យោងតាមអង្គការសិទ្ធិមនុស្សស៊ីរីOSDHស្និទ្ធពួកប្រឆាំងមានទីស្នាក់ការនៅទីក្រុងឡុងដ៍ថា អំពើហិង្សានយោបាយនៅស៊ីរីបណ្តាលឱ្យមនុស្សស្លាប់ជាង៣០.០០០នាក់ហើយភាគច្រើនជាជនស៊ីវិលតាំងពីចាប់ផ្តើមការបះបោរប្រឆាំងប្រធានាធិបតីលោកបាចាអាល់អាសាដពីពាក់កណ្តាលខែមីនាឆ្នាំ២០១១មក ។
OSDHបន្តថា ពាក់កណ្តាលនៃជនរងគ្រោះទាំងនោះត្រូវស្លាប់រយៈពេល៥ខែចុងក្រោយនេះ ។ លោករ៉ាមី អាប់ឌូលរ៉ាក់ម៉ាន់ដែលដឹកនាំអង្គការនោះបញ្ជាក់ថា មនុស្ស៣០.៧១៦នាក់ត្រូវស្លាប់ក្នុងរយៈពេល១៨ខែនៃជម្លោះ ក្នុងនោះ យ៉ាងតិច២១.៥៣៤នាក់ជាជនស៊ីវិលដោយមួយចំនួនចូលរួមក្នុងជួរពួកបះបោរប្រដាប់អាវុធ ។
OSDHរាយការណ៍ទៀតថា ទាហានរដ្ឋាភិបាល៧.៣២២នាក់ស្លាប់ ហើយទាហានរត់ចោលជួរចូលរួមជាមួយពួកឧទ្ទាម១.៨៦០នាក់ក៏ត្រូវស្លាប់ដែរ ។ រវាងពី៥០ទៅ៦០%នៃអ្នកស្លាប់ត្រូវបានជំរឿនឃើញរយៈពេល៥ខែចុងក្រោយនេះ ។កាលពីពេលមុនអាជ្ញាធរក្រុងដាម៉ាស់រាយការណ៍ពីសមាជិកកងកម្លាំងសន្តិសុខ២.៦០០នាក់ស្លាប់ដោយសារពួកបះបោរ ក៏ប៉ុន្តែពុំបានផ្តល់តុល្យការចាប់តាំងពីច្រើនខែមកហើយ ។
ចំពោះការវាយប្រហារអត្តឃាត២លើទីបញ្ជាការយោធានៅក្រុងដាម៉ាស់ កាលពីថ្ងៃទី២៦ កញ្ញា ទូរទស្សន៍រដ្ឋស៊ីរីរាយការណ៍ពីទាហានស្លាប់៤នាក់ ហើយមនុស្ស១៤នាក់ទៀតត្រូវរបួស ។ ទូរទស្សន៍នេះបញ្ជាក់ថាអ្នករបួសទាំង១៤នាក់ជាជនស៊ីវិល ៕
ចែករំលែកព័តមាននេះ