ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​ប្រយោជន៍​នៃ​ការ​បំពាក់​ប្រព័ន្ធ GPS សម្រាប់​យានយន្ត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ GPS ជា​ប្រព័ន្ធ​ស្វែងរក​និង​កំណត់​ទីតាំង ព្រមទាំង​កំណត់​ពេលវេលា​គ្រប់​​លក្ខខណ្ឌ​អាកាសធាតុ គ្រប់​ទីកន្លែង​នៅ​ជិត​ផែនដី​ដែល​បំពាក់​ផ្កាយ​រណប ។ បច្ចុ​ប្បន្ន ប្រព័ន្ធ​នេះ​បាន​ក្លាយជា​ជំនួយការ និង​ជា​សន្ដិសុខ…

រាជធានី​ភ្នំពេញ ៖ GPS ជា​ប្រព័ន្ធ​ស្វែងរក​និង​កំណត់​ទីតាំង ព្រមទាំង​កំណត់​ពេលវេលា​គ្រប់​​លក្ខខណ្ឌ​អាកាសធាតុ គ្រប់​ទីកន្លែង​នៅ​ជិត​ផែនដី​ដែល​បំពាក់​ផ្កាយ​រណប ។ បច្ចុ​ប្បន្ន ប្រព័ន្ធ​នេះ​បាន​ក្លាយជា​ជំនួយការ និង​ជា​សន្ដិសុខ ដែល​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​ក្រុមហ៊ុន និង​ម្ចាស់​យានយន្ដ ព្រោះ​វា​មាន​តួនាទី​ស្វែងរក ការ​កំណត់​ទីតាំង និង​តាមដាន​ព័ត៌មាន​ផ្សេង​ៗ​ទៅ​តាម​គោលបំណង តួយ៉ាង​ដូច​ជា បំពាក់​ក្នុង​រថយន្ដ ឬ​ម៉ូតូ ដើម្បី​ការពារ​ពី​ការ​បាត់បង់​ក្នុង​ករណី​ចោរកម្ម​ជាដើម ។

អ្នក​ទទួលខុសត្រូវ​ផ្នែក​លក់​នៅ​ហាង​ផ្គត់ផ្គង់ និង​ដំឡើង GPS ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​១១១​អា ក្បែរ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​កាល់​ម៉ែ​ត បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា​ថា ការ​បំពាក់​ឧបករណ៍ GPS នៅ​តាម​យានយន្ដ គឺ​មាន​សារសំខាន់​ណាស់ ពិសេស​សម្រាប់​ក្រុមហ៊ុន​នានា ដើម្បី​ងាយស្រួល​តាមដាន​សកម្មភាព​ការងារ​បុគ្គលិក និង​យានយន្ដ ។ ចំណែក​ការ​បំពាក់​នៅ​ក្នុង​រថយន្ដ​គ្រួសារ​វិញ វា​ប្រៀប​ដូច​ជា​សន្ដិសុខ​យ៉ាង​សកម្ម​មួយ​របស់​ម្ចាស់​យានយន្ដ​ដែរ ។

លោក ឆ​ន សូលី​ដា អ្នក​ទទួលខុសត្រូវ​ផ្នែក​លក់​រូប​នេះ​បាន​និយាយ​ថា ៖« ដូច​យើង​ដឹង​ស្រាប់​ហើយ អត្ថប្រយោជន៍​របស់​វា​មាន​ច្រើន​ណាស់ ដូច​ជា មើល​ពី​ទិស​ដៅ​ដែល​យាន​យន្ដ​កំពុង​ធ្វើ​ចលនា មើល​ទីតាំង​នៃ​យានយន្ដ​ដែល​វា​ស្ថិត​នៅ និង​អាច​ពិនិត្យ​មើល​របាយ​ការណ៍​នៃ​ការ​បើកបរ​រហូត​ដល់​៣​ខែ​ឯណោះ ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​យើង​អាច​គ្រប់​គ្រង​យានយន្ដ​នៅ​ក្នុង​ដៃ​បាន​តែ​ម្ដង បើ​ទោះបីជា​យើង​មិន​ស្ថិត​នៅ​ជាមួយ​រថយន្ដ​ក៏​ដោយ តាម​រយៈ​ការ​បញ្ជា​ផ្ទាល់​ដោយ​ទូរស័ព្ទ​ដៃ ឲ្យ​តែ​ទូរស័ព្ទ​នោះ​មាន​អីុ​ន​ធើ​រ​ណេ​ត »។

លោក​បន្ដ​ថា ៖« អ្នក​ប្រើប្រាស់​គឺ​អាច​បញ្ជា​ពន្លត់​ម៉ាស៊ីន​យានយន្ដ​បាន​គ្រប់ពេលវេលា​ក្នុង​ករណី​មាន​ចោរលួច ហើយ​អាច​បញ្ជា​បញ្ឆេះ និង​ស្ដាប់​សំឡេង​អ្នក​នៅ​ក្នុង​រថយន្ដ​និយាយ​បាន​ទាំងអស់​តាម​ទូរស័ព្ទ​ដៃ ។ បើ​ចំពោះ​ក្រុមហ៊ុន​វិញ គេ​បំពាក់​ប្រព័ន្ធ​នេះ​សម្រាប់​តាម​ដាន​បុគ្គលិក​ថា តើ​បាន​អនុវត្ត​ទៅ​តាម​ទិស​ដៅ និង​ពេលវេលា​ដែល​ក្រុមហ៊ុន​បាន​កំណត់​ដែរ​ឬ​យ៉ាងណា » ។

ចំពោះ​ការ​ប្រើប្រាស់​វិញ បើ​តាម​ការ​បញ្ជាក់​ពី​លោក​សូលី​ដា បាន​ឲ្យ​ដឹង​ថា វា​មាន​លក្ខណៈ​​ងាយស្រួល​បំផុត ដោយ​គ្រាន់តែ​យក​ឧបករណ៍​GPS ទៅ​បំពាក់​នៅ​កន្លែង​សុវត្ថិភាព​ណាមួយ​នៃ​រថយន្ដ ឬ​ម៉ូតូ រួច​ដំឡើង​កម្មវិធី (App) នៅ​ក្នុង​ស្មា​ត​ហ្វូ​ន​ដើម្បី​តាមដាន​ជា​ការ​ស្រេច ។

ជាមួយ​គ្នា​នេះ អ្នក​ប្រើ​ទូរស័ព្ទ​ធម្មតា មិន​ចាំបាច់​មាន​អីុ​ន​ធើ​រ​ណេ​ត​ក៏​បាន ដោយ​គ្រាន់តែ​ផ្ញើ​​សារ​តាម​លេខ​កូដ​ដែល​ក្រុមហ៊ុន​ផ្ដល់​ជូន ដូច​ជា បញ្ជា​ឲ្យ​បញ្ឆេះ ឬ​ពន្លត់​រថយន្ដ ឬ​ម៉ូតូ​ជាដើម ហើយ​ក៏​អាច​ដឹង​ពី​ទីតាំង​ដែល​យានយន្ដ​ស្ថិត​នៅ​ដូច​គ្នា គ្រាន់តែ​វា​បង្ហាញ​សារ​ជា​អក្សរ​ប៉ុណ្ណោះ ។

ម្ចាស់​រថយន្ដ​មួយ​រូប​បាន​រៀបរាប់​ដោយ​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា រថយន្ដ​របស់​លោក​បាន​បំពាក់​ប្រព័ន្ធ​នេះ​រយៈពេល​២​ឆ្នាំ​ហើយ ។ ការ​សម្រេច​ចំណាយ​លុយ​ប្រចាំឆ្នាំ​ដើម្បី​បំពាក់​GPS​នេះ ព្រោះ​គិត​ថា វា​អាច​កាត់​បន្ថយ​ក្ដី​បារម្ភ​ពី​ការ​បាត់បង់​រថយន្ដ​បាន​ច្រើន ខណៈ​ដែល​រថយន្ដ​របស់​លោក​ផ្ញើ​នៅ​ហ្គា​រ៉ា​ស​នៅ​ពេល​យប់ ហើយ​ប្រសិនបើ​ករណី​ចោរលួច​យក​ទៅ ក៏​អាច​ដឹង​ពី​ទីតាំង​ដែល​រថយន្ដ​របស់​លោក​ស្ថិត​នៅ​ដែរ លើកលែងតែ​ចោរ​នោះ​វា​ដឹង​ពី​តាំង​ទុក​ដុំ​GPS ។

លោក​និយាយ​ថា ៖« ទម្រាំ​ទិញ​បាន​រថយន្ដ ត្រូវ​សន្សំ​លុយ​ទាំង​ពិបាក អីចឹង បើ​មានការ​បាត់បង់​ទៅ ពិតជា​គួរ​ឲ្យ​ស្ដាយ ព្រោះ​លុយ​សុទ្ធ​រកបាន​ដោយ​ញើស​ឈាម ។ ដូច្នេះ​ហើយ​ខ្ញុំ​សុខចិត្ត​ចំណាយ​លុយ​បំពាក់​GPS​នេះ ដើម្បី​តាមដាន និង​ដឹង​ពី​ទីតាំង​រថយន្ដ​របស់ខ្ញុំ ហើយ​អ្វី​កាន់តែ​ល្អ​នោះ ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ភរិយា​និង​កូន​ៗ​ខ្ញុំ ក៏​មិនសូវ​បារម្ភ​ដែរ ខណៈ​ដែល​ខ្ញុំ​ត្រូវធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត​ឆ្ងាយ » ។

លោក​បន្ដ​ថា ការ​បំពាក់​GPS​នេះ ដំបូង​លោក​ចំណាយ​ជិត​១០០​ដុល្លារ​សម្រាប់​ទិញ​ឧបករណ៍ និង​ភ្ជាប់​សេវា​រយៈពេល​១២​ខែ ហើយ​នៅ​ឆ្នាំ​បន្ទាប់ លោក​បាន​ចំណាយ​ប្រមាណ​​១៥​ដុល្លារ​ក្នុង​១​ឆ្នាំ ។ ដូច្នេះ បើ​គិត​ទៅ​ក្នុង​១​ខែ​ចំណាយ​តែ​ជាង​១​ដុល្លារ​ប៉ុណ្ណោះ ហើយ​វា​គឺជា​សន្តិសុខ​ដ៏​ចំណាប់​មួយ​សម្រាប់​យាម​រថយន្ដ ។

បើ​ទោះបីជា​ប្រព័ន្ធ​នេះ​ផ្តល់​អត្ថប្រយោជន៍ច្រើន តែ​វា​ក៏​ជា​ជំនួយការ​ដ៏​ស្មោះត្រង់​មួយ​សម្រាប់​ភរិយា​ផង​ដែរ ក្នុង​ករណី​ស្វាមី​ឧស្សាហ៍​ញ៉ាំ​អាហារ​ក្រៅ​ផ្ទះ ។

ជា​រឿយ​ៗ មាន​ព័ត៌មាន​បាន​ចុះ​ផ្សាយ​ជា​ហូរហែ​អំពី​ករណី​ភរិយា​លួច​បំពាក់​GPS ក្នុង​រថយន្ដ ដើម្បី​តាមដាន​សកម្មភាព​របស់​ស្វាមី ហើយ​ថែម​ទាំង​តាម​ទាន់​ជាន់កែង​ទៀត​ផង។ ដូច្នេះ ថ្វី​ដ្បិតតែ​វា​មានគុណ​សម្បត្តិ​ថែរក្សា​យានយន្ដ តែ​វា​ក៏​ជា​ជំនួយការ​ដ៏​ឆ្លាត​វៃ​ដើម្បី​តាមដាន​ស្វាមី​កំហូច​ផង​ដែរ ។

គួរ​ឲ្យ​ដឹងផង​ដែរ​ថា ប្រព័ន្ធ GPS ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ដោយ​ក្រសួង​ការពារជាតិ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​១៩៧៣ សម្រាប់​ទាហាន​អា​មេ​រិ​ក ហើយ​បាន​ធ្វើ​ប្រតិបត្តិការ​ពេញលេញ​នៅ​ឆ្នាំ​១៩៩៥ ។ នៅ​ឆ្នាំ​១៩៨០ ប្រព័ន្ធ​មួយ​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​លើ​ពិភពលោក​ប្រើប្រាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ