រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូងោកមួយផាំងទៅបុករថយន្តកូរ៉េពីក្រោយដែលកំពុងឈប់នៅចិញ្ចើមផ្លូវបណ្តាលឲ្យដួលបាក់កជើងខាងស្តាំ ចំណែករថយន្តបន្ទាប់ពីកើតហេតុបានបើកគេចបាត់ កាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ កញ្ញា ទល់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់តាមមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីសន្តិសុខនៅជិតកន្លែងកើតហេតុឲ្យដឹងថា រថយន្តកូរ៉េចតចិញ្ចើមផ្លូវនោះជារថយន្តដឹកទំនិញបើកតាមមហាវិថីម៉ៅសេទុងពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើរថយន្តឈប់អែបនៅចិញ្ចើមផ្លូវខាងស្តាំ ស្រាប់តែម៉ូតូសេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ បើកមកតាមក្រោយដោយសារអ្នកបើកម៉ូតូងោកមួយផាំងក៏ជ្រុលទៅបុកចំពីក្រោយរថយន្តនោះធ្វើឲ្យដួលបាក់កជើងខាងស្តាំ ។ ចំណែកម្ចាស់រថយន្តពេលឃើញហេតុការណ៍បែបនេះបានបន្ថែមល្បឿនបើករថយន្តបន្តទៅមុខទៀតធ្វើដូចអត់ដឹងរឿង ស្របពេលនោះមានម៉ូតូ២គ្រឿងជិះដេញតាមរថយន្តនោះប្រកៀកប្រកិត តែមិនអាចឃាត់រថយន្តនោះមិនបានទេ។
អ្នកជិះម៉ូតូសេ១២៥ ឈ្មោះ រ៉ូ សីហា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ចំណែកម៉ូតូដួលបែកចង្កៀងខាងមុខត្រូវបានប៉ូលិសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ៕
ចែករំលែកព័តមាននេះ