រាជធានីភ្នំពេញ ៖ ម៉ូតូបេស ពណ៌ក្រហម ជិះគ្នា៣នាក់ លើផ្លូវបញ្ច្រាសទៅបុកជាមួយម៉ូតូវីវ៉ា ពណ៌ខ្មៅ ជិះម្នាក់ឯង បណ្តាលឱ្យអ្នកបើកម៉ូតូវីវ៉ាដួលបែកមុខបែកមាត់ហូរឈាមតាមច្រមុះ ចំណែកភាគីខាងម៉ូតូបេសរងរបួសតិចតួចបាននាំគ្នារត់ចោលម៉ូតូទាំងបីនាក់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ កញ្ញា លើកំណាត់ផ្លូវជាតិលេខ៥ មុខផ្ទះលេខ១៦៨Eo ក្នុងភូមិសាមគ្គី សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ម៉ូតូបេស ជិះគ្នា៣នាក់ លើផ្លូវបញ្រ្ចាស ពីត្បូងទៅជើង ចំណែកម៉ូតូវីវ៉ា បើកពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើម៉ូតូបេសបានបុកជាមួយម៉ូតូវីវ៉ាពេញទំហឹង ធ្វើឱ្យម៉ូតូទាំងពីរខ្ទាតចេញពីគ្នាប្រមាណ១០មែ៉ត្រ ។ អ្នកបើកម៉ូតូវីវ៉ា ដួលបែកមុខបែកមាត់ហូរឈាមតាមច្រមុះ ចំណែកភាគីម៉ូតូបេសដួលរលាត់ដៃជើងតិចតួច បាននាំគ្នារត់ចោលម៉ូតូទាំងបីនាក់បាត់តែម្តង ។
ក្រោយពេលកើតហេតុរថយន្តសង្គ្រោះបានមកដល់ដើម្បីដឹកទៅព្យាបាល តែជនរងគ្រោះមិនព្រមឡើងរថយន្តទេ រង់ចាំបងប្អូនដឹកយកទៅព្យាបាលដោយខ្លួនឯង ។ ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ទួលសង្កែ រង់ចាំដោះស្រាយ ៕
ចែករំលែកព័តមាននេះ