ខេត្តតាកែវ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្តោយផ្លូវខេត្តលេខ១០៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១ លេខ២ បង្កឡើងដោយអ្នកជិះម៉ូតូ ខណៈដែលស្ត្រីរងគ្រោះជិះកង់ពីកើតទៅលិចខាងឆ្វេងដៃលុះជិះមកដល់កន្លែងកើតហេតុបានបត់ឆ្លងផ្លូវក៏ត្រូវម៉ូតូដែលបើកបញ្ច្រាសទិសគ្នាបុកពេញទំហឹងធ្វើឱ្យស្ត្រីរងគ្រោះស្លាប់នៅនឹងកន្លែង ឯអ្នកជិះម៉ូតូបានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក កាលពីវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី២៦ កញ្ញា ក្នុងភូមិទួលចា ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។
លោកវង់ ង៉ែត អធិការរងនគរបាលស្រុកសំរោងបានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះជុំ សារិន អាយុ៤៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ចំណែកអ្នកជិះម៉ូតូឈ្មោះម៉ម អឿន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅឡើងសេ៊រី២០១២ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ។
លោកអធិការរងបានបន្តទៀតថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានជិះកង់ម្នាក់ឯងពីកើតទៅលិចក្នុងចំណែកផ្លូវខាងឆ្វេងដៃលុះជិះមកដល់ចំណុចកើតហេតុស្ត្រីនោះបត់កង់ឆ្លងថ្នល់មកខាងស្តាំសំដៅចូលទៅតូបលក់គ្រឿងទេស ស្របពេលនោះមានម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ជិះពីលិចទៅកើតបានបុកស្ត្រីរងគ្រោះពេញទំហឹងបណ្តាលឱ្យអ្នកជិះកង់ស្លាប់ភ្លាមៗ ឯអ្នកជិះម៉ូតូរបួសធ្ងន់ ។
បច្ចុប្បន្នម៉ូតូនិងកង់ត្រូវប៉ូលិសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយតាមផ្លូវច្បាប់ ឯសពត្រូវក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ