លូវនានាក្នុងក្រុងសែនមនោរម្យ គេសង្កេតឃើញមានវត្តមានសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មកពីសាលារៀននានាទូទាំងក្រុងប្រមាណជាង១.០០០ នាក់ព្រមទាំងព្រះសង្ឃផង បាននិមន្តនិងដង្ហែក្បួនក្នុងយុទ្ធនាការផ្សព្វផ្សាយ និងជូនដំណឹងដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ឱ្យនាំកូនចៅមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នាចាប់ពីថ្ងៃទី១៥ កញ្ញា ដល់ថ្ងៃទី៣០ កញ្ញា ហើយការចុះឈ្មោះចូលរៀនមិនតម្រូវឱ្យបង់ប្រាក់នោះទេ ។
លោក សាង រ៉ា នាយកសាលាបឋមសិក្សាហ៊ុន សែន មនោរម្យបានឱ្យដឹងថា ក្នុងការចូលរួមធ្វើយុទ្ធនាការដង្ហែក្បួនដើម្បីជាការជូនដំណឹងនេះមានរយៈពេល១ព្រឹកគឺនៅព្រឹកថ្ងៃទី២៦ កញ្ញា ២០១២ តាមដងផ្លូវនានាក្នុងក្រុងសែនមនោរម្យ ។ សិស្សានុសិស្សមកពីសាលានានាទូទាំងក្រុង លោកគ្រូ អ្នកគ្រូ ព្រមទាំងព្រះសង្ឃ ផងធ្វើការហែក្បួននេះឡើងក្នុងគោលបំណងឱ្យ«កុមារទាំងអស់បានចូលរៀន» គឺមិនត្រូវបោះបង់ការសិក្សាឡើយ ។
កុមារទាំងអស់មានសិទ្ធិចុះឈ្មោះចូលរៀនមិនថា កុមារក្រីក្រ កុមារជាជនជាតិដើមភាគតិច ឬក៏កុមារពិការនោះឡើយ គឺត្រូវបានចុះឈ្មោះ និងបានចូលរៀនទាំងអស់គ្នា ដោយពុំមានបង់ប្រាក់នោះទេ ៕
ចែករំលែកព័តមាននេះ